Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ចៅអធិការ​វត្ត​ទួល​ក្រសាំង​ឆាន់​ស្រាស្រ​វឹង​បើករថយន្ត​ធ្លាក់​ផ្លូវ​បុក​ខ្ទេច​ស្លាក​មណ្ឌល​សុខភាព​និង​បង្គោល​ភ្លើង​

​នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច​ នា​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៤​នេះ​ ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​២១B​ ភូមិ​ទេព​អរជូន​ ឃុំ​កោះ​ខែល​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ ដោយ​រថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​ PAJERO​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2F-0003​ បើកបរ​ដោយ​ព្រះ​ចៅអធិការ​វត្ត​ទួល​ក្រសាំង​ ឆាន់​ស្រា​ស្រវឹង​ រួម​ដំណើរ​ជាមួយ​ព្រះសង្ឃ​ និង​សិស្ស​លោក​ចំនួន​៤​អង្គ​-​នាក់​ទៀត​ បើក​ធ្លាក់​ផ្លូវ​ជ្រុល​ទៅ​បុក​ស្លាក​មណ្ឌល​សុខភាព​ឃុំ​កោះ​ខែល​ បង្គោល​ភ្លើង​១​ដើម​លេខ​ NR857​ និង​ជ្រុល​ទៅ​បុក​ដើម​អំពិល​ទឹកបាក់​អស់​១​ដើម​ទៀត​ ទើប​ទៅ​មុខ​លែង​រួច​តែ​ម្តង​ ។​

​ព្រះ​ចៅអធិការ​វត្ត​ទួល​ក្រសាំង​ដែល​ឆាន់​ស្រា​ស្រវឹង​បើកបរ​រថយន្ត​ធ្លាក់​ផ្លូវ​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​ស្លាក​សញ្ញា​មណ្ឌល​សុខភាព​ឃុំ​កោះ​ខែល​ និង​បង្គោល​ភ្លើង​ឲ្យ​បាក់​រលំ​អស់​១​ដើម​ តែ​សំណាងល្អ​គ្មាន​មនុស្ស​រង​របួស​នោះ​ មាន​ព្រះ​នាម​ ខាន់​ ហេង​ ព្រះ​ជន្ម​៥៦​ព្រះ​វស្សា​ និង​អ្នក​រួម​ដំណើរ​ចំនួន​៤​អង្គ​-​នាក់​ទៀត​ រួម​មាន​ ៖​ ១-​ព្រះសង្ឃ​ព្រះ​មាន​ ផង់​ មាស​ ព្រះ​ជន្ម​៧០​ព្រះ​វស្សា​ គង់នៅ​វត្ត​ទួល​ក្រសាំង​,​ ២-​ព្រះសង្ឃ​ព្រះ​នាម​ ផ​ន​ សុខុម​ ព្រះ​ជន្ម​៥០​ព្រះ​វស្សា​ គង់នៅ​វត្ត​ទួល​ក្រសាំង​,​ ៣-​ព្រះសង្ឃ​ព្រះ​នាម​ ស៊ឹ​ម​ ស៊ុន​ហុង​ ព្រះ​ជន្ម​១៧​ព្រះ​វស្សា​ គង់នៅ​វត្ត​ទួល​ក្រសាំង​ និង​៤-​ឈ្មោះ​ សុខ​ ឡេ​ង​ ភេទ​ប្រុស​ អាយុ​១៣​ឆ្នាំ​ ជា​កូនសិស្សលោក​ ។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ព្រះ​ចៅអធិការ​វត្ត​ទួល​ក្រសាំង​ និង​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​បាន​នាំ​គ្នា​និមន្ត​ចេញពី​វត្ត​ទួល​ក្រសាំង​ ទៅ​ចូលរួម​បុណ្យសព​បិតា​របស់​ព្រះ​តេជគុណ​ ខាន់​ ហេង​ ជា​ចៅអធិការ​វត្ត​ នៅ​ភូមិ​តា​អី​ ឃុំ​បា​ស្រែ​ ស្រុក​អង្គរបុរី​ ខេត្តតាកែវ​ បើកបរ​រថយន្ត​ដោយ​ផ្ទាល់​ព្រះ​អង្គ​ និង​ពេល​និមន្ត​ត្រឡប់​មក​វិញ​ មក​ដល់​ចំណុច​កើតហេតុ​ រថយន្ត​ក៏​ធ្លាក់​ផ្លូវ​ជ្រុល​ចង្កូត​ទៅ​បុក​ស្លាក​សញ្ញា​មណ្ឌល​សុខភាព​ឃុំ​កោះ​ខែល​ បង្គោល​ភ្លើង​១​ដើម​ និង​ដើម​អំពិលទឹក​១​ដើម​ទៀត​ឲ្យ​បាក់​ខ្ទេច​អស់​ ។​

​នៅ​ក្រោយ​ពេល​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ ខេត្តកណ្តាល​ បាន​វាស់​កម្រិត​ជាតិ​អាល់កុល​ទៅ​លើ​ព្រះ​តេជគុណ​ ខាន់​ ហេង​ ជា​ចៅអធិការ​វត្ត​ទួល​ក្រសាំង​ ដោយ​មាន​គ្រង​ឯកសណ្ឋាន​អាវ​ប៉ា​រ៉ា​ និង​មាន​ស្លាក​សញ្ញា​ជា​កងរាជអាវុធហត្ថ​ទៀត​នោះ​ មាន​កម្រិត​១,០៦​មី​ល្លី​ក្រាម​ក្នុង​១​លី​ត្រ​ខ្យល់​ និង​ព្រះ​តេជគុណ​ ផ​ន​ សុខុម​ មាន​កម្រិត​ជាតិ​អាល់កុល​ចំនួន​១,០៩​មី​ល្លី​ក្រាម​ក្នុង​១​លី​ត្រ​ខ្យល់​ រីឯ​អ្នក​ផ្សេង​ទៀត​មិន​មាន​ជាតិ​ស្រវឹង​នៅ​ក្នុង​ខ្លួន​ទេ​ ។​

​អនុលោម​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ត្រង់​មាត្រា​៧៦​ បាន​ចែង​ថា​ "​ជន​ណា​បើកបរ​យានជំនិះ​នៅ​ពេល​ដែល​ខ្លួន​ឋិត​នៅ​ក្នុង​ភាព​ស្រវឹង​ដោយ​មាន​ជាតិ​អាល់កុល​ចាប់ពី​០,៤០​មី​ល្លី​ក្រាម​ក្នុង​១​លី​ត្រ​ខ្យល់​ ឬ​ចាប់ពី​០,៨​ក្រាម​ក្នុង​១​លី​ត្រ​ឈាម​ឡើង​ទៅ​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ថ្ងៃ​ទៅ​៦​ខែ​ ឬ​/​និង​ពិន័យ​ជា​ប្រាក់​ពី​២៥.០០០​រៀល​ ទៅ​១.០០០.០០០​រៀល​"​ ។​ ដូច្នេះ​ នៅ​ក្នុង​ករណី​ចៅអធិការ​វត្ត​ទួល​ក្រសាំង​ឆាន់​ស្រា​ស្រវឹង​ បើករថយន្ត​ធ្លាក់​ផ្លូវ​នេះ​ គេ​រង់ចាំ​មើល​ថា​ តើ​ច្បាប់​ និង​ក្រសួង​ធម្មការ​និង​សាសនា​ ក៏​ដូច​ជា​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកណ្តាល​ ចាត់ការ​យ៉ាងណា​ដែរ​ ឬ​ក៏​ចាត់ទុកជា​រឿង​ធម្មតា​ ?​ ៕​

Kandal-Monk-1 Kandal-Monk-6 Kandal-Monk-2


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item