បត់ម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកឡាន ដួលបែកក្បាលស្លាប់ភ្លាមៗគួរឲ្យរន្ធត់
ខេត្ដកណ្ដាល ៖ យុវជនម្នាក់បានរងរបួសបាក់ជើង និងបែកក្បាលផ្នែកខាងក្រោយ រងរបួសធ្ងន់និងស្លាប់ភ្លាមៗមួយរំពេច ដោយសារតែបើកបរម៉ូតូបត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្ដ នៅលើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតនៅក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់ កណ្ដាល កាលពីវេលាម៉ោង ២០និង៣០ នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤ ។
ជនរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះ ហម ហួរ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិសន្លង់ ឃុំសន្លង់ ស្រុកខ្សាច់កណ្ដាល ជិះម៉ូតូម៉ាកហុងដាវ៉េវ សេ១១០ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះទៅបុករថយន្ដម៉ាកតូយូ តាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២W-៧៧៩០ បើកបរដោយឈ្មោះ ព្រំ ម៉ារីប្រាថ្នា ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូ តាមបណ្ដោផ្លូវជាតិលេខ៨ ក្នុងទិសដៅ ពីជើងទៅត្បូងតែម្នាក់ឯង ដោយពុំមានពាក់មួក ការពារសុវត្ថិភាពនោះទេ នៅពេលទៅដល់ ចំណុចកើតហេតុ ជនរងគ្រោះបានបើកម៉ូតូ បត់ឆ្វេងឆ្លងផ្លូវជាតិ ក្នុងគោលបំណងត្រឡប់ក្រោយ ក៏បានជ្រុលទៅបុកជាមួយ រថយន្ដតូយ៉ូតាព្រូស ចំពីមុខរថយន្ដចំហៀង ខាងឆ្វេង ពេញមួយទំហឹង បណ្ដាលឱ្យម៉ូតូដួល បោកទៅលើផ្លូវជាតិ ធ្វើឱ្យជនរងគ្រោះរងរបួសធ្ងន់ និងស្លាប់ភ្លាមតែម្ដង៕
Source from: watphnom-news.com























Loading...




Post a Comment