រាជធានីភ្នំពេញ ៖ ការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងនៅតាម ប្រព័ន្ធផ្សព្វផ្សាយនានា មានដូចជា តាមកញ្ចក់ទូរទស្សន៍ ស្ថានីយវិទ្យុ លើទំព័រកាសែត និងនៅតាមផ្ទាំងពាណិជ្ជកម្ម នៅតាមទីសាធារណៈនានា គឺជាមធ្យោបាយទាក់ទាញមួយ ដ៏មានប្រសិទ្ធភាពបំផុត ក្នុងការជំរុញឲ្យ មានអ្នកសម្រេចចិត្ត ដើម្បីការសាកល្បង និងបន្តប្រើប្រាស់គ្រឿងស្រវឹង ហើយស្ប៉ត ពាណិជ្ជកម្មទាំងនោះ បានសម្ដែងពីការជួបជុំគ្នាទទួលទានស្រាបៀ ដោយការទាក់ទាញ ជាមួយនឹងភាព សប្បាយរីករាយ។
ប្រជាពលរដ្ឋជាច្រើន បានសម្ដែងក្ដីព្រួយបារម្ភ ចំពោះការផ្សព្វផ្សាយ ពាណិជ្ជកម្មដែលពួក គេយល់ឃើញថា ការធ្វើដូច្នេះ ក្រុមហ៊ុនផ្សាយផលិតផលរបស់ខ្លួន និងអ្នកអនុញ្ញាតផ្សាយ ហាក់មិនបានគិតពីផលប៉ះពាល់ក្នុងសង្គម ហើយគិតតែពីផលប្រយោជន៍ ផ្ទាល់ខ្លួនទៅវិញ។ អ្នកស្រី ហ៊ុយ គឹមលាង ជាមេផ្ទះម្នាក់បានថ្លែងថា មានការផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង ស្ទើរគ្រប់ប៉ុស្តិ៍ទូរទស្សន៍ ដែលការផ្សព្វផ្សាយបច្ចុប្បន្ន ហាក់បង្ហាញនូវ ការអូសទាញហួសហេតុ ដោយគិតតែផលចំណេញសុទ្ធសាធ។
ការផ្សាយពាណិជ្ជកម្ម គឺជាសិទ្ធិរបស់គេ ក្នុងការស្វែងរកចំណូលទៅក្រុមហ៊ុន។ ប៉ុន្តែបច្ចុប្បន្ន ការផ្សព្វផ្សាយលើសលប់ នៅតាមស្ថានីយទូរទស្សន៍ និងវិទ្យុ រួមទាំងផ្ទាំងពាណិជ្ជកម្ម ពីគ្រឿងស្រវឹងនោះ វាហាក់ដូចជាជ្រុលពេលបន្តិច ទៅហើយដែលចង់ឲ្យ ពលរដ្ឋកម្ពុជាមួយចំនួន ដែលនិយមទទួលទានគ្រឿងស្រវឹង ឲ្យកាត់បន្ថយ ឬឈប់ទទួលទានគ្រឿងស្រវឹង ដោយគ្រាន់តែឈប់ផ្សាយ ពាណិជ្ជកម្មនោះ។ ក្រៅពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីទាក់ទាញឲ្យទិញ គ្រឿងស្រវឹងនោះ តាមរយៈពាណិជ្ជកម្ម គ្រប់គ្នាតែងបានឮពីការឈ្នះរង្វាន់ និងមានរង្វាន់លើកទឹក នៅពេលទិញច្រើន។
អ្នកវិនិយោគស្រាបៀ នៅប្រទេសកម្ពុជា បានចាត់ទុកថា វិស័យនេះជាវិស័យ ទទួលបានផលចំណេញច្រើន ក្នុងពេលបច្ចុប្បន្ន និងនៅពេលអនាគត។ វិស័យនេះ បានចូលរួមចំណែក បង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា និងបានចូលរួមដល់ កំណើនសេដ្ឋកិច្ចជាតិ ប្រមាណ ៤០០លានដុល្លារក្នុងមួយឆ្នាំ។ យ៉ាងណា មិញ បើទោះជាវិស័យនេះ កំពុងមានសក្ដានុពលយ៉ាងនេះក្ដី វិស័យស្រាបៀក៏បានផ្ដល់ផលអវិជ្ជមាន ដល់សង្គមជាតិ និងប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ យ៉ាងសម្បើមណាស់ដែរ។
កាលពីចុងឆ្នាំ២០០៨ មជ្ឈមណ្ឌល ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ក៏បានធ្វើការសិក្សាស្រាវជ្រាវមួយ ពីផលប៉ះពាល់នៃគ្រឿងស្រវឹង មកលើប្រជាពល រដ្ឋកម្ពុជា។ ការសិក្សានេះ បានរកឃើញថា មនុស្សចំនួន ៥៨% នៃអ្នកដែលចាប់ផ្ដើម ផឹកស្រាដំបូង មានចន្លោះពី ១៨ ទៅ ៣០ឆ្នាំ ដែលជាវ័យមួយ ចង់សាក ល្បងអ្វីៗនៅក្នុងជីវិត។ ក្នុងចំណោមបុរស ៩៣% គឺជាអ្នកប្រើគ្រឿងស្រវឹង រីឯស្ត្រីមានចំនួន ៥៨% ដែលបានសម្ភាស គឺជាអ្នកប្រើគ្រឿងស្រវឹង។
កន្លងមកក្រសួងព័ត៌មាន ធ្លាប់បានកែលំអ ឈុតផ្សាយពាណិជ្ជកម្ម ដែលបានចាក់ផ្សាយ នៅតាមស្ថានីយណាមួយ ដែលមានលក្ខណៈ លើកទឹកចិត្តឲ្យមានទទួលទាន គ្រឿងស្រវឹង ដូចជា ការហ៊ោកញ្ជ្រៀវ អរសប្បាយ ជាការជំរុញឲ្យអ្នកទទួលទាន មានការភាន់ច្រឡំ និងមានលក្ខណៈ អូសទាញយុវជនជាដើម។ ប៉ុន្តែ ការបញ្ឈប់ស្ប៉តពាណិជ្ជកម្ម កាលពីកន្លងមកនោះ ហាក់ពុំមានប្រសិទ្ធភាពទេ។ អ្នកជំនាញមួយចំនួន បានហៅវិធានការ ទប់ស្កាត់ការ ផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង របស់ រដ្ឋាភិបាល គឺជាវិធានការវែកចក ព្រោះថា ម្ចាស់ឧស្សាហកម្មស្រាបៀ តែងមានទំនាក់ទំនង ជាមួយអ្នកនយោបាយធំៗ៕
Source from: watphnom-news.com























Loading...




Post a Comment