ខេត្តព្រះវិហារ ៖ ទីតាំងរោងសិប្បកម្ម កែច្នៃឈើប្រណីតខុសច្បាប់ មួយកន្លែងកំពុងធ្វើសកម្មភាពទ្រង់ទ្រាយធំ មានការប្រមូលទិញ ឈើប្រណីតប្រភេទបេង ធ្នង់ នាងនួន យកទៅកែច្នៃ ដើម្បីដឹកយកមកលក់នៅរាជធានីភ្នំពេញ យ៉ាងអនាធិបតេយ្យបំផុត មានជនជាតិយួនជាង ២០នាក់ បម្រើការងារជាមេជាង និងកម្មករ កែច្នៃឈើខុសច្បាប់ នៅក្នុងសិប្បកម្មនោះ ដែលមានទីតាំងនៅពីក្រោយ សាលាស្រុករវៀង ចម្ងាយប្រមាណ ២០០ម៉ែត្រ គេមិនដែលឃើញសមត្ថកិច្ច និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ហ៊ានហើបមាត់ពីបញ្ហានេះម្តងណាឡើយ។
ម្ចាស់ទីតាំងសិប្បកម្មកែច្នៃឈើ មួយកន្លែងនេះ មានឈ្មោះ គង់ រុន ដែលគេស្គាល់ថា ជាឧត្តមសេនីយ៍ទោយោធា នៅរាជធានីភ្នំពេញ បានចាត់តាំងមេការ មើលខុសត្រូវក្នុងរោងសិប្បកម្ម កែច្នៃឈើដ៏ធំនោះ ដែលមានកម្មករជំនាញជនជាតិយួន ដល់ទៅជាង ២០ នាក់ ដំណើរការយ៉ាងគគ្រឹកគគ្រេង គ្មានក្រែងញញើតពីច្បាប់ទម្លាប់ ឬបទបញ្ជាលេខ០១ ស្តីពីការបង្ការបង្ក្រាបបទល្មើសព្រៃឈើ និងការដឹកជញ្ជូនឈើខុសច្បាប់នោះទេ។ សូម្បីតែលោក អ៊ុំ ម៉ារ៉ា ជាអភិបាលខេត្តព្រះវិហារ ក៏មិនដែលគិតគូរចាត់វិធានការលើមន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធ ដែលឃុបឃិតឲ្យមានបទល្មើសទាំងនោះដែរ មិនដឹងជាមានអាថ៌កំបាំងអ្វីទេ។
មានការបញ្ជាក់ផងដែរថា ទីតាំងសិប្បកម្មកែច្នៃឈើ ខុសច្បាប់របស់លោក គង់ រុន បានប្រមូលទិញឈើប្រណីតមកពីស្រុកជ័យសែន និងស្រុកឆែប ដឹកជញ្ជូនចូលទីតាំងសិប្បកម្មនោះ ជាចំហគ្មានការលាក់បាំងទេ ហើយកន្លងមកមន្ត្រី និងសមត្ថកិច្ចមួយចំនួន គិតឃើញថាទីតាំងសិប្បកម្មនោះ ស្ថិតក្រោមឥទ្ធិពលរបស់ឧកញ៉ា ទ្រី ភាព មិនដែលហ៊ានទៅអើតក្បែរនោះទេ។ ប៉ុន្តែក្រោយមកស៊ើបដឹងថា មិនមានពាក់ព័ន្ធជាមួយឧកញ៉ា ទ្រី ភាព ក៏បានទៅទំនាក់ទំនង លាបាតដៃសុំប្រាក់ពីក្រុមឈ្មួញ យកទៅច្រកហោប៉ៅ ចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងរំភើយមិនខ្វល់ខ្វាយ ពីការបង្ក្រាបបទល្មើសនោះទេ។
ទីតាំងសិប្បកម្មរបស់លោក គង់ រុន ដែលបើកដំណើរការ ទ្រង់ទ្រាយធំក៏រំខានផងដែរ ដល់ប្រជាពលរដ្ឋនៅក្បែរខាង ដោយសារតែសំឡេងម៉ាស៊ីនរោទ៍ ទាំងយប់ទាំងថ្ងៃ រកដេកពួនសឹងមិនបាន ហើយបើគិតពីចម្ងាយរោងសិប្បកម្ម មកដល់សាលាស្រុករវៀង ប្រមាណ២០០ម៉ែត្រនោះ ឃើញថា មន្ត្រីសាលាស្រុក ប្រកបការងារប្រចាំថ្ងៃសឹងមិនកើត។ លោក ឯ សារ៉ូ ជាអភិបាលស្រុករវៀង ក៏ស្ងៀមស្ងាត់មិនដែលហ៊ានហើបមាត់ ពីទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ របស់លោក គង់ រុន នោះដែរ ព្រោះគេឧស្សហ៍ឃើញមេការរបស់លោក គង់ រុន ស្កាត់ទៅជួបលោក ឯ សារ៉ូ មិនដឹងជាមានកិច្ចការងារអ្វីខ្លះទេ។
ប៉ុន្តែជាធម្មតានៅពេលក្រុមឈ្មួញ រកស៊ីកែច្នៃឈើខុសច្បាប់ ទៅជួបជាមួយអាជ្ញាធរដែនដី គឺគ្មានអ្វីក្រៅពីការទំនាក់ទំនងសុំស្គាល់គ្នា ឬការចែករំលែកផលប្រយោជន៍ ដើម្បីកុំឲ្យអាជ្ញាធរដែនដី ទៅប៉ះពាល់ជំនួញរកស៊ីឈើ និងការកែច្នៃឈើដោយខុសច្បាប់ របស់ពួកគេ។ ហេតុដូច្នេះហើយបានជា គេសង្កេតឃើញលោក ឯ សារ៉ូ ស្ងៀមស្ងាត់ បើទោះបីជាមន្ត្រី សាលាស្រុករវៀងជាច្រើន ធ្លាប់បានទទូចសុំឲ្យលោក ឯ សារ៉ូ ចាត់វិធានការបង្ក្រាបរោងសិប្បកម្ម កែច្នៃឈើខុសច្បាប់របស់លោក គង់ រុន ដែលរំខានអារម្មណ៍ពួកគេធ្វើការងារ ក៏ដូចជាការប្តឹងផ្តល់របស់ប្រជាពលរដ្ឋ ក៏លោក ឯ សារ៉ូ មិនដែលរកដំណោះស្រាយ។
លោក សាយ ដេត ជាអធិការស្រុករវៀង ដែលល្បីឈ្មោះជាយូរមកហើយ ក្នុងការឃុបឃិតឲ្យក្រុមឈ្មួញ ទាំងតូចទាំងធំ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ និងបង្កើតរោងសិប្បកម្ម កែច្នៃឈើខុសច្បាប់ក្នុងភូមិសាស្ត្រ ដែលគាត់គ្រប់គ្រង ក៏ទទួលបានផលប្រយោជន៍ ច្រើនក្រាស់ក្រែលពីលោក គង់ រុន ផងដែរ ព្រោះគេមិនដែលឃើញលោក សាយ ដេត ចុះទៅត្រួតពិនិត្យ ជនអន្តោប្រវេសន៍យួន ខុសច្បាប់ជាង ២០ នាក់នោះម្តងណាឡើយ ហើយចង់ឃើញថ្នាក់លើ ត្រួតពិនិត្យមើលបញ្ហានេះឡើងវិញផង ព្រោះក្នុងមួយថ្ងៃៗ ទីតាំងសិប្បកម្មរបស់លោក គង់ រុន បានប្រមូលទិញឈើ ជាច្រើនម៉ែត្រគូប ដើម្បីផ្គត់ផ្គង់សិប្បកម្មរបស់គាត់។
លោក អ៊ុំ ម៉ារ៉ា ជាអភិបាលខេត្តព្រះវិហារ ហាក់ដូចជាធូររលុង មិនដែលចាត់វិធានការក្តៅ ដឹកនាំកម្លាំងចម្រុះរបស់ខេត្ត ចុះទៅបង្ក្រាបការដឹកជញ្ជូនឈើ ខុសច្បាប់ទ្រង់ទ្រាយធំ ឬការបើកសិប្បកម្មកែច្នៃឈើយ៉ាងអនាធិបតេយ្យនោះទេ នាំឲ្យមានការរិះគន់ពីមន្ត្រីតូចតាចមួយចំនួន ហើយតាមពិតទៅក្នុងនាទីជាគណៈបញ្ជាការឯកភាព ខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា គួរតែចេញបង្ក្រាបបទល្មើស យកស្នាដៃបង្អួតថ្នាក់លើ មិនត្រូវពឹងផ្អែកលើមន្ត្រីជំនាញ និងសមត្ថកិច្ចថ្នាក់ក្រោម ដែលភាគច្រើនពុករលួយឃុបឃិត ឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើ និងបើកសិប្បកម្មកែច្នៃឈើ គ្មានច្បាប់ទម្លាប់តាមអំពើចិត្តនោះទេ៕
Source from: watphnom-news.com
Post a Comment