ទើបចេញពីកន្លែងផឹកស៊ី បើកឡានបុករះម៉ូតូ ស្លាប់ស្ត្រីជាប្រពន្ធ ឪពុកនិងកូនភ្លោះរបួសធ្ងន់
ខេត្តក្រចេះ ៖ រថយន្តកាមរីបាឡែន មួយគ្រឿង បានបើកបុកម៉ូតូ ៣គ្រឿង បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ និង ៣នាក់ ផ្សេងទៀតរងរបួសធ្ងន់ ខណៈដែលម្ចាស់រថយន្តបង្ក ទើបចេញពីកន្លែងផឹកស៊ី ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ នៅចំណុចភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីវេលាម៉ោង ៤និង៣០ នាទីល្ងាចថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០១៤ ។
សាក្សីបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាកកាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2P-6704 បើកបោះពួយយ៉ាងលឿនដូចហោះ ចេញពីកន្លែងស៊ីផឹក ក្នុងស្ថានភាពស្រវឹងជោគជាំ បានទៅបុករះម៉ូតូ ៣គ្រឿង ដែលកំពុងចតនៅលើដងផ្លូវ បណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់ និងប្តី ព្រមទាំងកូនភ្លោះ ២នាក់ទៀត រងរបួសធ្ងន់សន្លប់ នៅនឹងកន្លែងកើតហេតុ។
ក្រោយពេលបង្កហេតុ គេឃើញរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកខេត្តចំនួន ៣គ្រឿង ទៅដឹកជនរងគ្រោះ ដើម្បីសង្គ្រោះបន្ទាន់ ហើយរថយន្តសង្គ្រោះ មួយគ្រឿង បានបើកទៅយកជនបង្កហេតុ ដែលរងរបួស តែប្រជាពលរដ្ឋ ក៏បានធ្វើការឡោមព័ទ្ធ មិនឱ្យបើកចេញទៅណាទេ រហូតទាល់តែមានការអន្តរាគមន៍ ពីសំណាក់លោក ស្នងការរង ហ៊ន ប៉ូច បានដឹកនាំកម្លាំងទៅសម្របសម្រួល ធានាអះអាងជាមួយប្រជាពលរដ្ឋ ទើបស្ថានភាព មានការស្ងប់ស្ងាត់ទៅវិញ។
ស្ត្រីដែលស្លាប់បាត់បង់ជីវិត មានឈ្មោះ ជឿ ឡាឌីន ភេទស្រី អាយុ ២៩ឆ្នាំ ហើយអ្នករងរបួស រួមមានឈ្មោះ ជា រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ ឈ្មោះ ជា ស្រីរដ្ឋ ភេទប្រុស អាយុ ៣ឆ្នាំ និង ឈ្មោះ ជា ផាដុន ភេទប្រុស អាយុ ៦ឆ្នាំ អ្នកទាំង៤ ដែលបានស្លាប់ និងរងរបួសខាងលើ គឺជា ប្រពន្ធ ប្តី និងកូន មានទីលំនៅ ភូមិចង្ក្រង់ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ សមត្ថកិច្ច បាននាំយករថយន្ត និងម៉ូតូទាំង ៣គ្រឿង រួមទាំងជនបង្ក ទៅរក្សាទុកដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕
Source from: watphnom-news.com























Loading...




Post a Comment