ខេត្តកំពង់ចាម ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសារតែត្រូវជនសង្ស័យ បានប្រើល្បិចជួលរថយន្តជិះទៅខេត្តសៀមរាប លុះដល់ចំណុចផ្លូវស្ងាត់ក៏បានដកកាំភ្លើងបាញ់ប្លន់យករថយន្ត កាលពីវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ ត្រង់ចំណុចភូមិតាប្រុក ឃុំតាប្រុក ស្រុកចំការលើ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថៃ មានទីលំនៅក្នុងភូមិក្បាលហុងថ្មី ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានចោរបាញ់២គ្រាប់ ចំដៃស្តាំ និងពោះ រងរបួសធ្ងន់ធ្ងរ ចំណែករថយន្តដែលចោរប្លន់យកទៅនោះ ម៉ាកកាមរីបាឡែន ព៌ណទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2W-0410។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យបានប្រើល្បិចជួលរថយន្តរបស់ជនរងគ្រោះជិះពីភ្នំពេញ ឆ្ពោះទៅក្រុងសួង ខេត្តកំពង់ចាម ប៉ុន្តែពេលមកដល់ស្រុកចំការលើ ជនសង្ស័យបានប្រាប់អ្នកបើករថយន្តថាមានការសំខាន់ នៅខេត្តសៀមរាប ដូច្នេះឲ្យ អ្នកបើករថយន្តធ្វើដំណើរទៅ ខេត្តសៀមរាបវិញ ដោយធ្វើដំណើរឆ្លងកាត់ភូមិតាប្រុក ឃុំតាប្រុក ស្រុកចំការលើ។
ខណៈដែលជនរងគ្រោះ និងជនសង្ស័យបានធ្វើដំណើរដល់ចំការកៅស៊ូ ដែលជាកន្លែងស្ងាត់ ស្រាប់តែជនសង្ស័យប្រាប់អ្នកបើករថយន្តឲ្យឈប់ដើម្បីបត់ជើងតូច ហើយពួកគេទាំងពីរនាក់ ក៏បានឈរបត់ជើងជាដូចគ្នា។ បន្ទាប់ពីបទជើងរួចរាល់ហើយ ជនសង្ស័យបានស្ទុះរត់ចូលទៅបើករថយន្ត តែត្រូវម្ចាស់រថយន្ត មកប្រតាយប្រតប់ ជាហេតុនាំឲ្យជនសង្ស័យដកកាំភ្លើងបាញ់ជនរងគ្រោះ២គ្រាប់ បណ្តាលឲ្យដួលក្នុងថ្លុកឈាម ហើយជនសង្ស័យក៏បានបើករថយន្តគេចខ្លួន ចេញទៅឆ្ពោះទៅខាង តំបន់កំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ភ្លាមៗដល់កន្លែង និងបានបញ្ជូនជនរងគ្រោះទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកជនល្មើស ត្រូវបានសមត្ថកិច្ចទំនាក់ទំនងគ្នា ធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
Source from: watphnom-news.com























Loading...




Post a Comment