ខេត្តកណ្តាល ៖ ការប្រើឧបករណ៍ល្មើសច្បាប់ ដើម្បីចាប់ត្រីក្នុងរដូវបិទនេសាទ ក៏ដូចជាការឃុបឃិត ឲ្យមានបទល្មើសចិញ្ចឹមត្រីឆ្តោ តាមស្រះតាមបែ រាប់រយកន្លែងក្នុងស្រុកស្អាង និងស្រុកកោះធំ គឺជាប្រភពចំណូលមិនចេះរីងស្ងួត របស់លោក សេង ធីម ជានាយផ្នែកជលផលបាសាក់ ដើម្បីប្រមូលប្រាក់ យកមកអភិវឌ្ឍន៍មុខតំណែង ជាបន្តបន្ទាប់ ហើយតាមដំណឹង ដែលមន្ត្រីជលផលតូចតាច មួយចំនួនបានខ្សឹបខ្សៀវ គឺលោក សេង ធីម មានមហិច្ឆតាធំណាស់ កំពុងរត់រកខ្សែទុយោ និងចំណាយលុយយ៉ាងច្រើន ដើម្បីរត់ការជ្រែយកតំណែង ជានាយខណ្ឌជលផលខេត្តកណ្តាល ជំនួសលោក ឃ្លាំង វណ្ណធុល គួរឲ្យភ្ញាក់ផ្អើលបំផុត។
លោក សេង ធីម មានជំនាញប្រមូលលុយ ពីបទល្មើសជលផល តាមរយៈការឃុបឃិត ឲ្យក្រុមឈ្មួញទាំងតូចទាំងធំ ដឹកជញ្ជូនត្រីឆ្តោ ត្រីរ៉ស់ ដោយខុសច្បាប់មកពីស្រុកយួន តាមច្រកជ្រៃធំ យកមកលក់ចែកចាយតាមយឿ ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ។ សម្រាប់អ្នករកស៊ី ដឹកជញ្ជូនត្រីតាមម៉ូតូ យកមកលក់តាមទីផ្សារ ក៏រងនូវការគាបជំរិត ឲ្យបង់លុយពីមន្ត្រី ជំនាញជលផលក្រោមបញ្ជាលោក សេង ធីម ផងដែរ ក្រោមហេតុផល ត្រួតពិនិត្យលិខិតស្នាម ហើយបង្ខំឲ្យអ្នករកស៊ីដឹកជញ្ជូនត្រី តូចតាចបង់លុយ ចាប់ពី ៥ម៉ឺនដល់១០ម៉ឺនរៀល គ្មានការយោគយល់នោះទេ ប៉ុន្តែសម្រាប់ឈ្មួញធំៗជាច្រើន ដែលជ្រកក្រោមស្បែកជាអង្គរក្ស អាចរកស៊ីដឹកជញ្ជូនត្រី តាមរថយន្តកូរ៉េ ចំណុះ៥តោន យ៉ាងអនាធិបតេយ្យបំផុត។
លោក សេង ធីម បានអភិវឌ្ឍន៍មុខតំណែងជាបន្តបន្ទាប់ ហើយចុងក្រោយនេះ ការឡើងតំណែងជានាយផ្នែកជលផលបាសាក់ បានធ្វើឲ្យលោក សេង ធីម មានជីវភាពកាន់តែធូរធារ ព្រោះគាត់មានទីស្នាក់ការ ប្រចាំតាមផ្លូវជាតិលេខ២១ ដែលជាគោលដៅ នៃការដឹកជញ្ជូនត្រីឆ្តោ ត្រីរ៉ស់ ដោយខុសច្បាប់មកពីស្រុកយួន ទាំងយប់ទាំងថ្ងៃ។ ក្រុមឈ្មួញជាច្រើន តែងតែរក្សាទំនាក់ទំនងល្អ ជាមួយលោក សេង ធីម ក្នុងការបង់លុយប្រចាំខែ និងប្រចាំជើង ហើយលុយដែលប្រមូលបាន ពីការឃុបឃិតឲ្យក្រុមឈ្មួញ រកស៊ីនាំចូលត្រីខុសច្បាប់ មកពីស្រុកយួន គឺលោក សេង ធីម បានត្រៀមសម្រាប់ រត់រកខ្សែទុយោ ដើម្បីអភិវឌ្ឍន៍មុខតំណែង ទៅតាមមហិច្ឆតា របស់គាត់ផងដែរ ។
ដោយឡែក លោក សេង ធីម ក៏បានចាត់តាំងមន្ត្រី ក្រោមឱវាទរបស់ខ្លួន ឲ្យចុះប្រមូលលុយពីអ្នករកស៊ីចិញ្ចឹមត្រីឆ្តោតាមបែ និងតាមស្រះរាប់រយកន្លែង នៅក្នុងស្រុកកោះធំ ស្រុកស្អាង ខេត្តកណ្តាល ទើបគ្មានវិធានការបង្ក្រាប ហើយគេដឹងថា គ្រាន់តែនុយសម្រាប់ការចិញ្ចឹមត្រីឆ្តោ ដោយខុសច្បាប់ នៅក្នុងស្រុកស្អាង ត្រូវចំណាយយ៉ាងហោចណាស់ ក្នុងមួយថ្ងៃជាង ២០ តោនឯណោះ។ ដោយសារតែភាពអនាធិបតេយ្យ នៃការចិញ្ចឹមត្រីឆ្តោ ដែលក្នុងស្រះ ឬបែមួយចំនួន មានកូនត្រីឆ្តោ ចាប់ពី ៧ម៉ឺនទៅ២០ម៉ឺនក្បាល បង្កើតឲ្យមានការដាក់សៃយ៉ឺន ស្បៃមុង យ៉ាងគគ្រឹកគគ្រេង តាមព្រែក បឹងបួ ដើម្បីចាប់កូនត្រីយកទៅធ្វើជានុយ សម្រាប់ការចិញ្ចឹមត្រីឆ្តោ។
មន្ត្រីតូចតាចមួយចំនួនបានធ្លោយឲ្យដឹងថា លោក សេង ធីម កំពុងឃុបឃិតឲ្យក្រុមឈ្មួញ ចិញ្ចឹមត្រីឆ្តោ នៅក្នុងស្រុកស្អាង និងស្រុកកោះធំ តាមបែនិងស្រះរាប់រយកន្លែង ចុះទម្រាំលោក សេង ធីម ឡើងធ្វើជានាយខណ្ឌ រដ្ឋបាលជលផលខេត្តកណ្តាល តាមរយៈការប៉ែងជើងលោក ឃ្លាំង វណ្ណធុល តើបទល្មើសនៃការចិញ្ចឹមត្រីឆ្តោខុសច្បាប់ ក៏ដូចជាបទល្មើសនេសាទ នៅខេត្តកណ្តាល កើនឡើងដល់កម្រិតណា។ គ្រប់ៗគ្នាកំពុងរង់ចាំអ៊ុតមើល លទ្ធផលនៃការដេកហៀរទឹកមាត់ ចង់អភិវឌ្ឍន៍មុខតំណែង របស់លោក សេង ធីម ថាតើអាចទទួលបានជោគជ័យ ដូចក្តីស្រមៃរបស់គាត់ឬក៏អត់ នៅពេលដែលមន្ត្រីជាច្រើន យល់ឃើញថា លោក វិត ធារិទ្ធ ជានាយរងខណ្ឌជលផលខេត្តកណ្តាល គឺជាបេក្ខជនដ៏សក្តិសមជាងគេ សម្រាប់ជំនួសតំណែងលោក ឃ្លាំងវណ្ណធុល៕
Source from: watphnom-news.com























Loading...




Post a Comment