ខេត្តស្ទឹងត្រែង ៖ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ទាំងតាមផ្លូវទឹក និងតាមផ្លូវគោក ក្នុងខេត្តស្ទឹងត្រែង កំពុងកើតមាន យ៉ាងអនាធិបតេយ្យ ហើយលោកស័ក្តិ៣ វ៉ន សុគន្ធ ជាប្រធានក្រុមនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែលចុះទៅប្រចាំការនៅក្នុងខេត្តស្ទឹងត្រែង ក៏កំពុងសប្បាយពង្រាយមន្ត្រីជំនិតៗឲ្យចុះប្រមូលលុយពីឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ផ្ទុយពីបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ។
សេចក្តីរាយការណ៍ព័ត៌មានពីខេត្តស្ទឹងត្រែងបានឲ្យដឹងថា លោក វ៉ន សុគន្ធ បានជួលផ្ទះស្នាក់នៅក្នុងខេត្តស្ទឹងត្រែងយ៉ាងឡូយឆាយ ហើយគាត់បានចាត់តាំងមន្ត្រីជំនិតចំនួន២នាក់ គឺឈ្មោះ នី ម៉ៅ និងឈ្មោះ រិន ឲ្យចុះប្រចាំការដាក់ប៉ុស្តិ៍ជជុះអចិន្ត្រៃយ៍នៅចំណុចអូរពងមាន់ ទីដែលមានការដឹកជញ្ជូនឈើមកពីគ្រប់ច្រកល្ហក ដើម្បីរាប់ក្បាលឡានយកលុយ។ ឈ្មួញធំៗបានទំនាក់ទំនងបង់លុយឬសុំការយោគយល់ដោយផ្ទាល់ពីលោក វ៉ន សុគន្ធ ប៉ុន្តែសម្រាប់ឈ្មួញតូចតាចវិញតែងតែរងនូវការគាបជំរិតបង្ខំឲ្យបង់លុយដោយគ្មានការយោគយល់។
លោក វ៉ន សុគន្ធ ឈរជើងនៅទីរួមខេត្តស្ទឹងត្រែងដើម្បីប្រមូលលុយដុំពីក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនឈើពីភាគខាងលើ ដូចជាស្រុកសៀមប៉ាង និងស្រុកសេសាន ជាពិសេសជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំរបស់យាយព្រឿង និងឈ្មួញដទៃទៀត សុទ្ធតែជាប់កាតព្វកិច្ចបង់លុយជូនលោក វ៉ន សុគន្ធ។ អគ្គស្នងការនគរបាលជាតិ អាចខកចិត្តខ្លាំងសម្បើមចំពោះការចាត់តាំងឲ្យលោក វ៉ន សុគន្ធ ដឹកនាំកម្លាំងនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃចុះទៅប្រចាំការនៅខេត្តស្ទឹងត្រែង ដោយសារតែលោក វ៉ន សុគន្ធ មិនបានអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់លើ គិតតែប្រមូលផលប្រយោជន៍យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន៕
Source from: watphnom-news.com























Loading...




Post a Comment