
ថ្វីដ្បិតតុលាការសាលាដំបូងខេត្តកណ្តាលដែលមានលោកចៅក្រម វេង ហ៊ត់ អនុប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនក្រុមឆ្មាំព្រះរាជទ្រព្យ ឬភ្នំឧដុង្គ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣ម្សិលមិញ ពាក់ព័ន្ធនឹងករណីបាត់ព្រះសុវណ្ណកោដ្ឋ តម្កល់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធរួចហើយក៏ដោយ ក៏ប៉ុន្តែមជ្ឈដ្ឋានអ្នកវិភាគកិច្ចការសាសនានៅកម្ពុជា បានសម្តែងនូវការមិនទាន់ជឿជាក់ថា ក្រុមឆ្មាំទាំង៥នាក់នោះថ្លើមធំ ពណ៌ខ្មៅ ហ៊ានដល់ថ្នាក់លួចព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធដែលជាបទល្មើសបំផ្លាញសាសនារបស់ជាតិដ៏ធំធេងឡើយ។
ក្រុមអ្នកវិភាគកិច្ចការច្បាប់ និងកិច្ចការសាសនានៅកម្ពុជា បានលើកឡើងថា រឿងបាត់បង់ព្រះសុវណ្ណកោដ្ឋតម្កល់ព្រះបរមសារីរិកធាតុនោះ វាជារឿងល្មមទេ ប៉ុន្តែរឿងដែលសំខាន់បំផុត និងគួរឲ្យភ្ញាក់ផ្អើលបំផុត ព្រមទាំងសោកស្តាយបំផុតគឺការបាត់បង់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ ដែលកម្ពុជាទទួលបានមកដោយកម្របំផុត សូម្បីតែប្រទេសកាន់សាសនាព្រះពុទ្ធមួយចំនួនក៏គ្មានវាសនានឹងទទួលបានផង។
មជ្ឈដ្ឋានអ្នកច្បាប់បានលើកឡើងថា លទ្ធផលនៃការឆែកឆេរលំនៅឋានរបស់ឈ្មោះ ផែ សុខែម ជាប្រធានក្រុមឆ្មាំភ្នំព្រះរាជទ្រព្យទោះបីបានរកឃើញមានព្រះបដិមាករ និងវត្ថុបុរាណមានតម្លៃជាច្រើនមុខក៏ពិតមែន ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់ប្រាប់ថា ឆែកឆេររកឃើញព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធនោះនៅឡើយទេ «សូមចូលអានគេហទំពសារព័ត៌មានដើមត្នោតចុះផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣បន្ថែម»។
អ្នកជំនឿលើសាសនាបានលើកឡើងថា ការបាត់បង់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធពីទីតាំងតម្កល់នៅភ្នំព្រះរាជទ្រព្យកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ គឺជាប្រផ្នូលអាក្រក់របស់អ្នកគ្រប់គ្រងប្រទេស ហើយអាចមានអ្នកជឿក្នុងផ្លូវងងឹតណាមួយចង់កម្ទេចបំផ្លិចបំផ្លាញព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធជាអម្ចាស់ចោលជាអសាបង់។
ទោះយ៉ាងណាក៏ដោយ ករណីបាត់បង់ព្រះសារីរិកធាតុព្រះសម្មាសម្ពុទ្ធដ៏គួរឲ្យសោកស្តាយនេះ ត្រូវទុកឲ្យស្ថាប័នតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលមានគ្នីគ្នាច្រើនដូចស្រមោចបច្នុប្បន្នចាត់ការជាសមត្ថកិច្ចតទៅទៀតចុះ តើអាចមានសង្ឃឹមរកឃើញព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធវិញដែរឬទេ ខណៈដែលគេរិះគន់ថា មកពីអសមត្ថភាពរបស់រាជរដ្ឋាភិបាល? ឬក៏ចម្លើយចុងក្រោយឆ្លើយថា បាត់បង់ហើយ? តើនរណាជាចោរបំផ្លិចបំផ្លាញសាសនាពិតប្រាកដ នាសម័យព្រះរាជាណាចក្រកម្ពុជាទី២ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនេះ?៕


Source from: www.dtn7.com























Loading...




Post a Comment