Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

យោងតាម​ប្រសាសន៍​របស់​បុរស​ខ្លាំង​ដែលថា «​ខ្ញុំ​មាន​កំហុស​អ្វី​ទើប​ទាមទារ​ឲ្យ​ខ្ញុំ​ចុះ​ចេញពី​តំណែង​?» នោះ ដូច្នេះ គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​សូម​លើកយក​កំហុសឆ្គង​ទី​១ របស់​បុរស​ខ្លាំង​ដែល​ទាក់ទង​ទៅនឹង​ការរំលោភ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ការចុះ​សន្ធិសញ្ញា​បំពេញបន្ថែម​ទៅលើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម មក​ធ្វើការ​ចុះផ្សាយ​ដូចតទៅ​៖

កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​១៩៨៥ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ទើប​ឡើងកាន់តំណែង​ថ្មីៗ សម​មិត្ត ហ៊ុន សែន បាន​ចុះហត្ថលេខា​នៅលើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ហៅ​កាត់​ថា «​សន្ធិសញ្ញា​កំណត់ព្រំដែន​ឆ្នាំ​១៩៨៥»​។​

នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ គ្រប់ភាគី​ខ្មែរ​មាន​ជម្លោះ​ទាំងអស់ ក្នុងនោះ មាន​ឯកឧត្តម ហ៊ុន សែន ផងដែរ បាន​ចុះហត្ថលេខា​នៅលើ​កិច្ចព្រមព្រៀង​នៃ​សន្និសីទ​ទីក្រុង​ប៉ារីស ស្តីពី​កម្ពុជា នៅ​ចំពោះមុខ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី ចំនួន​១៨ ផ្សេងទៀត «​ក្នុងនោះ​ក៏មាន​ប្រទេស​វៀតណាម​ផងដែរ​»​។​

ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្និសីទ​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ទាក់ទង​នឹង​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិនអាច​រំលោភ​បាន​នៃ​ដែនដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​កម្ពុជា បានចែង​តម្រូវ​ឲ្យ​គ្រប់ភាគី​កម្ពុជា បញ្ឈប់​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយណា​ដែល​មិន​សមស្រប​ទៅនឹង​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិនអាច​រំលោភ​បាន នៃ​ដែនដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់ខ្លួន និង​តម្រូវ​ឲ្យ​ភាគី​ប្រទេស​ហត្ថលេខី​ទាំងអស់​ចៀសវាង​ប្រើប្រាស់​ទឹកដី​របស់ខ្លួន ឬ​ទឹកដី​របស់​រដ្ឋ​ដទៃទៀត ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិនអាច​រំលោភ​បាន​នៃ​ដែនដី​អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​កម្ពុ​ជា​។ លើសពីនេះ កិច្ចព្រមព្រៀង​សន្និសីទ​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា ក៏បាន​តម្រូវ​ឲ្យ​មានការ​រៀបចំ​បោះឆ្នោត និង​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​របស់​កម្ពុជា ដោយ​តម្កល់​នូវ​បណ្តា​គោលការណ៍​ទាំងឡាយ ដែល​បានចែង​អំពី​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិនអាច​រំលោភ​បាន នៃ​ដែនដី អ​ព្យ​ក្រឹ​ត​ភាព និង​ឯកភាព​ជាតិ​កម្ពុជា​ទាំងស្រុង​។

នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​ជា​ធរមាន​ដែល​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែងថា «​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិនអាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់ខ្លួន​ដែលមាន​កំណត់​ក្នុង​ផែនទី​ខ្នាត​១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣ ហើយ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩​។​» និង​មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ​ដដែល​នេះ​បាន​ចែងថា «​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយណា​ដែល​មិន​សមស្រប នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​លុបចោល​។​»​។​

នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០០៥ បុរស​ខ្លាំង​បាន​ជិះ​យន្តហោះ​ទៅ​ទីក្រុង​ហាណូយ ចុះសន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ទៅលើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ដែល​ខាង​ភាគី​ប្រទេស​វៀតណាម​មាន​ឯកឧត្តម ផាន វ៉ាន់ខាយ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

ស្មារតី​នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ រវាង​កម្ពុជា និង​វៀតណាម​នោះ គឺ​ការកសាង​ខ្សែ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ បានធ្វើការ​កែតម្រូវ​ពី​ផែនទី​ខ្នាត​១/១០០.០០០ មកជា​ផែនទី​ខ្នាត​១/៥០.០០០ និង​កំណត់​យក​ផែនទី​ខ្នាត​១/៥០.០០០ សម្រាប់ធ្វើ​ការវាស់វែង​កំណត់ព្រំដែន​វិញ​ខណៈដែល​សកម្មជន​ព្រំដែន​ជាច្រើន​នាក់ បាននាំគ្នា​តវ៉ា​ទាមទារ​កុំ​ឲ្យ​បុរស​ខ្លាំង​ចុះហត្ថលេខា​នៅលើ​សន្ធិសញ្ញា​បំពេញបន្ថែម​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​នេះឡើយ ប៉ុន្តែ បុរស​ខ្លាំង​នៅតែ​មានះ​រឹងរូស​ចុះហត្ថលេខា​ដដែល ហើយ​ចាប់​សកម្មជន​ព្រំដែន​ទាំងនោះ​ដាក់គុក ទៀតផង​។

ដោយសារ​មានការ​ធានា​អះអាង​របស់​បុរស​ខ្លាំង​ថា មិនមាន​ការបាត់បង់​ទឹកដី​នោះ ទើប​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០០៥ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បានសម្រេច​ព្រះទ័យ​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រម ដែល​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ទៅលើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ដែល​រដ្ឋសភា​បានអនុម័ត​នា​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០០៥ និង​ព្រឹទ្ធសភា​បានអនុម័ត​យល់ព្រម នា​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥ រួចហើយ​។ មានន័យថា សន្ធិសញ្ញា​បំពេញបន្ថែម​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ដែល​បាន​ចុះហត្ថលេខា ដោយ​បុរស​ខ្លាំង​បានក្លាយ​ទៅជា​ច្បាប់​មួយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​អនុវត្តន៍​បោះបង្គោល​ព្រំដែន​ខណ្ឌសីមា​ដែនដី​គោក​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ទល់​សព្វថ្ងៃ​។​

មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា បាន​លើកឡើងថា ទោះបី​បុរស​ខ្លាំង​ធានា​អះអាង​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​នា​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០០៥ កន្លងមក​ថា មិនមាន​ការបាត់បង់​ទឹកដី​ដោយសារ​ការចុះ​សន្ធិសញ្ញា​បំពេញបន្ថែម​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ជាមួយ​វៀតណាម​នេះ​ក៏ដោយ ប៉ុន្តែ​ការប្រើប្រាស់​ផែនទី​ខ្នាត​១/៥០.០០០ សម្រាប់​វាស់វែង​កំណត់ព្រំដែន​រដ្ឋ​ជាមួយ​ប្រទេស​វៀតណាម នៅក្នុង​សន្ធិសញ្ញា​បំពេញបន្ថែម​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ដោយ​កែប្រែ​ផែនទី​ខ្នាត​១/១០០.០០០ មកជា​ផែនទី​ខ្នាត​១/៥០.០០០ នោះ គឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅត្រង់​មាត្រា​២ និង​មាត្រា​១៥០​ថ្មី (​មាត្រា​១៣១​ចាស់​) វាក្យខណ្ឌ​ទី​២​ទាំងស្រុង​ដែល​បាន​ចែងថា «​ច្បាប់​នឹង​សេចក្តីសម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត​។​»​។​

សរុបសេចក្តី​មក នេះ​គឺជា​ព័ស្តុតាង​ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​កំហុស​ទី​១ របស់​បុរស​ខ្លាំង​ដែល​រំលោភបំពាន​រដ្ឋធម្មនុញ្ញ​ក្នុងការ​ចុះសន្ធិសញ្ញា​បំពេញបន្ថែម​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ជាមួយ​ប្រទេស​វៀតណាម​៕​

dtn0011dtn0033


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item