ខេត្តសៀមរាប ៖ កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៣ អាជ្ញាធរបានព្យាយាម រំដោះទឹកកុំឲ្យហូរចូល លិចក្រុងសៀមរាប បន្ទាប់ពីទំនប់ទ្វារទឹកតាកៅ បានបាក់បង្កការជន់លិចលំនៅដ្ឋាន ប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ ហើយអាជ្ញាធរក៏បាន បញ្ចៀសឲ្យទឹកហូរ ទៅកាន់បារាយណ៍ទឹកថ្លា ដែលរហូតមកដល់ពេលនេះ ទឹកបានច្រាលមកវិញ បង្កឲ្យមានការ ព្រួយបារម្ភយ៉ាងខ្លាំង។
លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានដឹកនាំកម្លាំង ដើម្បីចុះពិនិត្យកម្ពស់ទឹក និងរៀបចំគ្រឿងចក្រ រួចជាស្រេចសម្រាប់រំដោះទឹក ចេញពីបារាយណ៍ទឹកថ្លា ដែលកំពុងផ្ទុកលើសចំណុះ បើក្នុងករណីចាំបាច់ និងក្នុងគ្រាអាសន្ន។ ក្រុមមន្ត្រីបានបញ្ជាក់ថា ក្នុងករណីប្រកាសអាសន្ន អាជ្ញាធរបានត្រៀម វិធីដោះស្រាយ ក្នុងការជីកបើកផ្លូវទឹក នៅលើខ្នងទំនប់ នៃបារាយណ៍ទឹកថ្លា និងទីកន្លែងមួយចំនួនទៀត។
ចំពោះកម្ពស់ទឹកស្ទឹងសៀមរាប តាំងពីព្រលប់ រហូតដល់ព្រឹកថ្ងៃទី៦ ខែតុលា នៅតែហៀរចូលក្រុង ជាបណ្ដើរៗខណ:ដែល ភ្លៀងបានបន្ដធ្លាក់ជាច្រើនមេ កាលពី ប៉ុន្មានថ្ងៃកន្លងទៅនេះ។ ទឹកស្ទឹងសៀមរាប បានឡើងហៀរច្រាំង ហើយនៅតាមបណ្ដោយមាត់ស្ទឹង ចាប់ពីខាងក្រោមអាងក្រពើ ត្រូវបានទឹកជន់លិច រហូតដល់កន្លែងខ្លះ មានកម្ពស់ជិតកន្លះម៉ែត្រ នៅលើផ្លូវ បណ្តាលឲ្យទឹកលិចផ្ទះ ភូមិដ្ឋាន និងលិចផលដំណាំមួយចំនួនផងដែរ៕
Source from: watphnom-news.com























Loading...




Post a Comment