រូបភាពរើសអើងនៃការប្រកបវិជ្ជាជីវៈមេធាវីនៅក្នុងសម័យគ្រប់គ្រងអំណាចរបស់បុរសខ្លាំង
ក្រៅពីមានការរើសអើងខាងនយោបាយ សមាគម និងសហជីព…នៅក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២ គ្រប់គ្រងអំណាចទាំងស្រុងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះ សូម្បីតែការប្រកបវិជ្ជាជីវៈមេធាវីដែលជាវិជ្ជាជីវៈឯករាជ្យ និងសេរី ចូលរួមបម្រើវិស័យយុត្តិធម៌ ឋិតក្នុងក្របខ័ណ្ឌនៃគណៈមេធាវី ដែលមិនឋិតនៅក្រោមគណបក្សនយោបាយណាមួយ ឬអង្គការសាសនាណាមួយ ឬអង្គការនានាផ្សេងទៀតដូចមានចែងក្នុងមាត្រា១ និងមាត្រា១៣ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានោះ ក៏មានការរើសអើងធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ដែរ ។
អនុលោមតាមមាត្រា១ និងមាត្រា១៣នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គឺការប្រកបវិជ្ជាជីវៈមេធាវី មិនគួរត្រូវទទួលរងការរើសអើងឡើយ ដ្បិតវិជ្ជាជីវៈមេធាវីដែលប្រព្រឹត្តទៅបានតែក្នុងក្របខ័ណ្ឌគណៈមេធាវីជាវិជ្ជាជីវៈឯករាជ្យ និងសេរី ចូលរួមបម្រើវិស័យយុត្តិធម៌ និងគណៈមេធាវីមិនឋិតនៅក្រោមគណបក្សនយោបាយណាមួយ ឬអង្គការសាសនាណាមួយ ឬអង្គការនានាផ្សេងទៀត ។ ប៉ុន្តែផ្ទុយស្រឡះទាំងស្រុង គឺគណៈមេធាវីបាននិងកំពុងលូកលាន់ ជ្រៀតជ្រែកពីមជ្ឈដ្ឋានគណបក្សនយោបាយ និងអ្នកមានអំណាច ព្រមទាំងមេធាវីខ្លួនឯងដែលជាសមាជិកនៃគណៈមេធាវី បូករួមទាំងក្រុមប្រឹក្សាគណៈមេធាវី(ជាអ្នកគ្រប់គ្រងគណៈមេធាវី) ក៏ដូចជាប្រធានគណៈមេធាវី(ជាអ្នកដឹកនាំគណៈមេធាវី) បានក្លាយជាស្ពានចម្លងឥទ្ធិពលនៃគណបក្សនយោបាយ និងមន្ត្រីអ្នកនយោបាយមានអំណាចមកស្ថាប័នគណៈមេធាវីដោយផ្ទាល់ ធ្វើឲ្យវិជ្ជាជីវៈមេធាវីបាត់បង់ឯករាជ្យភាព និងពោរពេញទៅដោយភាពរើសអើង ។
តាមរយៈការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមិនបានត្រឹមត្រូវ និងមិនម៉ឺងម៉ាត់ ជាពិសេសត្រង់មាត្រា៣២, មាត្រា៨៣ និងមាត្រា៨៩នោះ បានបើកផ្លូវឲ្យឥស្សរជននយោបាយយ៉ាងច្រើន រួមទាំងមន្ត្រីនៃស្ថាប័នតុលាការផង (ចៅក្រម និងព្រះរាជអាជ្ញា) អាចធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវី ក្លាយជាសមាជិកគណៈមេធាវីបាន ដោយសម្អាងលើសញ្ញាបត្របណ្ឌិតច្បាប់ ដែលកើតចេញពីគ្រឿងឥស្សរិយយស ឬមេដាយស្ថាបនាជាតិ ឬបណ្ឌិតកិត្តិយស(គ្មានឆ្លងកាត់សាលាច្បាស់លាស់ ឬសញ្ញាបត្របានមកដោយការបង់ប្រាក់ ឬជួលឲ្យគេសរសេរនិក្ខេបបទជំនួសជាហូរហែ) ។
មានឥស្សរជននយោបាយ និងមន្ត្រីជាន់ខ្ពស់ក្នុងស្ថាប័នរាជរដ្ឋាភិបាល ទាំងស៊ីវិល ទាំងប្រដាប់អាវុធ ព្រមទាំងចៅក្រម-ព្រះរាជអាជ្ញាបម្រើការងារក្នុងស្ថាប័នតុលាការជាច្រើននាក់ ទទួលបានឱកាសធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវី ក្លាយជាសមាជិកគណៈមេធាវី ដោយអ្នកទាំងនោះខ្លះជាមេធាវីសុំមិនប្រកបវិជ្ជាជីវៈ ខ្លះជាមេធាវីសុំនៅក្រៅបញ្ជីគណៈមេធាវី ព្រោះមានវិសមិតភាពនឹងមុខងារសាធារណៈ រួមមាន ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមេធាវីអត្តលេខ៣៥០, ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមេធាវីអត្តលេខ៣៤៩, ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាមេធាវីអត្តលេខ៣៤៨, ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាមេធាវីអត្តលេខ៥២២, ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមេធាវីអត្តលេខ០៣៧, ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមេធាវីអត្តលេខ០៥៥, ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មេធាវីអត្តលេខ៣៤៧, ឯកឧត្តម ច័ន្ទ តានី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាមេធាវីអត្តលេខ១១៧, ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាមេធាវីអត្តលេខ០៩២, ឯកឧត្តម ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាមេធាវីអត្តលេខ៨៤៥, ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមេធាវីអត្តលេខ៧០៥, ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល ជាមេធាវីអត្តលេខ១២០, ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល ជាមេធាវីអត្តលេខ៨៤៨, ឯកឧត្តម យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ ជាមេធាវីអត្តលេខ៨៤៦, ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ជាមេធាវីអត្តលេខ៨៤៧…។ល។
លើសពីនេះ ប្រធានគណៈមេធាវី ក្រុមប្រឹក្សាគណៈមេធាវី និងសមាជិកគណៈមេធាវីមួយចំនួនទៀត ត្រូវបានតែងតាំងជាទីប្រឹក្សាថ្នាក់ដឹកនាំ ទីប្រឹក្សារាជរដ្ឋាភិបាល មេធាវីរាជរដ្ឋាភិបាល និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើពីអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ដល់រដ្ឋមន្ត្រី…ពោលគឺមានងារជាឯកឧត្តម ខុសប្លែកសហភាតាមេធាវីដទៃ ក្នុងក្របខ័ណ្ឌគណៈមេធាវីតែមួយ ។
ព័ស្តុតាងបានបង្ហាញថា ទាំងនៅក្នុងស្ថាប័នតុលាការ ទាំងនៅក្នុងស្ថាប័នរដ្ឋផ្សេងៗទៀត ក្រុមចៅក្រម-ព្រះរាជអាជ្ញា និងក្រុមមន្ត្រី តែងផ្តល់តម្លៃ និងអាទិភាពដល់មេធាវីដែលជាបក្ខពួក សែស្រឡាយ សាច់ញាតិរបស់គេ ទើបអាចប្រាស្រ័យការងារ ជាពិសេសក្នុងរឿងផលប្រយោជន៍បានល្អប្រសើរ ។ ផ្ទុយទៅវិញ ប្រសិនបើជាមេធាវីដែលមិនដង្ហែគាំទ្រពួកគេទាំងងងឹតងងល់នោះ ត្រូវពួកគេលាបពណ៌ ដោយចាត់ទុកថាជាមេធាវីប្រឆាំង ហើយងាយនឹងទទួលបានលទ្ធផលចាញ់ក្តី ក្នុងករណីមេធាវីនោះតំណាងសិទ្ធិ និងការពារក្នុងរឿងក្តីឲ្យអតិថិជន ។
តាមការកត់សម្គាល់ជាក់ស្តែង បានបង្ហាញថា មេធាវីដែលអាចចាត់ទុកជាមេធាវីប្រកបវិជ្ជាជីវៈគោរពតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងជាមេធាវីមានសមត្ថភាពវែកញែករឿងក្តី ប្រកបដោយឯករាជ្យភាពនោះ មិនត្រូវបានគេផ្តល់តម្លៃ និងយកចិត្តទុកដាក់ទេនៅក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២ គ្រប់គ្រងអំណាចដោយបុរសខ្លាំង គឺគេត្រូវការមេធាវីជាសែស្រឡាយសាច់ញាតិ និងបក្ខពួកដង្ហែតាមពួកគេឥតងាករេ ទោះខុសឆ្គងកម្រិតណាក៏ដោយ និងជាប្រភេទមេធាវីចេះរកលុយឲ្យចៅក្រម-ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីផ្សេងៗទៀត ដោយមិនខ្វល់ខ្វាយអំពីអំពើអយុត្តិធម៌នៅក្នុងរឿងក្តី ដែលធ្វើឲ្យភាគីម្ខាងក្នុងរឿងក្តី ក្លាយជាជនរងគ្រោះនោះឡើយ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា រូបភាពរើសអើងនៃការប្រកបវិជ្ជាជីវៈមេធាវីដែលជាវិជ្ជាជីវៈមួយបម្រើក្នុងវិស័យយុត្តិធម៌ដ៏សំខាន់នោះ គឺអាចធ្វើឲ្យមានអំពើអយុត្តិធម៌សង្គមយ៉ាងធ្ងន់ធ្ងរ ដែលពិបាកស្រោចស្រង់ជាទីបំផុត ដ្បិតអំពើពុករលួយរបស់មន្ត្រី ចៅក្រម-ព្រះរាជអាជ្ញាខិលខូចមួយចំនួនអាចប្រព្រឹត្តទៅតាមរយៈក្រុមមេធាវីដង្ហែជាបក្ខពួក និងសែស្រឡាយ សាច់ញាតិរបស់ពួកគេ ។ ដូច្នេះ គួរតែក្រុមប្រឹក្សា និងប្រធានគណៈមេធាវីធ្វើការពិចារណានៅក្នុងករណីរើសអើងចំពោះការប្រកបវិជ្ជាជីវៈមេធាវីនេះឲ្យបានម៉ត់ចត់បំផុត ៕
Source from: www.dtn7.com























Loading...




Post a Comment