នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកាកបាទក្រហមកម្ពុជាចំណុះ១២កៅអី ដែលដឹកអ្នកកាសែតចូលរួមយកព័ត៌មានក្នុងកម្មវិធីចុះចែកអំណោយរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងរថយន្តក្រុងរបស់ក្រុមហ៊ុនកាពីតូល បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន២នាក់ ក្នុងនោះមានអ្នកកាសែតកោះសន្តិភាពម្នាក់ និងអ្នកបើកបរម្នាក់ ព្រមទាំងមានអ្នករបួសជាច្រើននាក់ផ្សេងទៀត ។
ភ្នាក់ងារយកព័ត៌មានរបស់កាសែតកោះសន្តិភាពម្នាក់ដែលបានស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះ ទី អ៊ុយសុង និង ភ្នាក់ងារយកព័ត៌មានរបស់កាសែតរស្មីកម្ពុជាឈ្មោះ ស្រូយ នីកា រងរបួសធ្ងន់ ព្រមទាំងមានអ្នកកាសែតផ្សេងទៀតរងរបួសបាក់ដៃបាក់ជើង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅចំណុចឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ខណៈដែលព័ត៌មានបឋម បានបញ្ជាក់ថា រថយន្តកាកបាទក្រហមកម្ពុជាដឹកអ្នកកាសែតបុកគ្នាជាមួយរថយន្តក្រុងរបស់ក្រុមហ៊ុនកាពីតូលក្នុងទិសដៅស្របគ្នាពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តបាត់ដំបងតាមផ្លូវជាតិលេខ៥ ។
លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានមានប្រសាសន៍ឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មានអ្នកស្លាប់ចំនួន២នាក់ គឺអ្នកបើកបរម្នាក់ និងអ្នកកាសែតម្នាក់ដែលអង្គុយខាងមុខ ព្រមទាំងមានអ្នករងរបួសធ្ងន់-ស្រាល ចំនួន៥នាក់ទៀត ។
គេមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដដែលនាំឲ្យមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅឡើយទេ ៕
Source from: www.dtn7.com
Post a Comment