ខេត្តបាត់ដំបង ៖ ជនល្មោភកាមម្នាក់ ដែលបានចាប់រំលោភ ក្មេងស្រីអាយុ ១៥ ឆ្នាំហើយវាយសម្លាប់ នឹងដុំថ្មនិងយកកាំបិតចាក់ ទៅលើជនរងគ្រោះ ដោយមិនញញើតដៃ ឥឡូវនេះត្រូវបានកម្លាំងនគរបាលធ្វើការស្រាវជ្រាវ យ៉ាងយកចិត្ដទុកដាក់ ឈានដល់ការចាប់ខ្លួនជនកំណាច កាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ យកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់។
ជនសង្ស័យមានឈ្មោះ ក្លឹង ស៊ុន អាយុ ៣៧ ឆ្នាំ រស់នៅភូមិកំពង់ចម្លង ឃុំឈើទាល ស្រុកបាណន់ ខេត្ដបាត់ដំបង ហើយមកចាំចំការនៅក្នុង ភូមិឃុំកើតហេតុខាងលើ ។ ជនសង្ស័យបានសារភាពថា មុនពេលកើតហេតុខ្លួនបានឃើញ ក្មេងស្រីរងគ្រោះ ទៅឃ្វាលគោតែម្នាក់ឯង ឃើញដូច្នោះបានលួងលោមក្មេងស្រីរួមភេទ ប៉ុន្ដែនាងបដិសេធធ្វើឱ្យរូបគេខឹង យកដុំថ្មគប់ចំក្បាល បណ្ដាលឱ្យសន្លប់ រួចហើយធ្វើសកម្មភាព ចាប់រំលោភ រហូតបានសម្រេច ។
ក្រោយពេលរំលោភរួចហើយ ជនសង្ស័យបានយកកាំបិតចាក់ ទៅលើដងខ្លួនក្មេងស្រីរងគ្រោះ រហូតដល់ដាច់ខ្យល់ស្លាប់ ហើយយកសព ទៅទម្លាក់ចោលក្នុងទឹកអូរ។ សកម្មភាពដ៏ឃោរឃៅនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង ប្រមាណ ៣និង៣០នាទី ក្រោយពីប្រជាពលរដ្ឋបានប្រទះឃើញ សពក្មេងស្រីរងគ្រោះទាំងអាក្រាតកាយ អណ្ដែតក្នុងទឹកអូរ ស្ថិតក្នុងភូមិសិរីវ័ន្ដ ឃុំអណ្ដើកហែប ស្រុក រតនមណ្ឌល ខេត្ដបាត់ដំបង។
សមត្ថកិច្ចស្រុករតនៈមណ្ឌលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ងួន ច្រិប អាយុ ១៥ ឆ្នាំដេកស្លាប់ក្នុងអូរ មានពាក់អាវយឺតដៃខ្លី ពណ៌ផ្ទៃមេឃ លាយផ្កា ហើយល្វែងក្រោមគ្មានខោឬសារ៉ុងទេ មានស្នាមមុតវត្ថុស្រួច ដូចកាំបិតលើដើមទ្រូង ២ កន្លែងខាងក្រោយខ្នង ២ កន្លែងនិងក្បាលមួយកន្លែង មានទីលំនៅក្នុងភូមិកើតហេតុ៕
Source from: watphnom-news.com
Post a Comment