រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរថយន្តយីឌុបមួយគ្រឿង បុកម៉ូតូពីក្រោយនិងកិន បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ គួរឲ្យអាណោចអាធ័មបំផុត កាលពីវេលាម៉ោង ៤និង១៥នាទី រសៀលថ្ងៃទី២០ ខែតុលាឆ្នាំ២០១៣ នៅចំណុចមុខសួន ឧស្សាហកម្មកាណាឌីយ៉ា តាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ស៊ុំ វាសនា ភេទប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅផ្ទះជួល ម្តុំកន្លែងកើតហេតុ ជិះម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1L-1267 ។ ចំណែករថយន្តបង្កជាប្រភេទរថយន្តយីឌុប ពណ៌លឿង គ្មានស្លាកលេខ និងមានដាក់ស្លាកសម្គាល់ អក្សរ M ជារបស់អង្គភាព ង៧០ ។ មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូពីកើតទៅលិច តាមបណ្តោយផ្លូវវ៉េងស្រេង ដោយជិះស្របទិសជាមួយរថយន្តបង្កហេតុខាងលើ ។
លុះមកដល់ចំណុចកើតហេតុ ស្រាប់រថយន្តបានបើកបុក ពីក្រោយម៉ូតូជនរងគ្រោះ និងបានកៀរម៉ូតូជនរងគ្រោះកៀបជាប់និងកង់រថយន្ត រួចក៏កិនជនរងគ្រោះ បណ្តោយបែកក្បាល ធ្លាយខួរស្លាប់ភ្លាមៗគួរឲ្យ រន្ធត់ ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួន ដោយសុវត្ថិភាព ហើយសមត្ថកិច្ចបានចុះទៅវាស់វែង និងយករថយន្តបង្កទៅរក្សាទុក រងចាំការដោះស្រាយ៕
Source from: watphnom-news.com
Post a Comment