
កូនប្រុសនាយករដ្ឋមន្ត្រីបំពានព្រះរាជក្រឹត្យឬអ្នកគាំទ្រមិនរំលេចឋានន្តរស័ក្តិពិតរបស់ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ?
នៅក្នុងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា មាន Page មួយប្រើឈ្មោះ និងរូបថតលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើជា Profile ដែលមានអ្នក Like Page ចំនួន 22.400 ដោយគេមិនទាន់បានដឹងប្រាកដថាជា Page គ្រប់គ្រងផ្ទាល់ដោយលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ឬក៏មានអ្នកលេង Facebook បង្កើត Page លួចប្រើប្រាស់ឈ្មោះ និងរូបថតលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត យ៉ាងណានោះឡើយ ។
ទោះបី Page ក្នុងបណ្តាញព័ត៌មានសង្គម Facebook ប្រើប្រាស់ឈ្មោះ និងរូបថតលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នេះជារបស់កូនប្រុសនាយករដ្ឋមន្ត្រីពិត ឬមិនពិតក៏ដោយ ក៏គេអាចសន្និដ្ឋានថា ប្រាកដជាមានអ្នកគាំទ្រលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទើបបង្កើត Page ផ្សព្វផ្សាយអំពីសកម្មភាពលោកឧត្តមសេនីយ៍រូបនេះឡើង ។
ចំណុចគួរឲ្យចាប់អារម្មណ៍នោះ គឺនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤នេះ Page ដែលប្រើឈ្មោះនិងរូបថតកូនប្រុសនាយករដ្ឋមន្ត្រី បាន Post នូវសកម្មភាពរបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានចូលរួមសម្ពោធអគារមន្ទីរពេទ្យយោធភូមិភាគទី៥សំពៅលូន នៅស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ ដោយបង្ហាញឲ្យឃើញថា រូបថតលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ពាក់ផ្កាយ២(ឧត្តមសេនីយ៍ទោ) ខណៈដែលតាមការពិត លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៣៣៨៨៣ មានឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក(ផ្កាយ៣) ។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៣៣៨៨៣ អាយុ៣៦ឆ្នាំ ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៣/៦៧១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ និងកាន់កាប់មុខតំណែងជាមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងទ័ពជើងគោក ។
ដូច្នេះ អ្នកគាំទ្រដែលបង្កើត Page ក្នុងបណ្តាញព័ត៌មានសង្គម Facebook ប្រើប្រាស់ឈ្មោះ និងរូបថតលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មិនបានរំលេចអំពីឋានន្តរស័ក្តិពិតរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសបុរសខ្លាំងជានាយករដ្ឋមន្ត្រីទាល់តែសោះ ឬក៏លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ភ្លេចខ្លួនលោកបានឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក ឬក៏ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មិនទាន់បំពាក់ផ្កាយ៣ជូនលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទើបកូនប្រុសច្បងនាយករដ្ឋមន្ត្រីគ្មានផ្កាយ៣ពាក់ ឬក៏លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បំពានទៅលើព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបានឡាយព្រះហស្តលេខាត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯកជូនរូបលោក ?
មជ្ឈដ្ឋានអ្នកតាមដានវិស័យយោធានៅកម្ពុជា បានលើកឡើងថា ថ្វីដ្បិតលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រីពាក់ផ្កាយ៣ក៏ដោយ ក៏នាយឧត្តមសេនីយ៍ផ្កាយ៤ទាំងអស់ខ្លបខ្លាចអំណាចរបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែរ ហើយនាយឧត្តមសេនីយ៍ទាំងនោះធ្លាប់ខ្លបខ្លាចលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត តាំងពីបានពាក់ផ្កាយ១(ឧត្តមសេនីយ៍ត្រី)មកម្ល៉េះ ៕
Source from: www.dtn7.com
Post a Comment