បណ្តាញព័ត៌មានបរទេសបានឲ្យដឹងថា នៅវេលាល្ងាចនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ម្សិលមិញនេះ មានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវអ៊ែរឡាញ បានធ្លាក់ចូលទៅក្នុងទឹកនៅតំបន់ខេត្តចំប៉ាសាក់ នៃប្រទេសឡាវ បណ្តាលឲ្យមនុស្សចំនួនជាង៤០នាក់បានស្លាប់បាត់បង់ជីវិត ។
អ្នកដំណើរដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ែរឡាញនោះ បើតាមព័ត៌មានជាបឋមបានឲ្យដឹងថា មានជនជាតិឡាវចំនួន១៧នាក់ ជនជាតិបារាំងចំនួន៧នាក់ ជនជាតិអូស្ត្រាលីចំនួន៥នាក់ ជនជាតិថៃចំនួន៥នាក់ ជនជាតិកូរ៉េចំនួន៣នាក់ ជនជាតិវៀតណាមចំនួន២នាក់ ជនជាតិចិនចំនួន១នាក់ ជនជាតិកាណាដាចំនួន១នាក់ និង ជនជាតិម៉ាឡេស៊ី ចំនួន១នាក់ ។
តាមបណ្តាញព័ត៌មានបរទេសបានឲ្យដឹងថា យន្តហោះនេះបានធ្លាក់ទៅក្នុងទឹក ដោយដាច់ផ្នែកខាងកន្ទុយយន្តហោះ និងតួខាងមុខជ្រមុជលិចទៅក្នុងទឹក ខណៈដែលយន្តហោះពេលហោះហើរបានជួបប្រទះនឹងអាកាសធាតុចុះអ័ព្ទ និងខ្យល់ខ្លាំង ៕
Source from: www.dtn7.com
Post a Comment