រាជធានីភ្នំពេញ ៖ ប្រទេសឡាវបានជូនដំណឹង ដល់គណៈកម្មការ ទន្លេមេគង្គ ក្នុងសប្តាហ៍នេះថា ខ្លួននឹងចាប់ផ្តើមសកម្មភាព សាងសង់ទំនប់វារីអគ្គិសនី ដុនសាហុង ដែលអ្នកជំនាញផ្នែកបរិស្ថាន បានលើកឡើងថា អាចបង្កការគំរាមកំហែង ដល់ប្រព័ន្ធអេកូឡូស៊ី នៅតំបន់ចរន្តទឹកទន្លេ មេគង្គក្រោម និងមានផលប៉ះពាល់ខ្លាំង លើជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ជាច្រើនសែននាក់។
ជំនាញការផ្នែកបរិស្ថាន បានលើកឡើងថា ទំបន់វារីអគ្គិសនីដែលស្ថិតនៅ មិនដល់មួយគីឡូម៉ែត្រ ពីព្រំប្រទល់កម្ពុជានេះ នឹងទំនងជានាំឲ្យ សត្វផ្សោតដែលកំពុង ជិតផុតពូជស្រាប់ នៅក្នុងខេត្តក្រចេះ ព្រមទាំងត្រី អណ្តែងយក្ស មេគង្គជួបគ្រោះភ័យផងដែរ។ គម្រោងទំនប់វារីអគ្គិសនី ដុនសាហុង អាចផលិត ថាមពលអគ្គិសនីបាន ២៦០ ម៉េហ្គាវ៉ាត់។
លោកស្រី អាមេ ត្រាដេម នាយិកាអង្គការទន្លេអន្តរជាតិ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងថា ពូជសត្វផ្សោត ដែលជិតផុតពូជនេះ អាចនឹងទទួលរងនូវ ផលប៉ះពាល់អវិជ្ជមាន ពីកត្តាពីរយ៉ាង ដែលបង្កឡើង ដោយសកម្មភាព សាងសង់ទំនប់វារីអគ្គិសនីនេះ ពោលគឺ កត្តាខ្វះត្រី និងសកម្មភាព យកថ្មចេញពីអាងទន្លេ។ ត្រីផ្សោតពិតជា ងាយនឹងរងផលប៉ះពាល់ខ្លាំង ដូច្នេះស្ថានភាព ប្រែប្រួលទាំងនេះនឹង … ទំនងជា នាំឲ្យមានបញ្ហាខាតបង់យ៉ាងច្រើន លើសត្វទាំងនេះ ។
ដុន សាហុង គឺជាទំនប់វារីអគ្គិសនីទី២ ដែលប្រទេសឡាវ នឹងសាងសង់ បន្ទាប់ពីទំនប់ វារីអគ្គិសនី សាយ៉ាបូរី ដែលទទួលរង នូវសម្លេងរិះគន់យ៉ាងច្រើន។ ក៏ប៉ុន្តែ អ្នកស្រី ត្រាដេម បានលើកឡើងបន្តទៀតថា ទំនប់ ដុនសាហុង អាចនឹងមានផលប៉ះពាល់ កាន់តែខ្លាំងឡើងលើចំនួនត្រី នៅក្នុងបណ្តាប្រទេស តាមដងទន្លេមេគង្គ ជាពិសេសប្រទេសកម្ពុជា ដោយសារតែទំនប់នេះ ស្ថិតនៅកៀកនឹងព្រំដែន។
គេមិនដឹងទេថា តើសកម្មភាពសាងសង់ទំនប់ វារីអគ្គិសនីនេះ នឹងចាប់ផ្តើមនៅពេលណានោះទេ។ ក្រុមហ៊ុនដែលនឹង ទទួលការសាងសង់ទំនប់ វារីអគ្គិសនីនេះ គឺក្រុមហ៊ុន មេហ្គា ហ្វឺសខបភើ រ៉េសិន បឺហាដ របស់ប្រទេសម៉ាឡេស៊ី ដែលមិនធ្លាប់កសាង ទំនប់វារីអគ្គិសនី ណាមួយទេកាលពីមុន។ ប្រទេសឡាវ បានលើកឡើងថា ទំនប់វារីអគ្គិសនីនេះ នឹងមិនបង្កផលប៉ះពាល់ ដល់វិស័យជលផលទេ ដោយសារតែត្រីនឹង អាចបំផ្លាស់ទីតាម ចរន្តទឹកហូរផ្សេងៗទៀត នៅ ជុំវិញតំបន់កោះទាំង ៤.០០០ កន្លែង នៅភាគខាងត្បូង នៃប្រទេសឡាវ៕
Source from: watphnom-news.com























Loading...




Post a Comment