រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានថ្លែងការពីថ្ងៃសុក្រម្សិលមិញថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនរូចជាស្រេចហើយ ដើម្បីជួបពិភាក្សាជាមួយនឹងរដ្ឋាភិបាលជប៉ុន ប្រសិនណាបើជប៉ុនយល់ព្រមទទួលស្គាល់ថា ទឹកដីនៅប្រជុំកោះសេកាគូជាភាសាជប៉ុន និងទៀវយូជាភាសាចិននោះគឺជាប្រជុំកោះដែលកំពុងមានជម្លោះ។
ជាបឋមសូមបញ្ជាក់បន្តិចថា ប្រជុំកោះនេះបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់របស់ជប៉ុន ប៉ុន្តែចិនកំពុងតែទាមទារថាជាទឹកដីរបស់ខ្លួន។ អ្វីដែលចិនទាមទារចង់បានពីជប៉ុននៅពេលនេះ គឺចង់ឲ្យជប៉ុនទទួលស្គាល់យ៉ាងហោចណាស់ថា អធិបតេយ្យដែនដីនៅលើប្រជុំកោះនេ គឺពិតជាកំពុងជាប់មានជម្លោះពិតមែន។
ការណ៍នេះជាចំណុចដែលរដ្ឋាភិបាលក្រុងតូក្យូតែងតែបដិសេធយ៉ាងដាច់អហង្ការមិនទទួលស្គាល់ដោយប្រកាន់ជំហរថា ប្រជុំកោះនេះស្ថិតក្នុងដែនអធិបតេយ្យរបស់ជប៉ុនដោយមិនអាចប្រកែក បាននិងដោយគ្មានជម្លោះអ្វីដែលត្រូវដោះស្រាយនោះទេ។
នៅចំពោះសេនារីយោបែបនេះហើយ ទើបកាលពីថ្ងៃសុក្រម្សិលមិញលោក រដ្ឋមន្ត្រីការបរទេសចិន វាង យី បានថ្លែងផ្ញើសារទៅកាន់រដ្ឋាភិបាលជប៉ុនថា រដ្ឋអំណាចក្រុងប៉េកាំងបានត្រៀមខ្លួនរូចជាស្រេចហើយ ដើម្បីជួបពិភាក្សាគ្នាស្តីអំពីបញ្ហាសមុទ្រចិនខាងកើតជាមួយនឹងរដ្ឋអំណាចក្រុងតូក្យូ។
ក៏ប៉ុន្តែលោករដ្ឋមន្ត្រីការបរទេសចិនរូបនេះបានបញ្ជាក់ជំនួបពិភាក្សានឹងកើតមានដរាបណារដ្ឋាភិបាលក្រុងប៉េកាំងព្រមទទួលស្គាល់ថា ទីកន្លែងប្រជុំកោះ ដែលជប៉ុនហៅថា សេកាគូ និងចិនហៅថា ទៀវយូ កំពុងតែមានជម្លោះពិតប្រកដមែន។
សូមរម្លឹកថា រាល់ទំនាក់ទំនងផ្នែកការទូតរវាងចិន និងជប៉ុនត្រូវបានជាប់គាំងតាំងពីខែកញ្ញា ឆ្នាំ២០១២មក ក្រោយពីរដ្ឋាភិបាលក្រុងតូក្យូបានប្រមូលទិញកោះជាប់ជម្លោះជាមួយ ចិនយកមកដាក់ជាសម្បត្តិរដ្ឋ ដែលជាហេតុធ្វើឲ្យប្រជាជនចិនផ្ទុះកំហឹង។
ចាប់ពីពេលនោះមកមេដឹកនាំចិនតែងតែបានបដិសេធមិនជួបសមភាគីជប៉ុននៅក្នុងជំនួបពហុភាគីនានាដែលមានវត្តមានប្រទេសទាំងពីរ។ ការប្រឈមមុខដាក់គ្នាក៏តែងតែកើតមានជារឿយៗ រវាងកងល្បាតសមុទ្រចិន និងជប៉ុននៅជុំវិញប្រជុំកោះជាប់ជម្លោះដែលជប៉ុនហៅថា សេនកាគូ ហើយដែលចិនហៅថា ទៀវយូ៕(ដោយៈជា ធីរិទ្ធ)
Source from: Vayofm























Loading...




Post a Comment