ខេត្តកំពង់ចាម ៖ បន្ទាប់ពីទទួលដំណឹងថា មានការដោះលែងមេតុងទីន ពាក់ព័ន្ធនឹងការឆបោកលុយ ប្រមាណ ៧០ ម៉ឺនដុល្លារ កូនតុងទីនប្រុសស្រី មានគ្នាប្រមាណ ៦០ នាក់ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ មានការខឹងសម្បាយ៉ាងខ្លាំង ហើយនាំគ្នាជិះរថយន្តឈ្នួល មកកាន់សាលាដំបូង ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៣ ដើម្បីតវ៉ាចំពោះបញ្ហានេះ។
តាមកូនតុងទីនម្នាក់ បានអះអាងថា គាត់បានលេងតុងទីន ជាមួយមេតុងទីនឈ្មោះ ផេង លាង ក្នុងនោះមានក្បាល ១០០ ដុល្លារ និង ៣០០ ដុល្លារ សរុបចំនួន ២៧.៤០០ ដុល្លារនៅក្នុងដៃរបស់មេ ដោយសារតែប្រពន្ធមេតុងទីនឈ្មោះ លាង ហ៊ីន រត់គេចខ្លួនបាត់ ទើបនាំគ្នាប្តឹងឱ្យ ចាប់ប្តីដាក់គុកជំនួស ប្រពន្ធ ។ ក្រោយមកកូនតុងទីន ដទៃទៀតបានទទួលដំណឹងថា មេតុងទីនដែលពួកគាត់ ប្តឹងឱ្យចាប់ដាក់គុក កាលពីអំឡុង ខែកក្កដា ២០១៣ ត្រូវបានគេដោះលែងវិញ កាលពីថ្ងៃទី៨ ខែតុលា ខណៈដែលពួកគាត់ មិនទាន់ទទួលបាន សំណងនៅឡើយ។
ដោយទទួលបានដំណឹង គួរឲ្យក្តៅក្រហាយបែបនេះ ផ្អើលពេញភូមិផ្អាវ ទើបពួកគាត់ប្រញាប់ នាំគ្នាមកកាន់សាលាដំបូង ធ្វើយ៉ាងណាសូមឱ្យ ស្ថាប័នច្បាប់មេត្តា ហៅមេតុងទីន ដែលត្រូវដោះលែងនេះ មកធ្វើការដោះស្រាយបំណុលរបស់ពួកគាត់ ដែលសរុបទាំងអស់ប្រមាណ ៧០ ម៉ឺនដុល្លារអាមេរិក។ សូមបញ្ជាក់ថា ឈ្មោះ ហុង ផល្លា ហៅ ផេង លាង ជាអតីតអធិការរង នគរបាលស្រុកបាធាយ មានប្រពន្ធឈ្មោះ លាង ហ៊ីន ជាមេតុងទីន ដែលរត់បាត់ស្រមោល៕
Source from: watphnom-news.com























Loading...




Post a Comment