ខេត្តតាកែវ ៖ ក្មេងប្រុសម្នាក់បានស្លាប់ និងអ្នកដំណើរ ១៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល បន្ទាប់ពីរថយន្តឈ្នួលមួយគ្រឿង បានក្រឡាប់នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៨៣-៨៤ ក្នុងភូមិព្រៃគ្រញូង ឃុំញែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីម៉ោង ១០និង៣០ នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣នេះ។
រថយន្តក្រឡាប់នេះ ជារថយន្តឈ្នួលដឹកអ្នកដំណើរ ម៉ាកតូរីសពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ២A-០០៧២ ព្រះសីហនុ បានដឹកអ្នកដំណើរ ១៥ នាក់ ពីស្រុកដងទង់ ខេត្តកំពត ចូលមករាជធានីភ្នំពេញ ហើយនៅលើដំបូលរថយន្ត ក៏មានផ្ទុកពងទាជាច្រើនផងដែរ។ លុះដល់កន្លែងកើតហេតុស្រាប់តែរថយន្តបែកកង់ ហើយអ្នកបើកបរភ័យស្លន់ស្លោផងនោះ ក៏ជាន់ហ្វាំងទាំងគំហុក បណ្តាលឲ្យរថយន្តក្រឡាប់នៅលើទ្រូងផ្លូវ បណ្ដាលឲ្យអ្នកជិះ ក្នុងរថយន្តចំនួន ១៥ នាក់ បានរងរបួស ក្នុងនោះពីរនាក់ រងរបួសធ្ងន់។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ក្មេងប្រុសដែលស្លាប់មានឈ្មោះ សឿង គាប អាយុ ១៦ ឆ្នាំ រស់នៅភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ចំណែកអ្នករបួសធ្ងន់ឈ្មោះ ភី សុខបាន ភេទស្រី អាយុ ៦៥ឆ្នាំ រស់នៅសង្កាត់ផ្សារចាស់ រាជធានីភ្នំពេញ ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ហើយអ្នកបើកបរ ត្រូវគេស្គាល់ឈ្មោះ ប៉ា វុទ្ធី អាយុ ៣៥ ឆ្នាំ ក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល ៕
Source from: watphnom-news.com























Loading...




Post a Comment