ប្រិយមិត្តអ្នកអានពិតជាបានដឹងនិងបានឃើញរួចហើយអំពីចំនួនទីប្រឹក្សារបស់រាជរដ្ឋាភិបាល ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រី និងទីប្រឹក្សាអមក្រសួង ស្ថាប័ន នាអាណត្តិទី៤កន្លងមក មានចំនួនច្រើនសន្ធឹកសន្ធាប់ រហូតធ្វើឲ្យមជ្ឈដ្ឋាននានារិះគន់ថា ជាការខ្ជះខ្ជាយ បង្ហិនបង្ហោចថវិកាជាតិ និងឆ្លុះបញ្ចាំងថា រាជរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីអសមត្ថភាពក្នុងការបំពេញមុខងារ ទើបតម្រូវឲ្យមានទីប្រឹក្សាច្រើនសំពីងសំពោងដូច្នេះ ។
ក្រោយការបង្កើតចេញជារូបរាងនូវរដ្ឋសភានីតិកាលទី៥ និងរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣រួចមក ប្រិយមិត្តអ្នកអានបានសម្តែងនូវការអបអរសាទរ បន្ទាប់ពីបានឃើញព្រះមហាក្សត្រត្រាស់បង្គាប់បញ្ចប់តំណែងទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សានាយករដ្ឋមន្ត្រី និងទីប្រឹក្សាអមក្រសួង ស្ថាប័ន ដែលទទួលបានការតែងតាំងមុនថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
តាមការពិត ព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់បញ្ចប់តំណែងទីប្រឹក្សាអាណត្តិចាស់ ដើម្បីតែងតាំងទីប្រឹក្សាសម្រាប់អាណត្តិថ្មីទៀតតែប៉ុណ្ណោះ ដែលនេះជានីតិវិធីឬបែបបទដែលរាជរដ្ឋាភិបាលធ្លាប់អនុវត្តន៍កន្លងមកអស់ជាច្រើនអាណត្តិហើយ ។
ព័ស្តុតាងបានបង្ហាញថា ទីប្រឹក្សារាជរដ្ឋាភិបាលនាអាណត្តិទី៤ត្រូវបានបញ្ចប់ ហើយទីប្រឹក្សារាជរដ្ឋាភិបាលអាណត្តិទី៥ក៏ត្រូវបានតែងតាំងជាបឋមមានចំនួន២៩រូប ក្នុងនោះ១រូបមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី, ២៤រូបមានឋានៈស្មើរដ្ឋមន្ត្រី និង៤រូបមានឋានៈស្មើរដ្ឋលេខាធិការ ។ ទីប្រឹក្សារាជរដ្ឋាភិបាលអាណត្តិទី៥ដែលទើបទទួលបានការតែងតាំងជាបឋមនាពេលនេះ គឺភាគច្រើនឬសឹងទាំងអស់ជាអ្នកធ្លាប់បម្រើការងារក្នុងជួររាជរដ្ឋាភិបាលអាណត្តិទី៤ ។
រីឯទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្ត្រីអាណត្តិទី៥ដែលទទួលបានការតែងតាំងជាបឋមមានចំនួន២១រូប (ក្នុងនោះ២រូបមានឋានៈស្មើទេសរដ្ឋមន្ត្រី, ៨រូបមានឋានៈស្មើរដ្ឋមន្ត្រី, ១០រូបមានឋានៈស្មើរដ្ឋលេខាធិការ និង១រូបមានឋានៈស្មើអនុរដ្ឋលេខាធិការ) ជំនួយការមានចំនួន៣៤រូប(ក្នុងនោះ៦រូបមានឋានៈស្មើរដ្ឋលេខាធិការ, ១៨រូបមានឋានៈស្មើអនុរដ្ឋលេខាធិការ និង១០រូបមានឋានៈស្មើអគ្គនាយក) ខុទ្ទកាល័យមានចំនួន១៣រូប ដែល១រូបទើបនឹងទទួលមរណភាព គឺឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម លាងសែ (ក្នុងនោះ៥រូបមានឋានៈស្មើទេសរដ្ឋមន្ត្រី, ៦រូបមានឋានៈស្មើរដ្ឋមន្ត្រី និង១រូបជាកូនប្រុសបង្កើតនាយករដ្ឋមន្ត្រី មានឋានៈស្មើអគ្គនាយក គឺឯកឧត្តម ឧត្តមសេនីយ៍ ហ៊ុន ម៉ានិត) ពិធីការមានចំនួន៥រូប(ក្នុងនោះ១រូបមានឋានៈស្មើរដ្ឋមន្ត្រី, ២រូបមានឋានៈស្មើរដ្ឋលេខាធិការ និង២រូបមានឋានៈស្មើអនុរដ្ឋលេខាធិការ) និងសមាជិកក្រុមលេខាធិការមានចំនួន២៩រូបដែលមានឋានៈស្មើអគ្គនាយក ។
សរុបទីប្រឹក្សា ជំនួយការ ខុទ្ទកាល័យ ពិធីការ និងសមាជិកក្រុមលេខារបស់នាយករដ្ឋមន្ត្រីអាណត្តិទី៥ដែលទទួលបានការតែងតាំងជាបឋម មានចំនួន១០១រូប ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គម និងអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានធ្វើការព្យាករណ៍ទុកជាមុនថា ទីប្រឹក្សារាជរដ្ឋាភិបាល និងទីប្រឹក្សានាយករដ្ឋមន្ត្រីអាចនឹងមានចំនួនកើនឡើងច្រើនជាងនេះទៀត ក្រោមរូបមន្ត(សិល្បៈនៃការចែករំលែក)របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ៕
Source from: www.dtn7.com
Post a Comment