ភ្ញាក់ផ្អើលរឿងអតីតមិត្តស្រីមេដឹកនាំកូរ៉េខាងជើងដែលឋិតក្នុងបញ្ជីត្រូវប្រហារជីវិតបែរជាមិនស្លាប់
កាលពីអំឡុងខែសីហា ឆ្នាំ២០១៣ កន្លងទៅសារព័ត៌មានកូរ៉េខាងត្បូង បានចុះផ្សាយឲ្យដឹងថា មុនពេលស្នើឲ្យមានការប្រហារជីវិតឪពុកមារបស់ខ្លួននោះ លោក គឹម ជុងអ៊ុន «Kim Jong-Un» មេដឹកនាំកំពូលវ័យក្មេងកូរ៉េខាងជើង បានចេញបញ្ជាឲ្យធ្វើការប្រហារជីវិតមិត្តស្រីរបស់លោកម្នាក់ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះនៅក្នុងប្រទេសមានរឿងអាស្រូវសាកល្បងផលិតអាវុធនុយក្លេអ៊ែរមួយនេះ ខណៈដែលសារព័ត៌មានបានផ្សព្វផ្សាយដែរថា នាត្រូវបានសមត្ថកិច្ចចាប់ខ្លួននាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣ ពីបទធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ព្រោះថតរូបវីដេអូសិច និងក៏ត្រូវបានប្រហារជីវិត នៅថ្ងៃទី២០ ខែឆ្នាំដដែល។
ស្រាប់តែនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ថ្មីៗនេះ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលសឹងមិនគួរឲ្យជឿបានកើតឡើង គឺសារព័ត៌មានអង់គ្លេស Telegraph បានចុះផ្សាយថា អតីតមិត្តស្រីរបស់លោក Kim Jong-Un គឺនាង Hyon Song-Wol បានលេចមុខតាមកញ្ចក់ទូរទស្សន៍ផ្លូវការមួយទាំងមានសុខភាពល្អទាំងស្រុងនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ក្នុងកិច្ចប្រជុំរបស់ក្រុមសិល្បករ សិល្បការិនី។
នាឱកាសបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ដ៏គួរឲ្យភ្ញាក់ផ្អើលនោះ នាង Hyon Song-Wol អាយុ៣០ឆ្នាំ ជាតារាចម្រៀង និងជាអតីតមិត្តស្រីរបស់លោក Kim Jong-Un ដែលគេគ្រប់គ្នាសន្មតិថា ត្រូវបានរដ្ឋអំណាចកូរ៉េខាងជើងសម្លាប់ចោលបាត់ទៅហើយនោះ បានសម្តែងនូវការដឹងគុណចំពោះមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un និងបានសំណូមពរឲ្យប្រជាជនជួយជ្រោមជ្រែងគាំទ្រដល់វិស័យសិល្បៈ ព្រមទាំងបំពេញការងារដោយការស្ថាបនា។
សូមរម្លឹកជូនថា កាលនៅវ័យជំទង់ដូចគ្នា លោក Kim Jong-Un ជាមេដឹកនាំកំពូលកូរ៉េខាងជើងសព្វថ្ងៃ និងតារាចម្រៀង Hyon Song-Wol បានស្រឡាញ់គ្នា ប៉ុន្តែក្រោយមកត្រូវបានចាប់បង្ខំបំបែកពីគ្នា ដោយលោក Kim Jong-Il ជាឪពុកលោក Kim Jong-Un។
មជ្ឈដ្ឋានអ្នកឃ្លាំមើលដំណើរការដឹកនាំប្រទេសកូរ៉េខាងជើងបានចោទជាសំណួរថា តើលោក Kim Jong-Un មេដឹកនាំកំពូលវ័យក្មេងប្រទេសកុម្មុយនីស្តផ្តាច់ការកូរ៉េខាងជើងអាចមានមនោសញ្ចេតនាអធ្យាស្រ័យចំពោះអតីតមិត្តស្រីរបស់លោកដែរឬយ៉ាងណា ទើបនាង Hyon Song-Wol មិនត្រូវបានសម្លាប់ដូចការផ្សព្វផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូងពីដំបូងនោះ?៕
Source from: www.dtn7.com























Loading...




Post a Comment