ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ បានសម្តែងភាពក្តៅក្រហាយយ៉ាងខ្លាំង ចំពោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលឃុបឃិតបើកដៃឲ្យឈ្មោះ ចាន់នី ជាមេការរបស់ឧកញ៉ា ទ្រី ភាព ចុះទៅឈរជើងប្រមូលទិញឈើប្រណីតនៅចំណុចឃុំសេតបុរី នៃស្រុកភ្នំក្រវាញ យ៉ាងអនាធិបតេយ្យបំផុត ហើយប៉ុន្មានថ្ងៃមុននេះ ឈ្មោះ ចាន់នី បានរៀបចំដឹកឈើប្រណីតចេញពីឃុំសេតបុរី ចំនួន២រថយន្តយីឌុប មកភ្នំពេញ ដោយសមត្ថកិច្ចនិងមន្ត្រីជំនាញជាច្រើនស្ថាប័ន ក៏ទទួលបានកញ្ចប់ថវិកាគ្រប់ៗគ្នាផងដែរ។
ប្រជាពលរដ្ឋបានរាយការណ៍ថា ឈ្មោះ ចាន់នី បានចុះទៅឈរជើងទិញឈើប្រណីតនៅចំណុចឃុំសេតបុរី នៃស្រុកភ្នំក្រវាញ ឡើងដុះស្លែទៅហើយ គឺការប្រមូលទិញឈើនៅតំបន់នោះ ជ្រកក្រោមស្លាកកាប់ព្រៃស្តារបាតអាងទំនប់វារីអគ្គិសនី ដែលដេញថ្លៃបានពីក្រុមហ៊ុនចិន ប៉ុន្តែរឿងពិតក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព ដែលមានឈ្មោះ ចាន់នី ជាមេការចាត់ចែងនៅតំបន់នោះ បានប្រមូលទិញឈើពីប្រជាពលរដ្ឋដោយខុសច្បាប់ បានមកពីការកាប់បំផ្លាញ ព្រៃឈើនៅក្នុងតំបន់អភិរក្ស។
ដោយជ្រកក្រោមស្លាកស្តារបាតអាងទំនប់វារីអគ្គិសនី គេសង្កេតឃើញព្រៃឈើ ដ៏មានតម្លៃនៅចំណុច ព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុងត្រូវបានបំផ្លាញ ហើយក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព បានប្រមូលយកឈើប្រណីតដឹកជញ្ជូនតាមរថយន្តយីឌុបខ្នាតយក្ស យកមកស្តុកទុកនៅឃ្លាំងដ៏ធំមួយកន្លែងស្ថិតនៅក្បែរភ្នំតូច តាមផ្លូវជាតិលេខ៥១ មិនឆ្ងាយប៉ុន្មានពី សាលានាយទាហានត្មាតពង ដែលនៅទីនោះ ក៏មានកម្មកររាប់រយនាក់ ចាំរៀបឈើដាក់ក្នុងរថយន្តកុងតឺន័រ សម្រាប់នាំចេញទៅក្រៅប្រទេស តាមច្រកកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ផងដែរ។
ប្រជាពលរដ្ឋដែលចូលព្រៃទៅកាប់ឈើ ក្នុងតំបន់អភិរក្សពេលត្រឡប់មកវិញ បើមិនយល់ព្រមលក់ឈើឲ្យទៅឈ្មោះ ចាន់នី ក្នុងតម្លៃថោកទេនោះ ពិតជាត្រូវសមត្ថកិច្ចនិងមន្ត្រីជំនាញ ចាប់យកឈើទាំងនោះ ក្រោមលេសបង្ក្រាបបទល្មើសព្រៃឈើតាមបញ្ជារបស់រាជរដ្ឋាភិបាល ហើយឈើប្រណីតដែលចាប់យកពីប្រជាពលរដ្ឋ មិនបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់នោះទេ បែរជាយកឈើជាវត្ថុតាងទាំងនោះទៅលក់ដូរឲ្យឈ្មួញកណ្តាលយ៉ាងអនាធិបតេយ្យបំផុត។
ឈ្មោះ ចាន់នី បានដាក់ទីតាំងប្រមូលទិញឈើប្រណីត ពីប្រជាពលរដ្ឋក្នុងតម្លៃយ៉ាងថោកបំផុត គឺក្នុង១ម៉ែត្រគូបតម្លៃចាប់ពី ៣០០ទៅ៣៥០ដុល្លារអាមេរិក បើប្រៀបធៀបជាមួយឈ្មួញដទៃទៀត គឺគេចុះទិញតម្លៃ ៧០០ទៅ៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រគូប។ មុនពេលឈ្មោះ ចាន់នី ចុះទៅប្រមូលទិញឈើជាថ្មីម្តងទៀត ប្រជាពលរដ្ឋអាចលក់ឈើបានថ្លៃ ដើម្បីយកប្រាក់ទៅផ្គត់ផ្គង់ជីវភាពបានយ៉ាងសមរម្យ ប៉ុន្តែនៅពេលនេះ គ្មានឈ្មួញណាម្នាក់អាចប្រមូលទិញឈើបានទេ ដោយសារតែមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធបានត្រូវរ៉ូវជាមួយឈ្មោះ ចាន់នី គឺដាក់ទីតាំងឈរជើងប្រមូលទិញឈើប្រណីតក្នុងតម្លៃថោកបំផុត ។
នៅក្នុងស្រុកភ្នំក្រវាញនេះផងដែរ ក្រៅពីប្រជាពលរដ្ឋចូលទៅកាប់ឈើប្រណីតដើម្បីយកមកលក់ឲ្យឈ្មោះ ចាន់នី ជាមេការរបស់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ក៏មានឈ្មួញដទៃទៀតបានដាក់ម៉ាស៊ីនរ៉ៃ អារច្រៀកឈើផ្ទុយពីបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលផងដែរ។ ប៉ុន្តែមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិនដែលហ៊ានហើបមាត់ពីបញ្ហានេះទេ ជាពិសេសលោក កឹម ចិន្តា ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ មិនដឹងជាទទួលបានផលប្រយោជន៍ប៉ុន្មានពីក្រុមឈ្មួញរកស៊ីឈើខុសច្បាប់នោះទេ ទើបភាពអសកម្មនៃការកាប់បំផ្លាញព្រៃឈើនៅចំណុចស្រុកភ្នំក្រវាញ គ្មានការបង្ក្រាបឬទប់ស្កាត់ម្តងណាឡើយ។
ចំពោះសិទ្ធិអំណាចរបស់ឈ្មោះ ចាន់នី ក្នុងការឈរជើងចាំប្រមូលទិញឈើប្រណីតពីប្រជាពលរដ្ឋដែលនាំគ្នាចូលទៅកាប់ក្នុងតំបន់អភិរក្សយ៉ាងអនាធិបតេយ្យនោះ គេយល់ថា អាជ្ញាធរខេត្តពោធិ៍សាត់ ដូចជាលោក ខូយ សុខា ជាដើម បានដឹងរឿងគ្រប់យ៉ាងប៉ុន្តែមូលេហតុដែលគ្មានការបង្ក្រាបគេសង្ស័យថា មានទាក់ទិននឹងផលប្រយោជន៍។ យ៉ាងណាក៏ដោយ ការឈរជើងប្រមូលទិញឈើយ៉ាងអនាធិបតេយ្យរបស់ឈ្មោះ ចាន់នី នៅចំណុចឃុំសេតបុរី នៃស្រុកភ្នំក្រវាញនោះ គេមិនដឹងថាជាគោលការណ៍ណែនាំរបស់លោកឧកញ៉ា ទ្រី ភាព ឬក៏ឈ្មោះ ចាន់នី យកឥទ្ធិពលរបស់ឧកញ៉ា ទ្រី ភាព ទៅប្រើប្រាស់ក្នុងការប្រមូលទិញឈើក្នុងតម្លៃថោក យកទៅលក់បានផលចំណេញកប់ក្តោង ប្រមូលប្រាក់ច្រកហោប៉ៅផ្ទាល់ខ្លួន ឬយ៉ាងណានោះទេ៕
Source from: watphnom-news.com























Loading...




Post a Comment