
បុរសរស់នៅខេត្តព្រះសីហនុម្នាក់ មិនដឹងជាមានគំនុំជាមួយប្រពន្ធពីអង្កាល់ណា បានដាច់ចិត្តចាប់ជើងកូនស្រីរបស់ខ្លួនជាទារិកាទើបមានអាយុជាង២ខែ បោកផ្ទប់ទៅនឹងជញ្ជាំងផ្ទះបណ្តាលឲ្យស្លាប់ភ្លាមៗព្រោះតែប្រពន្ធបានតមាត់ជជែកគ្នាបន្តិចបន្តួចអំពីរឿងបោកគក់ខោអាវ។
ហេតុការណ៍ឪពុកធ្វើឃាតកូនស្រីបង្កើតរបស់ខ្លួនដោយចេតនានេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង៣៥នាទីយប់ នាថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០១៣ ម្សិលមិញ ឋិតនៅភូមិព្រៃនប់១ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ឪពុកចិត្តអប្រិយដាច់ចិត្តសម្លាប់កូនស្រីរបស់ខ្លួនព្រោះមានកំហឹងជាមួយប្រពន្ធមានឈ្មោះ ជាង មាឃ ហៅចាន់ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត និងប្រពន្ធឈ្មោះ ជួន ធា អាយុ២៦ឆ្នាំ។ រីឯទារិការងគ្រោះមានឈ្មោះ ជាង នីកា អាយុ២ខែ១០ថ្ងៃ មានទីលំនៅកន្លែងកើតហេតុខាងលើ។
ស្ត្រីជាម្តាយរបស់ទារិការងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នាងនិងប្តីទើបបានរៀបការនឹងគ្នាបាន២ឆ្នាំ ហើយមានកូនស្រីទើបនឹងកើតនេះ មុនពេលកើតហេតុនាងនិងប្តីបានសម្រាកលេងជាមួយគ្នារួមទាំងកូនស្រីផង ដោយបានជជែកគ្នាពីរឿងបោកគក់ខោអាវ។ ដំបូងនិយាយពាក្យពិរោះអូនបងដាក់គ្នាធម្មតា លុះជជែកយូរៗទៅក៏កើតមានជម្លោះតឹងសសៃក ដាក់គ្នា ហើយស្រាប់តែប្តីរបស់នាងនិយាយថា ឈាមមួយដុំបោះវាចោលក៏បាន។ និយាយមិនទាន់ផុតពីមាត់ផងប្តីរបស់នាងក៏បានស្ទុះទៅចាប់ជើងកូនស្រីដែលកំពុងដេកលក់បោកផ្ទប់ទៅនឹងជញ្ជាំងថ្ម បណ្តាលឲ្យបាក់ក និងខ្ទេចគ្រឿងក្នុងស្លាប់ភ្លាមៗនៅក្នុងផ្ទះរួចហើយឪពុកចិតអប្រិយនោះក៏បានរត់គេចខ្លួនបាត់ស្រមោលពីផ្ទះទៅ បន្សល់ទុកនៅឲ្យរូបនាងជាម្តាយយំឱបសពកូនស្រីយ៉ាងសង្វេគ។
ឥឡូវ សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនជនសង្ស័យដែលជាឪពុកចិត្តអប្រិយនោះ យកមកផ្តន្ទាទោសតាមច្បាប់៕
Source from: www.dtn7.com























Loading...




Post a Comment