រាជធានីភ្នំពេញ ៖ អំឡុងពេលបើកកិច្ចប្រជុំ គណរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅវិមានសន្តិភាព សម្តេច ហ៊ុន សែន បានធ្វើការអំពាវនាវ ទៅកាន់ម្ចាស់បំណុលទាំងអស់ ដែលរួមមានទាំងធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងម្ចាស់បំណុលជាប្រជាជន ដែលរកស៊ីចងការប្រាក់ សូមមានការយោគយល់ ចំពោះកូនបំណុលទាំងឡាយណា ដែលជួបប្រទះនូវគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ក្នុងឆ្នាំ២០១៣ដូចមានប្រកាសក្នុង សេចក្តីណែនាំសំខាន់ៗចំនួន ៣ ចំណុច។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា គឺនៅពេលដែលមានគ្រោះទឹកជំនន់នេះ ក្រុមគ្រួសារមួយចំនួន ដែលបានទៅធ្វើកម្ចី ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករហិរញ្ញវត្ថុ ត្រូវជាប់បំណុលដ៏ធ្ងន់ធ្ងរ។ បើទោះបីជាសេដ្ឋកិច្ចទីផ្សា គ្មានមេត្តាធម៌ តែសុំការយោគយល់ ដើម្បីជួយប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះ។ ដូចនេះរាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការអំពាវនាវលើ ៣ ចំណុចសំខាន់ ៖
ទី១-ចំពោះប្រជាពលរដ្ឋ ដែលជាអតិថិជនដែលកំពុង រងផលប៉ះពាល់ធ្ងន់ធ្ងរ និងគ្មានលទ្ធភាពសងបំណុលត្រឡប់វិញ ទាន់ពេលវេលា សូមផ្តល់ការអនុគ្រោះ ដល់ប្រជាពលរដ្ឋទាំងនោះ ដោយមិនត្រូវបង្ខំឲ្យពួកគាត់លក់ផ្ទះ ឬដីធ្លីដែលជាទ្រព្យបញ្ចាំ ធានាឥណទាន យកមកសងបំណុល ឬរឹបអូសទ្រព្យបញ្ចាំនោះ។ សូមមេត្តាផ្តល់នូវការអនុគ្រោះ កុំឲ្យមានការបង្ខំណាមួយ ពាក់ព័ន្ធការសងបំណុលនេះ តែការអំពាវនាវនេះសម្រាប់តែប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ពិតប្រាកដ តែមិនមែនសម្រាប់អ្នកដែលខ្ចី ទៅលេងល្បែងនោះទេ។
ទី២-ចំពោះឥណទានដល់ការកំណត់សង សូមពិនិត្យលទ្ធភាពពន្យារពេល សងឥណទាន ជាមួយការអនុគ្រោះ មិនផាកពិន័យ មិនយកការប្រាក់ ឬយកការប្រាក់ទាប ដែលអាចធ្វើទៅបាន។ ដូចនេះម្ចាស់បំណុលទាំងអស់ សូមមេត្តាយោគយល់ ទុកពេលដ៏សមរម្យមួយ ដើម្បីផ្តល់លទ្ធភាពឲ្យ គ្រួសារជនរងគ្រោះ អាចមានលទ្ធភាពធ្វើការ សងបំណុលធនាគារ ។
ទី៣-សូមពិនិត្យលទ្ធភាពផ្តល់ឥណទានបន្ថែមជាមួយ និងអត្រាការប្រាក់ទាប ដើម្បីផ្តល់ឳកាសឲ្យប្រជាពលរដ្ឋរងគ្រោះ អាចស្តារជីវភាពរស់នៅឡើងវិញ តាមរយៈការធ្វើស្រូវប្រាំង និងស្រូវប្រដេញទឹក ឬ ការដាំដុះដំណាំ និងការធ្វើអាជីវកម្មផ្សេងៗ ។ ពោលគឺមិនត្រឹមតែ មិនត្រូវរឹបអូសដីធ្លី ឬ ទ្រព្យសម្បត្តិរបស់គាត់ មិនត្រឹមតែមិនឲ្យផាកពិន័យគាត់ និងពន្យារពេលការសងប្រាក់ និងមិនយកការប្រាក់ នៅក្នុងរយៈពេលនៃការពន្យារប៉ុណ្ណោះទេ ត្រូវពិនិត្យមើលលទ្ធភាពនៃការផ្តល់ឥណទានបន្ថែម សម្រាប់ពួកគាត់មានលទ្ធភាពសងបំណុល “សូមកុំកាប់មេមាន់ ទុកមេមាន់ ឲ្យវាពងកូន”។
ទាក់ទងនឹងបញ្ហាឥណទាននេះ រាជរដ្ឋាភិបាល ប្រគល់ភារៈកិច្ច ជូនលោក គាត ឈន់ ដឹកនាំធ្វើការសម្របសម្រួល ធ្វើការងារជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសធនាគារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការត្រួតពិនិត្យ តាមដានការអំពាវនាវនេះ ដោយលោកគាត ឈន់ និងធនាគារជាតិ និងក្រសួងសេដ្ឋកិច្ច ពិនិត្យមើលអំពីការអញ្ជើញ ម្ចាស់ធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ មកជួបជុំ ដើម្បីសុំការយោគយល់ ជំនួសមុខឲ្យប្រជាពលរដ្ឋរងគ្រោះ ឲ្យមានការយោគយល់ចំពោះបញ្ហាទាំងនេះ៕
Source from: watphnom-news.com























Loading...




Post a Comment