ឧកញ៉ាប្អូនប្តឹងឧកញ៉ាបងពីបទរំលោភលើទំនុកចិត្ត(លួចលក់ផ្ទះ)នាំឲ្យសមត្ថកិច្ចឃាត់ខ្លួនឧកញ៉ាបងបង្កើតទាំងមានជំងឺប្រចាំកាយ

ប្រភពព័ត៌មានច្បាស់ការណ៍ពីសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ បានបង្ហើបប្រាប់ឲ្យដឹងថា លោកឧកញ៉ា ថៃ សេងឡុង មានឈ្មោះដើមថា ហួត សេងឡុង អាយុ៧៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៥ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលគេស្គាល់ថាជានាយកក្រុមហ៊ុនហួតត្រាកូ នាំចូលបារី Alain Delon, បារី Fine, បារី Davidoff និងនាំចូលរថយន្ត ព្រមទាំងជានាយកក្រុមហ៊ុន Data Management Center(DMC) បម្រើសេវាបច្ចេកវិទ្យាទូរគមនាគមន៍ ដែលមានជម្លោះប្តឹងផ្តល់គ្នាជាមួយលោកឧកញ៉ា ហួត វ៉ាន់ថន ដែលគេស្គាល់ថា ជានាយកក្រុមហ៊ុន Sotelco និងក្រុមហ៊ុន Socotel ជាក្រុមហ៊ុនបម្រើសេវាទូរស័ព្ទ(ក្រុមហ៊ុនបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុនទូរស័ព្ទ Beeline) និងជាបងប្អូនបង្កើតនឹងគ្នានោះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីសាកសួរកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ម្សិលមិញ រហូតមកដល់រាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤នេះ ក្រោមទម្ងន់នៃបណ្តឹងរបស់លោកឧកញ៉ា ហួត វ៉ាន់ថន ជាប្អូនលោកឧកញ៉ា ថៃ សេងឡុង (ហួត សេងឡុង) ក្នុងរឿងព្រហ្មទណ្ឌពីបទរំលោភលើទំនុកចិត្ត ។
សមត្ថកិច្ចនគរបាលបានបង្ហើបប្រាប់ឲ្យដឹងដែរថា ដោយសារលោកឧកញ៉ា ថៃ សេងឡុង មានវ័យចាស់ជរា និងមានជំងឺលើសឈាមធ្ងន់ធ្ងរផង ដូច្នេះសមត្ថកិច្ចបានបញ្ជូនខ្លួនលោកឧកញ៉ារូបនេះឲ្យទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបាយ័នបណ្តោះអាសន្នសិន ដោយមានសមត្ថកិច្ចយាមកាមយ៉ាងតឹងរ៉ឹង ។
អ្នកស្និទ្ធនឹងក្រុមគ្រួសារលោកឧកញ៉ា ថៃ សេងឡុង បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤កន្លងទៅថ្មីនេះ ប្អូនប្រុសបង្កើតរបស់លោកឧកញ៉ា ថៃ សេងឡុង គឺឈ្មោះ ហួត សេងទ្រី ធ្លាប់បានប្រកាសលែងទទួលស្គាល់លោកឧកញ៉ា ថៃ សេងឡុង ជាបងបង្កើតរបស់ខ្លួនផងដែរ ។
មិនទាន់មានប្រភពព័ត៌មានណាមួយបានបញ្ជាក់អំពីមូលហេតុដែលនាំឲ្យលោកឧកញ៉ា ហួត វ៉ាន់ថន និងលោកឧកញ៉ា ថៃ សេងឡុង (ហួត សេងឡុង)ជាបងប្អូនបង្កើតនឹងគ្នា និងជាអ្នកមានទ្រព្យសម្បត្តិធ្លាប់ជួយឧបត្ថម្ភទំនុកបម្រុងដល់គណបក្សប្រជាជនកម្ពុជានោះ ធ្លាក់ទៅក្នុងជម្លោះប្តឹងផ្តល់ក្នុងរឿងព្រហ្មទណ្ឌនៅឡើយទេ ប៉ុន្តែបើតាមការបញ្ជាក់របស់អ្នកស្រី ថៃ កូឡែត អាយុ៥៤ឆ្នាំ ជាកូនបង្កើតលោកឧកញ៉ា ថៃ សេងឡុង បានប្រាប់បណ្តាញសារព័ត៌មានថា ឪពុករបស់អ្នកស្រីបានគ្រប់គ្រងកាន់កាប់ផ្ទះលេខ៧២ មហាវិថីព្រះនរោត្តម កែងវិថីព្រះសីហនុជិត២០ឆ្នាំមកហើយៗមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ថែមទៀត ។ លុះនៅឆ្នាំ២០១៣កន្លងទៅ ប័ណ្ណកម្មសិទ្ធិរបស់ឪពុកអ្នកស្រីបានបាត់បង់ នៅសល់តែប័ណ្ណថតចម្លង ទើបគាត់ក៏បានសុំចេញប័ណ្ណទុតិយតាថ្មី ។ នៅចុងឆ្នាំ២០១៣ ឪពុករបស់អ្នកស្រីក៏បានលក់ផ្តាច់ផ្ទះនេះឲ្យទៅឈ្មោះ ប៉ាក់ រ៉ា ស្រាប់តែលោកឧកញ៉ា ហួត វ៉ាន់ថន ជាឪពុកមារបស់អ្នកស្រីប្តឹងចោទប្រកាន់ឪពុកអ្នកស្រីពីបទរំលោភលើទំនុកចិត្ត (លួចលក់ផ្ទះ)ទៅនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃតែម្តង ៕

Source from: www.dtn7.com























Loading...




Post a Comment