Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ករណី​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ដែល​តុលាការ​ដោះ​លែង​ តែ​ចៅហ្វាយខេត្ត​បញ្ជា​ឲ្យ​ចាប់ខ្លួន​មក​វិញ​ក្លាយជា​ប្រធានបទ​ក្តៅ​នៅ​ខេត្តពោធិ៍សាត់​

​ប្រិ​យ​មិត្ត​អ្នក​អាន​នឹង​អាច​នៅ​ចង​ចាំ​បាន​នូវ​ព្រឹត្តិការណ៍​យ៉ាង​កក្រើក​ក្នុង​ស្ថាប័ន​តុលាការ​ កាលពីដើម​ឆ្នាំ​២០០៥​កន្លង​ទៅ​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ បាន​ប្រើ​កណ្តាប់ដៃ​ដែក​បញ្ជា​ឲ្យ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​តាម​ចាប់ខ្លួន​ឧក្រិដ្ឋជន​មួយ​ចំនួន​មក​វិញ​ បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង​រួច​ហើយ​ ដោយ​ស្ថាប័ន​សាលាដំបូង​រាជធានី​ភ្នំពេញ​(​អតីត​តុលាការក្រុង​ភ្នំពេញ​)​ ធ្វើ​ឲ្យ​ចៅក្រម​-​ព្រះរាជអាជ្ញា​មួយ​ចំនួន​ជ្រួលច្របល់​រត់​ចែក​ជើង​គ្នា​ ខ្លះ​ត្រូវ​ទទួល​រង​ការ​ផ្តន្ទាទោស​ ខ្លះ​ត្រូវ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ចៅក្រម​ និង​ខ្លះ​ទៀត​ត្រូវ​ជាប់​ទណ្ឌកម្ម​វិន័យ​ផ្លាស់​ប្តូរ​ប៉ុស្តិ៍​ធ្វើការ​ ឬ​បញ្ឈរជើង​ដោយ​បង្ខំ​ ។​ ឥឡូវ​ ករណី​ស្រ​ដៀង​គ្នា​នេះ​ កំពុង​កើត​មាន​ឡើង​យ៉ាង​គគុក​ ដោយ​ជនសង្ស័យ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​គ្រឿន​ញៀន​ ដែល​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ចាប់ខ្លួន​ និង​បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ​ តែ​ត្រូវ​សាលាដំបូង​ខេត្តពោធិ៍សាត់​ មាន​លោក​ចៅក្រម​ដល់​អាយុ​ចូល​និវត្តន៍​ តែ​មិន​ព្រម​ចូល​និវត្តន៍​ ថោ​ង​ អុល​ ជា​ប្រធាន​ ធ្វើការ​ដោះ​លែង​ ជា​ហេតុ​នាំ​ឲ្យ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្តពោធិ៍សាត់​ ចេញ​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ទាំងនោះ​យក​មក​វិញ​ ។​

​ប្រភព​ព័ត៌មាន​ពី​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់​ គឺ​ឈ្មោះ​ នួន​ បញ្ញា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ និង​ឈ្មោះ​ ម៉ុ​ត​ រ៉ា​ឌី​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ ត្រូវ​បាន​កងកម្លាំង​នគរបាល​ក្រុង​ពោធិ៍សាត់​ចាប់ខ្លួន​កាលពី​វេលា​ព្រឹក​ នា​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៤​ និង​បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្តពោធិ៍សាត់​ ខណៈ​ដែល​ជនសង្ស័យ​ទាំង​២​នាក់​នោះ​សមត្ថកិច្ច​ធ្វើតេស្ត​ត្រួតពិនិត្យ​ទឹកនោម​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ ប៉ុន្តែ​នា​រសៀល​ថ្ងៃ​ដដែល​ត្រូវ​បាន​តុលាការ​ធ្វើការ​ដោះ​លែង​វិញ​ ។​ ក្រោយមក​ ទើប​ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្តពោធិ៍សាត់​ ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ ដែល​តុលាការ​ធ្វើការ​ដោះ​លែង​នោះ​មក​វិញ​ ។​

​លោក​ឧត្តមសេនីយ៍ត្រី​ សា​រុន​ ចាន់​ធី​ ស្នងការ​នគរបាល​ខេត្ត​ពោ​ធិ័​សាត់​ បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញ​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ឯកឧត្តម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​បញ្ជា​ឲ្យ​ចាប់ខ្លួន​មក​វិញ​នោះ​ គឺ​សមត្ថកិច្ច​ចាប់​បាន​ម្នាក់​ហើយ​ ដោយឡែក​ម្នាក់​ទៀត​បាន​គេចខ្លួន​បាត់​ពី​មូលដ្ឋាន​ ប៉ុន្តែ​សមត្ថកិច្ច​នឹង​ស្វែងរក​ចាប់ខ្លួន​បន្ត​ទៀត​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ប្រសិនបើ​ការ​ស៊ើប​អ​ងេ្ក​តរក​ឃើញ​ថា​ ការ​ដោះ​លែង​ជនសង្ស័យ​ទាំង​២​នាក់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន​ដូច​សមត្ថកិច្ច​នគរបាល​អះអាង​នោះ​ មាន​ភាព​មិន​ប្រក្រតី​ចេញពី​ស្ថាប័ន​តុលាការ​ប្រាកដ​មែន​ គឺ​អាជ្ញាធរ​ត្រូវ​តែ​បន្ត​បើក​ការ​ស្រាវជ្រាវ​ទៅ​លើ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ដែល​សម្រេច​ដោះ​លែង​ជនសង្ស័យ​ទាំង​២​នាក់​ឲ្យ​ដល់​ឫសគល់​ ដូចដែល​បុរស​ខ្លាំង​ធ្លាប់​បាន​ប្រើ​កណ្តាប់ដៃ​ដែក​វាយ​ទៅ​លើ​ស្ថាប័ន​តុលាការ​ កាលពី​អំឡុង​ដើ​ប​ឆ្នាំ​២០០៥​កន្លង​មក​ ។​ ផ្ទុយ​ទៅ​វិញ​ បើ​ស្រាវជ្រាវ​រក​ឃើញ​ថា​ ការ​ដោះ​លែង​ជនសង្ស័យ​ដោយ​ស្ថាប័ន​តុលាការ​មាន​ភាព​ត្រឹមត្រូវ​នោះ​ គឺ​ឯកឧត្តម​ ម៉ៅ​ ធនិន​ ត្រូវ​តែ​ទទួលទោស​ទណ្ឌ​វិញ​ពី​បទ​ជ្រៀតជ្រែក​ និង​រំលោភ​លើ​ការ​សម្រេច​របស់​ស្ថាប័ន​តុលាការ​ ដូច​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​នែ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​គួរ​រំលឹក​ជូន​ថា​ កាលពី​ខែមីនា​ ឆ្នាំ​២០០៥​ យោង​តាម​របាយការណ៍​ចុះ​ខែកុម្ភៈ​ ឆ្នាំ​២០០៥​ របស់​ក្រសួងមហាផ្ទៃ​ បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ បាន​បញ្ចេញ​កណ្តាប់ដៃ​ដែក​បង្គាប់បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ស្វែងរក​ចាប់ខ្លួន​ទណ្ឌិត​មួយ​ចំនួន​ដែល​ត្រូវ​បាន​តុលាការ​ដោះ​លែង​មាន​ភាព​មិន​ប្រក្រតី​ ទាក់ទង​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​មក​វិញ​ និង​បាន​បង្គាប់​ឲ្យ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ធ្វើការ​ដាក់​វិន័យ​ ព្រមទាំង​ប្តឹងផ្តល់​ទៅ​លើ​ចៅក្រម​-​ព្រះរាជអាជ្ញា​ជា​ច្រើន​នាក់​ដែល​ប្រព្រឹត្ត​ខុសឆ្គង​ទៅ​ស្ថាប័ន​តុលាការ​ ដោយ​ចាត់​ទុក​ថា​ ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​ ៕​

Mao-Thornin Pursat-90


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item