តំណក់ប្រេងដំបូងរបស់កម្ពុជាបំបាក់មុខបុរសខ្លាំងឲ្យអាម៉ាស់និងខ្មាសសម្តី
មិនដឹងជាមកពីទីប្រឹក្សាផ្ទាល់ ឬថ្នាក់ដឹកនាំអាជ្ញាធរប្រេងកាតជាតិកម្ពុជាផ្តល់យោបល់ និងរាយការណ៍ភូតភរ ឬក៏អ្នកជំនាញរបស់ក្រុមហ៊ុនរុករក និងធ្វើអាជីវកម្មប្រេងរបស់សហរដ្ឋអាមេរិកនៅកម្ពុជាឈ្មោះ Chevron ផ្តល់ទិន្នន័យខុសឆ្គងជូនដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងណានោះទេ ទើបកាលពីខែកក្កដា ឆ្នាំ២០១១កន្លងទៅ បុរសខ្លាំងធ្លាប់បានប្រកាសជាសាធារណៈថា កម្ពុជានឹងទទួលបានតំណក់ប្រេងដំបូងរបស់ខ្លួននៅវេលាម៉ោង១២យប់នាថ្ងៃទី១២ ខែធ្នូ(១២) ឆ្នាំ២០១២ ខណៈដែលឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរប្រេងកាតជាតិកម្ពុជា ព្រមទាំងត្រូវជាដន្លងដងស្នែងជាមួយបុរសខ្លាំង មានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១១ថា ក្រុមអ្នកច្បាប់ និងមន្ត្រីជំនាញរបស់កម្ពុជាកំពុងតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងឧស្ម័ន ។
ការប្រកាសដោយផ្ទាល់មាត់ជាសាធារណៈរបស់បុរសខ្លាំង ដែលអ្នកដដ្ហែគាំទ្រតែងតែនិយាយថា មានអនុសាសន៍ពេជ្រអំពីតំណក់ប្រេងដំបូងរបស់កម្ពុជានោះ បានធ្វើឲ្យប្រជាពលរដ្ឋសប្បាយរីករាយ ដោយសង្ឃឹមថា ការគ្រប់គ្រង និងការបែងចែកផលពីប្រេងកាតបានល្អប្រសើរ នាំឲ្យសេដ្ឋកិច្ចជាតិបានរីកលូតលាស់ ជៀសផុតពីបណ្តាសានៃប្រេងកាតចំពោះប្រទេសកម្ពុជា ។
ផ្ទុយពីការប្រកាសរបស់បុរសខ្លាំងទាំងស្រុង គឺរហូតមកទល់សព្វថ្ងៃនេះមានរយៈពេលជិត២ឆ្នាំហើយ តំណក់ប្រេងលើកដំបូងរបស់កម្ពុជាមិនទាន់ទទួលបានលទ្ធផលនៅឡើយ ដោយមន្ត្រីជាន់ខ្ពស់គណបក្សនយោបាយកាន់កាប់អំណាចមួយចំនួនអះអាងសាជាថ្មីថា ការបូមប្រេង និងឧស្ម័នពីបាតសមុទ្រកម្ពុជា នឹងត្រូវពន្យារពេលដល់ឆ្នាំ២០១៦ខាងមុខទៅវិញ ខណៈដែលតំបន់ប្រេងបាតសមុទ្រពីប្លុក A ដល់ប្លុក F ជាពិសេសប្លុក A ត្រូវបានរុករកឃើញដោយក្រុមហ៊ុន Chevron រង់ចាំតែថ្ងៃបូមយកប្រេង និងឧស្ម័នប៉ុណ្ណោះ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ធ្លាប់បានមានប្រសាសន៍កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅឲ្យដឹងថា កម្ពុជាអាចនឹងទទួលបានចំណូលជាង១០០លានដុល្លារក្នុង១ឆ្នាំ ប្រសិនបើការបូមប្រេងកាតនៅប្លុក A បានសម្រេច ។ លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏ធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១១ថា នៅតំបន់ត្រួតគ្នាក្នុងដែនសមុទ្ររវាងកម្ពុជានិងថៃ ត្រូវបានអ្នកឯកទេសវាយតម្លៃថា មានធនធានប្រេងច្រើនជាងគេធៀបនឹងតំបន់នានាក្នុងដែនសមុទ្រកម្ពុជា ។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ទុកថា កម្ពុជានឹងអាចទទួលបានពីចំណូលប្រេងប្រចាំឆ្នាំកើនឡើងដល់១,៧ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២១ខាងមុខ ។
លោក ឆាយ សារ៉េត នាយកប្រតិបត្តិសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធាន បានឲ្យដឹងថា ធនធានប្រេងកាតនៅកម្ពុជាអាចធ្វើអាជីវកម្មបានរយៈពេល៣០ឆ្នាំ ។
មជ្ឈដ្ឋានជាច្រើន ជាពិសេសស្រទាប់បញ្ញវន្ត បានចោទជាសំណួរថា តើមកពីមូលេហេតុអ្វីពិតប្រាកដដែលមិនអាចធ្វើឲ្យក្រុមហ៊ុន Chevron របស់អាមេរិកបូមប្រេងកាតកម្ពុជាធ្វើអាជីវកម្មទាញយកចំណូលបាន ខណៈដែលក្រុមហ៊ុនរុករកឃើញកំណប់ប្រេងកាតនៅក្នុងបាតសមុទ្រកម្ពុជារួចហើយនោះ ? ម្យ៉ាងទៀត គេគួរតែដឹងថា តើប្លុកប្រេងកាតឋិតនៅតំបន់ដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃដែលអ្នកឯកទេសវាយតម្លៃថាមានបរិមាណប្រេងច្រើនជាងតំបន់ផ្សេងទៀតក្នុងសមុទ្រកម្ពុជានោះ ខាងភាគីប្រទេសថៃបានបូមប្រេងធ្វើអាជីវកម្មហើយឬនៅ ? ម្យ៉ាងទៀត តើមានមូលហេតុដ៏ស្មុគស្មាញអ្វីទៅដែលធ្វើឲ្យសម្តីប្រកាសរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រីកម្ពុជាក្លាយជាគ្មានតម្លៃ ពាក់ព័ន្ធនឹងតំណក់ប្រេងដំបូងរបស់កម្ពុជា ?
ក្រុមអ្នកតាមដានឃ្លាំមើលដំណើរការរុករកប្រេងកាតនៅកម្ពុជា បានធ្វើការទាញអារម្មណ៍ទៅលើការពន្យារពេលនៃការបូមប្រេងនៅក្រោមបាតសមុទ្រកម្ពុជា អាចមានការសង្ស័យលើកត្តាពីរយ៉ាងសំខាន់ៗ គឺ ៖
១-ថ្វីដ្បិតក្រុមហ៊ុន Chevron របស់សហរដ្ឋអាមេរិកជាក្រុមហ៊ុនទទួលបានសិទ្ធិរុករក និងធ្វើអាជីវកម្មប្រេងនៅកម្ពុជាក៏ពិតមែន ប៉ុន្តែជំហររបស់ក្រុមហ៊ុននេះបានដាក់ចេញនូវគោលការណ៍ចង់ឃើញប្រទេសកម្ពុជាប្រើប្រាស់ចំណូលពីធនធានប្រេងកាត និងឧស្ម័ននោះមានតម្លាភាព និងចំគោលដៅ(មិនពុករលួយ) ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាក់ស្តែង ។ ជំហររបស់ក្រុមហ៊ុន Chevron ធ្វើឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបុរសខ្លាំងបច្ចុប្បន្នស្ទាក់ស្ទើរមិនអាចទទួលយកបាន ទើបការបូមប្រេងគាំងដំណើរទល់សព្វថ្ងៃ ហើយបុរសខ្លាំងក៏អាម៉ាស់បាក់មុខបាក់មាត់យ៉ាងខ្លាំងក្នុងករណីនេះ ។
២-អាចមានអាថ៌កំបាំងផ្សេងទៀតរវាងកម្ពុជានិងប្រទេសក្បែរខាង គឺ ថៃ និង វៀតណាម ។ តាមភូមិសាស្ត្ររបស់ប្រទេសកម្ពុជាបានបង្ហាញថា សណ្ឋានតំបន់អណ្តូងប្រេងកាតក្រោមបាតសមុទ្រកម្ពុជាមានរាងដូចបាតខ្ទះ ដូច្នេះបើកម្ពុជាធ្វើការបូមប្រេងនឹងអាចធ្វើឲ្យអណ្តូងប្រេងកាតប្រទេសក្បែរខាងត្រូវហូរធ្លាក់ចូលមកអណ្តូងប្រេងកម្ពុជា ។ ក្នុងហេតុផលគួរឲ្យសង្ស័យនេះ ប្រទេសក្បែរខាងអាចប្រើប្រាស់គ្រប់ល្បិចកល និងគ្រប់មធ្យោបាយបន្ទច់បង្អាក់ការបូមប្រេងនៅកម្ពុជា ទុកឱកាសឲ្យប្រទេសពួកគេធ្វើការបូមប្រេងធ្វើអាជីវកម្មមុនកម្ពុជា ជៀសវាងការខាតបង់ ។
ទោះយ៉ាងណាក៏ដោយ ព័ស្តុតាងបានបង្ហាញរួចហើយថា តំណក់ប្រេងដំបូងរបស់កម្ពុជាបានបំបាក់មុខមាត់បុរសខ្លាំងឲ្យអាម៉ាស់ និងខ្មាសសម្តីដែលល្បីថា "ជាមាស ជាពេជ្រ"នោះយ៉ាងធ្ងន់ធ្ងរ រហូតទល់បច្ចុប្បន្ន ដ្បិតតំណក់ប្រេងដំបូងរបស់បុរសខ្លាំងនៅវេលាម៉ោង១២យប់ ថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ ស្ងាត់ឈឹងដូចចោរលួចសេះ ៕
Source from: www.dtn7.com























Loading...




Post a Comment