រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដែលអះអាងថា ខ្លួនជាប៉ូលិសប៉ុន្តែមិនដឹងថា នៅអង្គភាពណានោះទេ បានបាញ់បំបែកកង់ឡាន បុរសម្នាក់ជាគូទំនាស់ រួចឡើងម៉ូតូជិះគេចខ្លួន បាត់ស្រមោល កាលពីម៉ោង ៩យប់ថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០១៣ ដោយសារតែរឿងមើលមុខគ្នា ក្នុងន័យឌឺដងពេលផឹកស៊ី អង្គុយក្បែរគ្នា ក្នុងហាងយីហោ ការ៉េបួន (៤៤៤៤) នៅតាមបណ្ដោយផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះឈ្មោះ នុត ចំរើន ភេទប្រុស អាយុ ៤៣ ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ហើយនៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញសំបកគ្រាប់ ដែលបាញ់ចេញពីកាំភ្លើងខ្លី ម៉ាកឡុកចំនួន ១ គ្រាប់ របស់ជនសង្ស័យ។ ជនរងគ្រោះនិយាយថា មុនពេលកើតហេតុ គាត់និងមិត្តភក្តិម្នាក់ទៀត បានចូលមកផឹកស៊ី នៅក្នុងហាងការ៉េបួន ហើយអង្គុយតុជិតគ្នា ជាមួយក្រុមខ្មាន់កាំភ្លើង ដែលមានគ្នា ៣ទៅ៤ នាក់ផងដែរ។
ក្រោយមកមានបុរសម្នាក់ ដែលគាត់អះអាងថា ជាសមត្ថកិច្ច ហើយអួតក្អេងក្អាង ពីនេះពីនោះ និងនិយាយឌឺដង ដាក់ក្រុមគាត់រហូត ។ ប្រហែលជាង កន្លះម៉ោងក្រោយមក បុរសដែលបានអះអាងថា ជាសមត្ថកិច្ចប៉ូលិសនោះ បានឱ្យគេគិតលុយ ហើយដើរចេញក្រៅមុន ពេលនោះម៉ូតូរបស់ជនបង្ក បានដាក់នៅខាងក្រោយឡានរបស់គាត់ ហើយគេបានឱ្យគាត់ ថយឡានចេញបន្តិច។ ប៉ុន្តែគាត់មិនទាន់បានថយឡានផង ស្រាប់តែខ្មាន់កាំភ្លើងម្នាក់នោះ ដកកាំភ្លើងពីចង្កេះ មកបាញ់ទម្លុះកង់រថយន្ត របស់គាត់បែកតែម្តង ហើយបានឡើងជិះម៉ូតូ យ៉ាងប្រញាប់ប្រញាល់ គេចខ្លួនបាត់ស្រមោល៕
Source from: watphnom-news.com























Loading...




Post a Comment