ចៅក្រមសាលាដំបូងម្នាក់ស្រវឹងចងកំហឹងជាមួយក្បាលមេក្រូអុកឡុកក្នុងហាងខារ៉ាអូខេ

សេចក្តីរាយការណ៍ពីខេត្តរតនគិរីបានឲ្យដឹងថា កាលពីរាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ម្សិលម្ង៉ៃនេះ សមត្ថកិច្ចបានចុះឃាត់ខ្លួនចៅក្រមសាលាដំបូងខេត្តរតនគិរីម្នាក់ ដោយសារចៅក្រមរូបនោះបានចូលទៅហូបចុក និងច្រៀងកម្សាន្តក្នុងហាងខារ៉ាអូខេមួយឈ្មោះ" Dance World KTV" ក្នុងបន្ទប់ឈ្មោះកោះកុង ឋិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ចាប់តាំងពីរសៀលរហូតដល់ម៉ោងប្រមាណជាង១៩យប់ ហើយស្រវឹងស្រាជោកជាំចងកំហឹងជាមួយក្បាលមេក្រូ អុកឡុកមិនព្រមទូទាត់ប្រាក់ឲ្យម្ចាស់ហាងខារ៉ាអូខេថែមទៀត ។
សមត្ថកិច្ចនគរបាលដែលចុះទៅអនុវត្តន៍ឃាត់ខ្លួនក្រុមអុកឡុកហាងខារ៉ាអូខេ Dance World បានឲ្យដឹងថា ចៅក្រមសាលាដំបូងខេត្តរតនគិរីដែលត្រូវបានឃាត់ខ្លួនទាំងយប់នោះ មានឈ្មោះ អេង ចំនាប់ ស្នាក់នៅភូមិបុរីកម្មករ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។ មុនពេលកើតហេតុ លោកចៅក្រមរូបនេះជាមួយគូកនចំនួនពី៣នាក់ទៅ៤នាក់ទៀតជាមន្ត្រីកងកម្លាំងប្រដាប់អាវុធ ដូចជា កងរាជអាវុធហត្ថ និងនគរបាលជាតិ មិនស្គាល់ឈ្មោះ បានចូលទៅហូបចុកនិងច្រៀងកម្សាន្តក្នុងហាងខារ៉ាអូខេ Dance World តាំងពីម៉ោង១៥រសៀលរហូតដល់ពេលកើតហេតុ អស់ទឹកប្រាក់ចំនួន៨២១.០០០រៀល ។ ដល់ពេលហូបចុកស្រវឹង លោកចៅក្រមរូបនេះក៏ចងកំហឹងជាមួយក្បាលមេក្រូ(បោកក្បាលមេក្រូ)ផង បត់ជើងតូចក្រៅបង្គន់អនាម័យផង ព្រួសស្រាបៀរដាក់មុខនារីបម្រើខារ៉ាអូខេផង ដកកាំភ្លើងខ្លីបង្វិលចុះឡើងអួតក្អេងក្អាង មើលងាយមើលថោកទៅលើបុគ្គលិកនារីបម្រើការងារក្នុងហាងខារ៉ាអូខេផង និងមិនព្រមទូទាត់លុយឲ្យម្ចាស់ហាងខារ៉ាអូខេផង ។
មន្ត្រីនគរបាលខេត្តរតនគិរីម្នាក់បានបង្ហើបប្រាប់ឲ្យដឹងថា កាលពីឆ្នាំ២០១៣កន្លងទៅ លោកចៅក្រម អេង ចំនាប់ ខណៈពេលហូបចុកជាមួយមិត្តភក្តិធ្វើការនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកកូនមុំ ស្រវឹងស្រាទាំងកណ្តាលអធ្រាត្រ រួចហើយក៏នាំគ្នាបើកបរប្រណាំងរថយន្តទំនើបរបស់ពួកខ្លួនតាមបណ្តោយផ្លូវលេខ៧៨ បណ្តាលឲ្យជ្រុលចង្កូតទៅបុករបងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តរតនគិរី បាក់អស់ចំនួន៤ទៅ៥ផ្ទាំង ។
គេហទំព័រសារព័ត៌មានដើមត្នោតមិនទាន់ទទួលបានការបកស្រាយបំភ្លឺបញ្ជាក់ណាមួយនៅឡើយពីលោកចៅក្រម អេង ចំនាប់ ទាក់ទងនឹងរឿងអាស្រូវអុកឡុកហាងខារ៉ាអូខេ Dance World នេះ ខណៈប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា ភាគីលោកចៅក្រម និងភាគីម្ចាស់ហាងខារ៉ាអូខេនឹងចរចាសម្រុះសម្រួលគ្នា ជៀសវាងមានរឿងរ៉ាវវែងឆ្ងាយ ។
ថ្វីដ្បិតមិនទាន់មានច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញាយកមកប្រើប្រាស់ជាធរមានក៏ដោយ ក៏ប្រការ២៥នៃក្រមសីលធម៌ចៅក្រម ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០៧ បានចែងថា "ចៅក្រមក៏គួរជៀសវាងផងដែរនូវកន្លែងកម្សាន្តដែលមិនមានសេចក្តីថ្លៃថ្នូរគ្រប់គ្រាន់" ។ ឥឡូវ លោកចៅក្រម អេង ចំនាប់ បានបង្កការអុកឡុកក្នុងហាងខារ៉ាអូខេទាំងយប់ដូច្នេះ តើក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនឹងមានវិធានការយ៉ាងណាទៅលើលោកចៅក្រមរូបនេះ ?
លោក អេង ចំនាប់ ជាសិស្សចៅក្រមជំនាន់ទី៤សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ហើយត្រូវបានចាត់ឲ្យបម្រើការងារជាចៅក្រមកម្មសិក្សានៅសាលាដំបូងខេត្តរតនគិរី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១១/២៣៣ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១១ និងក្រោយមក ត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌអង្គចៅក្រមជាចៅក្រមសាលាដំបូងខេត្តរតនគិរី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១២/៥៩១ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ៕



Source from: www.dtn7.com























Loading...




Post a Comment