យុវវ័យ​​មួយ​ចំនួន​មានការ​​ផ្អើល​​តាម Facebook ​អំពី​សារធាតុ​គី​មី​ ដែល​មាន​​នៅ​ក្នុង​តែ​គុជ​ ថា​អាច​ប៉ះ​ពាល់​ដល់​សុខភាព​​បណ្ដាល​ឲ្យ​​មាន​​ជំងឺ​​​ស្អិត​ពោះ​វៀន​ ខូច​ក្រពេះ​ និង​ជំងឺ​មហារីក​ជា​ដើម។
​​
បញ្ហា​នេះ​ត្រូវ​បាន​​អ្នក​ប្រើ​ប្រាស់​​បណ្តាញ​សង្គម​ Facebook ​ចែក​រំលែក​​តៗ​​​គ្នា​​រាប់​ពាន់​នាក់​ ព្រម​ទាំង​បាន​សម្តែង​ក្តី​​ព្រួយ​បារម្ភ​ ​​ពី​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​​​របស់​ពួក​គេ​ផង​ដែរ។

អ្នក​ប្រើ​ប្រាស់​​Facebook ​​​​​ម្នាក់​ ឈ្មោះ​ ដា​រ៉ា​ ​​បាន​សរសេរ​នៅ​​លើ​​បណ្តាញ​សង្គម​របស់​ខ្លួន​ថា​ នេះ​​គឺ​ជា​​​ករណី​ដ៏​គួរ​​ឲ្យ​ព្រួយ​បារម្ភ​​ និង​ចង់​ឲ្យ​មន្រ្តី​ពាក់​ព័ន្ធ​​ធ្វើ​ការ​ស្រាវ​ជ្រាវ​ពី​ផល​ប៉ះ​ពាល់​ជា​បន្ទាន់​​​​។

ទន្ទឹម​គ្នា​នេះ​ដែរ​ សុវណ្ណ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​​សង្គម​ Facebook ម្នាក់​ទៀត​ ​​ក៏​បាន​យល់​ដូច​ដារ៉ា​ដែរ​​។ សុវ​ណ្ណ​ និយាយ​ថា៖ “​​​មិន​ដឹង​ម៉េច​ទេ​ ខ្ញុំ​ធ្លាប់​ញ៉ាំ​​ដែរ​! សូម​អាជ្ញាធរ​ជួយ​ត្រួត​ពិនិត្យ​ផង”​។

​​លោក​ ស៊ុំ​ ចម្រើន​ រដ្ឋបាល​នៅ​ហាង​លក់​​តែ​បៃតង​ ដែល​មាន​ឈ្មោះ​ថា​ Dé-Like-Milk ​បាន​និយាយ​ថា​ ​នៅ​ហាង​របស់​លោក​មាន​​គម្រោង​​ដាក់​លក់​តែ​គុជ​ដែរ​ តែ​ដោយ​សារ​​មាន​​លេច​លឺ​ព័ត៌​មាន​មិន​ល្អ​​ពី​អតិថិជន​​ ដែល​ភាគ​ច្រើន​ជា​យុវជន​​​ លោក​បាន​​លុប​ចោល​គម្រោង​​​តែ​ម្តង​។

​​ម្ចាស់​ហាង​តែ​គុជ​មួយ​ទៀត​ឈ្មោះ​​ Pink bule Tea ​​​បាន​និយាយ​ថា​ ផលិត​ផល​​តែ​គុជ​​ ដែល​លោក​នាំ​យក​មក​លក់​ មិន​មាន​ផល​​ប៉ះ​ពាល់​ដល់​សុខភាព​ទេ​ ព្រោះ​ជា​របស់​ក្រុមហ៊ុន​នាំ​ចូល​ស្រប​ច្បាប់​។​ ប៉ុន្តែ​​ថ្មី​ៗ​នេះ​ហាង​របស់​​លោក​​បាន​ផ្អាក​លក់​​​តែ​គុជ​ជា​បណ្តោះ​អាសន្ន​ ដោយ​សារ​ក្រុម​ហ៊ុន​នាំ​ចូល​​​អស់​​ទំនិញ​ពី​ស្តុក​។​

ទោះ​យ៉ាង​ណា​ម្ចាស់​ហាង​រូប​នេះ​ បាន​យល់​ស្រប​​ថា​ ផលិត​ផល​​តែ​គុជ​​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​អ្នក​ញ៉ាំ​​​ព្រោះ​​ធ្លាប់​មាន​​អ្នក​លក់​បោះ​ដុំ​មួយ​ចំនួន​​បាន​​ដើរ​លក់​តាម​ផ្ទះ​ និង​ហាង​​ខ្លះ​ ​មាន​តម្លៃ​ទាប​ជាង​ទី​ផ្សារ ​ដែល​សង្ស័យ​ជា​ផលិត​​ផល​ក្លែង​ក្លាយ​។

លោក​ ម៉ក់​ ពេជ្ររិទ្ធិ​ អគ្គនាយក​​ នៃ​​នាយក​​ដ្ឋាន​​កាំ​កុង​ត្រូល​ ​​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា​ លោក​នៅ​មិន​ទាន់​ទទួល​បាន​សេចក្តី​រាយ​ការណ៍​ជុំ​វិញ​បញ្ហា​​នេះ​នៅ​ឡើយ​ទេ​ ។​​ លោក​ថា​ លោក​​នឹង​ស្រាវ​ជ្រាវ​​ជុំវិញ​បញ្ហា​នេះ​៕

​​
អត្ថបទ៖មៃ សុខលីម

រូបភាព ៖Facebook​​