
រុះរើអគាររោងជាងឧស្សាហកម្ម ខ្វះការប្រុងប្រយ័ត្ន រលំជញ្ជាំងមកលើផ្លូវ របួសអ្នកដំណើរ
ខេត្តបាត់ដំបង ៖ អគាររោងជាង ឧស្សាហកម្មមួយកន្លែង ខណៈដែលក្រុមជាងរុះរើ ជួសជុលជាថ្មី មិនបានប្រយ័ត្ន ធ្វើឲ្យជញ្ជាំងខាងមុខមួយផ្ទាំង រលំមកថ្នល់ ប៉ះអ្នកធ្វើដំណើរតាមម៉ូតូ ២នាក់ បណ្តាលឲ្យរងរបួស កាលពីម៉ោង ៦និង៤០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ ចំណុចផ្លូវលេខ១ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សាក្សីបានឲ្យដឹងថា នៅពេលជញ្ជាំងអគារ រោងជាងខាងមុខ មួយផ្ទាំងរលំមកលើថ្នល់ គេឃើញមានហុយផ្សែង ដូចទុស្សេខ្សែភ្លើង និងដាច់ខ្សែភ្លើង ខ្សែកាប្លិ៍ ខ្សែទូរស័ព្ទ ជាច្រើនខ្សែ ហើយឈើធំៗនិងថ្ម ខ្ទាតមកលើថ្នល់ បណ្តាលអោយត្រូវមនុស្ស ២នាក់ កំពុងជិះម៉ូតូរងរបួសស្រាល ។ ជនរងគ្រោះមានឈ្មោះ ជើប ប៊ុនថេន ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិ-ឃុំ-ស្រុក បវេល បានអោយដឹងថា ពេលខ្លួនកំពុងជិះម៉ូតូឌុបគ្នា ធ្វើដំណើរពីជើងទៅទិសត្បូង តាមផ្លូវលេខ១ មកដល់មុខ រោងជាឧស្សាហកម្ម ជញ្ជាំងថ្មអគារមួយផ្ទាំង បាក់ខ្ទាតឈើនិងថ្មដុំធំ ប៉ះម៉ូតូដួលបណ្តាលឲ្យ គ្រោះថ្នាក់ទាំង ២នាក់ ។
មន្ត្រីមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តម្នាក់ បានអោយដឹងថា អគាររោងជាងនេះ កសាងតាំងពីឆ្នាំ១៩៨៤ ដោយមានសភាពចាស់ទ្រុឌទ្រោម ត្រូវវាយចោល ដើម្បីសង់អគារថ្មី ហើយដោយយល់ថា មិនទាន់សាងសង់ ទើបមិនទាន់ធ្វើការ ហ៊ុមព័ទ្ធស័ង្កសី ។ ចំពោះជនរងគ្រោះនិងម៉ូតូ ខាងមន្ទីរឧស្សហកម្ម ជាអ្នកចេញថ្លៃព្យាបាល និងជួសជុល ហើយជាគោលការណ៍ ការវាយបំផ្លាញ ឬការកសាង ក៏ត្រូវតែរកឈើ ឬដែកចង ឬទប់ការពារកុំឲ្យផ្ទាំងធំ បាក់សង្កត់ប៉ះពារដល់ប្រជាពលរដ្ឋ ពេលធ្វើដំណើរតាមផ្លូវ៕
Source from: watphnom-news.com
Post a Comment