លិខិតបដិសេធរបស់ បញ្ញត្តិករទូរគមនាគមន៍កម្ពុជា បង្ហាញពីភាពស្អាតស្អំ តែមិនទាន់មានន័យគ្រប់គ្រាន់ សម្រាប់ការកែទម្រង់ស៊ីជម្រៅ
រាជធានីភ្នំពេញ៖ទន្ទឹមពេលមានការរិះគន់ពីភាពអសកម្មនិងអំពើបក្ខពួកនិយមក្រោមការចាត់ចែងរបស់លោកសារ៉ាក់ខាន់រាជធានីភ្នំពេញ ៖ ទន្ទឹមពេលមានការរិះគន់ ពីភាពអសកម្ម និងអំពើបក្ខពួកនិយម ក្រោមការចាត់ចែងរបស់លោក សារ៉ាក់ ខាន់ ជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្រាប់តែ បញ្ញត្តិករទូរគមនាគមន៍កម្ពុជា បានចេញលិខិតមួយច្បាប់ ច្រានចោលព័ត៌មានទាំងនេះ ដោយបញ្ជាក់ថា ជារឿងមិនពិត ហើយបើតាមខ្លឹមសារលិខិតនោះ មើលទៅដូចជា មន្ត្រីដែលរងការិះគន់ទាំងនោះ មានភាពស្អាតស្អំ ធ្វើការបម្រើអង្គភាព ស៊ីតែប្រាក់ខែបន្តិចបន្តួច ក្នុងក្របខណ្ឌរដ្ឋសុទ្ធសាធ តែជីវភាពរបស់មន្ត្រីទាំងនោះ មានបានសម្បើមណាស់។
លិខិតមួយនោះ បានដាក់ចំណងជើងធំៗថា “ លិខិតបដិសេធ ” គ្មានលេខ ចុះថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៤ ដោយលើកឡើងថា “ ក្នុងពេលថ្មីៗនេះ មានសារព័ត៌មាន និងគេហទំព័រមួយចំនួន បានចុះផ្សាយអត្ថបទ ដោយមានចេតនា បង្កាច់បង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំនៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបញ្ញត្តិករទូរគមនាគមន៍កម្ពុជា។ ការចោទប្រកាន់ទាំងនោះ ខុសពីការពិតទាំងស្រុង ដែលមិនអាចទទួលយកបានឡើយ។ បញ្ញត្តិករទូរគមនាគមន៍កម្ពុជា សូមបដិសេធចំពោះ អត្ថបទបែបនេះ ហើយសូមបណ្តា សារព័ត៌មាន និងគេហទំព័រទាំងនោះ ធ្វើការកែតម្រូវឡើងវិញ”។
ទោះជាលិខិតបដិសេធនេះ មិនបានផ្ញើទៅកាន់ សារព័ត៌មាន ដែលបានចុះផ្សាយ ពីភាពអសកម្មទាំងនេះ ដោយផ្ទាល់ឬបដិសេធ ត្រង់ចំណុចណាមួយក៏ដោយ ក៏អាចចាត់ទុកថា ជាសិទ្ធិក្នុងការបំភ្លឺ របស់មន្ត្រីពាក់ព័ន្ធ ដើម្បីកុំឲ្យមានការយល់ច្រឡំ។ យ៉ាងណាក៏ដោយ ក្នុងអាណត្តិថ្មីនេះ សម្តេច ហ៊ុន សែន បានណែនាំឲ្យ មន្ត្រីទាំងអស់ ដែលពាក់ព័ន្ធក្នុងការប្រមូលចំណូលជូនរដ្ឋ ត្រូវប្តេជ្ញាធ្វើការកែទម្រង់ ឲ្យបានស៊ីជម្រៅ តាមរយះការឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែលខ្លួនឯង ឡើងវិញ ដើរឲ្យទាន់សភាពការណ៍ ព្រោះគ្មានការយោគយល់ ចំពោះមន្ត្រីដែលអសកម្មទៀតទេ។
លិខិតបដិសេធនេះ ហាក់ដូចជាមិនទាន់ មានន័យគ្រប់គ្រាន់នៅឡើយទេ គឺគេចង់ឃើញលោក ប្រាក់ សុខុន បើកការស៊ើបអង្កេត ឲ្យបានស៊ីជម្រៅ លើភាពអសកម្ម អំពើបក្ខពួកនិយម និងលក្ខណសម្បត្តិ របស់ក្រុមមន្ត្រី នៅក្នុងអង្គភាព បញ្ញត្តិករទូរគមនាគមន៍កម្ពុជា ឡើងវិញផង ដើម្បីកុំឲ្យមានមន្ទិលសង្ស័យ។ ដោយឡែក អង្គភាពប្រឆាំងអំពើពុករលួយ គួរតែមានចំណែកស៊ើបអង្កេត ពីបញ្ហាប្រាក់បំណុល ឬចំណូលរបស់ បញ្ញត្តិករទូរគមនាគមន៍កម្ពុជា ដើម្បីធានាថា មានការបង់ចូល ក្នុងខ្ទង់ថវិកាជាតិ បានគ្រប់ចំនួនឬក៏អត់ ?
ជាពិសេសភាពមានបានរបស់ មន្ត្រីធំៗក្នុងអង្គភាព បញ្ញត្តិករទូរគមនាគមន៍កម្ពុជា ដែលគេមើលឃើញថា មិនមានតុល្យភាពទៅនឹង ប្រាក់ខែក្នុងក្របខណ្ឌរាជការ ក៏គួរតែមានស៊ើបអង្កេត ផ្ទៀងផ្ទាត់ជាមួយ លិខិតប្រកាសទ្រព្យសម្បត្តិ និងបំណុលផងដែរ។ ព្រោះគេជឿជាក់ថា ប្រាក់ខែ ក្នុងក្របខណ្ឌរាជការ របស់មន្ត្រីធំៗក្នុងអង្គភាព បញ្ញត្តិករទូរគមនាគមន៍កម្ពុជា សឹងថា ទៅផ្សារទិញម្ហូបមិនគ្រប់ផង ចុះមានលុយមកពីណា សម្រាប់ចុះមូលដ្ឋាន ? យ៉ាងក៏ដោយ វត្តភ្នំ សូមបួងសួងឲ្យ មន្ត្រីធំៗក្នុងអង្គភាព បញ្ញត្តិករទូរគមនាគមន៍កម្ពុជា សុទ្ធតែស្អាតស្អំ ដូចខ្លឹមសារបដិសេធនោះទៅចុះ៕
Source from: watphnom-news.com























Loading...




Post a Comment