Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ទោះបី​ដាក់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ក៏​ដោយ​ ក៏​មិន​អាច​ប្រាកដ​ថា​ គ​.​ជ​.​ប​ មាន​ឯករាជ្យ​ភាព​និង​អព្យាក្រឹតភាព​ដែរ​

​បន្ទាប់​ពី​មានការ​រិះគន់​យ៉ាង​ចាស់ដៃ​ផង​ និង​ធ្វើ​សំណើ​ផង​ ទាក់ទង​នឹង​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ដែល​មុខងារ​ ភារកិច្ច​ និង​សមាសភាព​របស់​ស្ថាប័ន​នេះ​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ដោយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា​ថា​ គ្មាន​ឯករាជ្យ​ភាព​ និង​ព្យា​ក្រឹ​ត​ភាព​នោះ​រួច​មក​ នៅ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៤​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដ៏​មាន​ឥទ្ធិពល​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឯកភាព​យល់ព្រម​តាម​សំណើ​របស់​គណបក្សប្រឆាំង​ក្នុង​ការ​ដាក់​បញ្ចូល​ គ​.​ជ​.​ប​ ទៅ​ក្នុង​រដ្ឋ​ធម្ម​ន​ញ្ញ​ ហើយ​តម្រូវ​ឲ្យ​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​នាក់​ចូល​ប្រជុំ​សភា​ ដើម្បី​អនុម័ត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ។​

​ប្រភព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​អាច​ជឿ​ទុកចិត្ត​បាន​ ឲ្យ​ដឹង​ថា​ ដើម្បី​បញ្ចប់​នយោបាយ​នៅ​កម្ពុជា​មិន​ឲ្យ​លើស​ពី​ខែកក្កដា​ ឆ្នាំ​២០១៤​ខាង​មុខ​នេះ​ អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​៥៥​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រជុំ​សភា​ ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដាក់​បញ្ចូល​ស្ថាប័ន​ គ​.​ជ​.​ប​ ក្នុង​ច្បាប់​កំពូល​របស់​ប្រទេស​ ក្រោយ​បុរស​ខ្លាំង​"​បើកភ្លើង​ខៀវ​"​រួច​មក​ ។​

​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​បច្ចុប្បន្ន​ បាន​ចែង​តម្រូវ​ឲ្យ​ការ​គ្រប់គ្រង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ជា​សមត្ថកិច្ច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ។​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ ជា​អង្គការ​ឯករាជ្យ​ និង​អព្យាក្រឹត​ក្នុង​ការ​អនុវត្ត​សមត្ថកិច្ច​របស់​ខ្លួន​ ។​ សមាជិក​ទាំងឡាយ​នៃ​ គ​.​ជ​.​ប​ និង​សមាជិក​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​គ្រប់​លំដាប់ថ្នាក់​ ត្រូវ​មាន​ជំហ​អព្យាក្រឹត​ឥត​លម្អៀង​ក្នុង​ការ​អនុវត្ត​ការងារ​បោះ​ឆ្នោត​ ។​ សមាសភាព​ គ​.​ជ​.​ប​ មាន​ចំនួន​៩​នាក់​ដែល​អនុម័ត​ដោយ​រដ្ឋសភា​ ។​

​ទោះបី​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ បាន​ចែង​តម្រូវ​ឲ្យ​ គ​.​ជ​.​ប​ ជា​អង្គការ​ឯករាជ្យ​ និង​អព្យាក្រឹត​ក៏​ដោយ​ ក៏​គណបក្ស​នយោបាយ​ប្រឆាំង​នៅ​កម្ពុជា​ធ្លាប់​បាន​ចាត់​ទុក​ថា​ គ​.​ជ​.​ប​ មិន​ឯករាជ្យ​ និង​លម្អៀង​ទៅ​រក​គណបក្ស​នយោបាយ​កាន់​អំណាច​ ទើប​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួលស្គាល់​លទ្ធផល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នា​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​កន្លង​មក​ ហើយ​ទទូច​ទាមទារ​ឲ្យ​មានការ​កែទម្រង់​ស្ថាប័ន​ គ​.​ជ​.​ប​ និង​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​សា​ជា​ថ្មី​ឡើង​វិញ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ និង​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការណ៍​ដែល​ចង់​ឲ្យ​ គ​.​ជ​.​ប​ មាន​ឯករាជ្យ​ភាព​ មាន​អព្យាក្រឹតភាព​ និង​មាន​សមត្ថភាព​ គឺ​មិន​ពឹងផ្អែក​លើ​ការ​ចែង​អំពី​តួនាទី​ ភារកិច្ច​ និង​សមាសភាព​ គ​.​ជ​.​ប​ តែ​ក្នុង​រដ្ឋធម្មនុញ្ញ​ ឬ​ក្នុង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ប៉ុណ្ណោះ​ទេ​ សំខាន់​ត្រូវ​គណបក្ស​នយោបាយ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំង​២(​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​)​លៃលក​កែ​ច្នៃ​យ៉ាងណា​ឲ្យ​ គ​.​ជ​.​ប​ មាន​ឯករាជ្យ​ភាព​ទាំង​ស្ថាប័ន​ មាន​ឯករាជ្យ​ភាព​ទាំង​មនុស្ស​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ ទើប​ជា​ការ​ប្រសើរ​ ។​

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​បាន​ធ្វើការ​ពន្យល់​ថា​ មាន​ស្ថាប័ន​មួយ​ចំនួន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តម្រូវ​ឲ្យ​មាន​អំណាច​ឯករាជ្យ​ ដូច​ជា​ស្ថាប័ន​តុលាការ​ជាដើម​ ប៉ុន្តែ​ជាក់ស្តែង​ ស្ថាប័ន​តុលាការ​កម្ពុជា​ចាប់តាំងពី​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​មក​ មាន​រយៈពេល​ជាង​២០​ឆ្នាំ​ហើយ​គ្មាន​ឯករាជ្យ​ភាព​ទេ​ ដ្បិត​ការ​តាក់តែង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មាន​ភាព​មិន​ច្បាស់លាស់​ មិន​ឆ្លងកាត់​ការ​ស្ទង់​មតិ​ល្អិតល្អន់​ជា​មុន​ និង​ច្បាប់​ស្តី​ពី​ការ​បង្កើត​ស្ថាប័ន​ក្រុមប្រឹក្សា​ការពារ​ជាតិ​ក៏​ដូច្នោះ​ដែរ​…​។​ល​។​

​សរុបសេចក្តី​មក​ ទោះបី​ដាក់​បញ្ចូល​ គ​.​ជ​.​ប​ ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ដោយ​ ក៏​មិន​អាច​ប្រាកដ​ថា​ ស្ថាប័ន​ គ​.​ជ​.​ប​ នឹង​មាន​ឯករាជ្យ​ភាព​ និង​អព្យាក្រឹតភាព​នោះ​ដែរ​ លុះត្រាតែ​អ្នកនយោបាយ​ទាំង​២​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​មាន​ឆន្ទៈ​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​ តាក់តែង​ច្បាប់​ឲ្យ​មាន​និយាម​ត្រឹមត្រូវ​ និង​កែ​ច្នៃ​ឲ្យ​ គ​.​ជ​.​ប​ មាន​ឯករាជ្យ​ភាព​ទាំង​ស្ថាប័ន​ មាន​ឯករាជ្យ​ភាព​ទាំង​មនុស្ស​ធ្វើការ​ក្នុង​ស្ថាប័ន​ ៕​

Constitution-Logo.jpgs


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item