បង្កាន់ដៃស្ពានព្រះមុនីវង្សថ្មីខាងលិច ឋិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំនួន១០ផ្ទាំងត្រូវបានធ្លាក់ចូលទៅក្នុងទឹកទន្លេ កាលពីវេលាម៉ោងប្រមាណ០១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣នេះ ដោយសាររថយន្តធុនធំដឹកកម្ទេចថ្មម៉ាកហ៊ីណូ១គ្រឿងចងកំហឹងជាមួយ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កម៉ាកហ៊ីណូ ពណ៌សលាយខៀវ១គ្រឿង ពាក់ស្លាកលេខស្វាយរៀង 3A-1025 ដោយកម្ទេចថ្មពេញឡើងចំណោតលើស្ពាន ក្នុងទិសដៅពីលិចទៅកើត ។ ទំនងជាមានបញ្ហាបច្ចេកទេសលើការបញ្ចូលលេខរថយន្ត ទើបដល់ជិតពាក់កណ្តាលស្ពាន បែរជារថយន្តឡើងមិនរួច ធ្វើឲ្យរថយន្តរអិលថយក្រោយចម្ងាយជាង២០ម៉ែត្រ រេចង្កូតទៅបុកបង្កាន់ស្ពានបាក់ធ្លាក់ចូលក្នុងទឹកទន្លេអស់១០ផ្ទាំង ខណៈដែលរថយន្តក្រឡាប់ធ្លាក់កម្ទេចថ្មនៅពាសពេញលើស្ពាន ។ ប៉ុន្តែសំណាងល្អក្នុងហេតុការណ៍នេះគ្មានបង្កឲ្យមនុស្សរងគ្រោះថ្នាក់អ្វីទេ ពីព្រោះជាអធ្រាត្រយប់ស្ងាត់ គ្មានមនុស្សធ្វើចរាចរណ័មមាញឹកដូចពេលថ្ងៃ ។
ក្រោយហេតុការណ៍នេះភ្លាមៗ អ្នកបើកបររថយន្តបង្កបានគេចខ្លួនបាត់ស្រមោល ដោយគ្រាន់តែបន្សល់ទុកនូវឯកសារមួយចំនួនក្នុងរថយន្ត ទើបធ្វើឲ្យសមត្ថកិច្ចអាចសន្និដ្ឋានបានថា អ្នកបើកបររថយន្តបង្កនេះមានឈ្មោះ ប៉ែន ជា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
រថយន្តបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់ ៕
Source from: www.dtn7.com
Post a Comment