បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា បានប្រកាសជាផ្លូវការថា នឹងដឹកនាំប្រជាពលរដ្ឋជាម្ចាស់ឆ្នោតដែលគាំទ្រគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្មរៀងរាល់ថ្ងៃ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ចាប់តាំងពីថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៣នេះតទៅ ដើម្បីទាមទារឲ្យមានការបោះឆ្នោតសាជាថ្មីឡើងវិញនោះរួចមក ឯកឧត្តម ឈាង វុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានមានប្រសាសន៍របៀបព្រមានទុកជាមុនថា "កងកម្លាំងសមត្ថកិច្ចដែលការពាររដ្ឋធម្មនុញ្ញ ការពារសន្តិសុខ សុវត្ថិភាពប្រទេសជាតិ អាចនឹងពុំមានការអត់ធ្មត់តទៅទៀត បើអ្នកនយោបាយគណបក្សប្រឆាំងនៅតែប្រើប្រាស់កម្លាំងប្រជាជនគំរាមចង់ផ្តួលរំលំរាជរដ្ឋាភិបាល ។ " ។
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣ ម្សិលមិញនេះ ឯកឧត្តម ឈាង វុន ដែលមានឈ្មោះល្បីខាងគេរិះគន់ច្រើននៅក្នុងបណ្តាញសង្គម Facebook នោះ បានមានប្រសាសន៍ប្រាប់បណ្តាញឃោសនាថា "អ្នកនយោបាយគណបក្សទាំង២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គប្បីស្វែងរកដំណោះស្រាយ ដើម្បីទម្លាយភាពជាប់គាំងផ្នែកនយោបាយនេះឡើង ។ គណៈអចិន្ត្រៃយ៍នៃរដ្ឋសភាមិនមានចេតនាសោះឡើយក្នុងការបង្វែរកៅអីរបស់បក្សប្រឆាំងក្នុងអាណត្តិនេះទៅឲ្យបក្សដទៃនោះ ។ " ។
ដោយឡែក ឯកឧត្តម កឹម សុខា អនុប្រធានណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលខេត្តកំពង់ចាម បានមានប្រសាសន៍តបរបៀបព្រមានវិញថា "ការបង្ក្រាបណាមួយដោយកម្លាំងសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល គឺត្រូវប្រឈមចំពោះមុខច្បាប់ ។ គណបក្សប្រឆាំងមិនដែលបដិសេធម្តងណាឡើយថា នឹងមិនសហការជាមួយគណបក្សប្រជាជនកម្ពុជា ករណីដោះស្រាយអំពីបញ្ហាជាតិ តែផ្ទុយទៅវិញ អ្វីដែលគណបក្សប្រឆាំងមិនអាចទទួលយកបាននោះ គឺលទ្ធផលឆ្នោតមិនឆ្លុះបញ្ចាំងពីការពិត ។ " ។
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣នេះ គណបក្សសង្គ្រោះជាតិនឹងដឹកនាំអ្នកគាំទ្រធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដោយប្រកាសថា នឹងមានការដង្ហែក្បួនផង បើទោះបីអាជ្ញាធរបានហាមឃាត់មិនឲ្យមានការហែក្បួនក៏ដោយ ដើម្បីទាមទារឲ្យមានការបោះឆ្នោតសាជាថ្មីឡើងវិញនៅឆ្នាំ២០១៤ខាងមុខ ។ លើសពីនេះ គណបក្សសង្គ្រោះជាតិបានប្រកាសទៀតថា នឹងបន្តធ្វើបាតុកម្មជារៀងរាល់ថ្ងៃឥតឈប់ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣នេះតទៅ រហូតដល់មានការបោះឆ្នោតសាជាថ្មីឡើងវិញ តាមការទាមទាររបស់គណបក្សសង្គ្រោះជាតិ ៕
Source from: www.dtn7.com























Loading...




Post a Comment