រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ៣ ខ្នងត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ នៅចំណុចក្រោយ ធនាគាររ៉ូយ៉ាល់ ANZ ផ្លូវលេខ ២៧១ ស្ថិតនៅខាងជើងច្រកចូលវត្តដំបូកខ្ពស់ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសារផ្ទុះចង្ក្រានហ្គាស៍ ដែលម្ចាស់ផ្ទះកំពុងដាំស្ល។
អគ្គិភ័យនេះបានឆាបឆេះ នៅចំណុចចង្ក្រានបាយ ដែលកំពុងតែដាំស្ល ហើយក្នុងនោះ ផ្ទះឈើចំនួន ២ខ្នងជាប់ៗគ្នា បានឆ្លងរាលដាល បន្តបន្ទាប់រហូតដល់ផ្ទះឈើមួយខ្នងទៀត ដែលមានទំហំធំគួរសម ដែលក្នុងនោះគេបានឃើញ ផ្ទុះធុងហ្គាស៍ជាច្រើនធុង លាយលំនឹងទុស្សេខ្សែភ្លើង ដែលតបណ្តាញឆ្លងពីផ្ទះមួយទៅផ្ទះមួយ ដែលធ្វើឲ្យអ្នកពន្លត់អគ្គិភ័យលំបាក ក្នុងពេលចុះទៅអន្តរាគមន៍ ។
គ្រោះអគ្គិភ័យនេះ បានធ្វើឲ្យទ្រព្យសម្បត្តិ នៅក្នុងផ្ទះដែលភ្លើងឆេះដំបូង ត្រូវបានបំផ្លាញអស់ទាំងស្រុង។ ដោយឡែកទ្រព្យសម្បត្តិ នៅក្នុងផ្ទះ ២ខ្នងជាប់ៗគ្នាទៀត ត្រូវបានជួយរំដោះទាន់ ដែលសរុបទៅលំនៅដ្ឋានដែលរង ការខូចខាតគឺមាន ៣ខ្នង។ លំនៅដ្ឋានដែលត្រូវភ្លើងឆាបឆេះ សុទ្ធសឹងជាផ្ទះឈើ ក្នុងនោះផ្ទះឆេះដំបូងមានទំហំ ៤ម៉ែត្រគុណនឹង៥ ម៉ែត្រ ហើយផ្ទះឈើ ២ខ្នងទៀតមានទំហំ ៦គុណនឹង៩ ម៉ែត្រ៕
Source from: watphnom-news.com
Post a Comment