Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

រឿងអាស្រូវ​ទំនាស់​ដីធ្លី​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​ ជៀម​ ផែន​ ថៅកែ​ស្រា​បៀរ​លី​អូ​កប់​បាត់​ស្ងាត់ឈឹង​ក្នុង​ដៃ​ឧបនាយករដ្ឋមន្ត្រី​ ប៊ិ​ន​ ឈិ​ន​ ?

​រឿងរ៉ាវ​ទំនាស់​ដីធ្លី​ទំហំ​៣៥២​ហិ​កតា​ ឋិត​នៅ​ភូមិ​កែវ​ផុស​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះ​សីហ​នុ​ (​អតីត​ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​)​ រវាង​ក្រុម​ប្រជាជន​ចំនួន​៤៩​គ្រួសារ​ និង​លោក​ឧកញ៉ា​ ជៀម​ ផែន​ ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​ (Leo​ Beer)​ រ៉ាំរ៉ៃ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​ និង​នាំ​ឲ្យ​មានការ​សម្រេច​ពី​សំណាក់​រាជរដ្ឋាភិបាល​ត្រឡប់ត្រឡិន​សាចុះសាឡើង​(​ម្តង​ប្រគល់​ដី​ទំនាស់​ឲ្យ​ក្រុម​ប្រជាជន​៤៩​គ្រួសារ​ និង​ម្តងទៀត​ប្រគល់​ដី​ទំនាស់​ឲ្យ​លោក​ឧកញ៉ា​ ជៀម​ ផែន​)​ចំនួន​ជិត​១០​ដងនោះ​ ត្រូវ​បាន​បញ្ចប់​ត្រឹម​សម្រេច​ប្រគល់​ដី​ទំនាស់​ទៅ​ឲ្យ​ក្រុម​ប្រជាជន​៤៩​គ្រួសារ​កាន់កាប់​ជា​កម្មសិទ្ធិ​ តាម​ស្មារតី​លិខិត​លេខ​៤៩៦​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​ទន្ទឹម​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ បិទ​បញ្ចប់​សំណុំរឿង​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ​ ដោយ​សម្រេច​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​ក្រុម​ប្រជាជន​៤៩​គ្រួសារ​កាន់កាប់​ជា​កម្មសិទ្ធិ​តាម​ស្មារតី​លិខិត​លេខ​៤៩៦​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​នោះ​ គឺ​រាជរដ្ឋាភិបាល​បាន​បង្គាប់​ឲ្យ​ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​ ឧបនាយករដ្ឋមន្ត្រី​ ទទួល​បន្ទុក​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ បើក​ការ​ស្រាវជ្រាវ​ពី​ដើម​រហូត​ដល់​ចប់​ចំពោះ​ភាគី​លោក​ ជៀម​ ផែន​ ដើម្បី​រក​ឲ្យ​ឃើញ​នូវ​ការ​ទទួលខុសត្រូវ​ចំពោះ​អំពើ​របស់​គាត់​ ដោយ​ការ​ស្រាវជ្រាវ​នេះ​ត្រូវ​យក​របាយការណ៍​របស់​ឯកឧត្តម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ធ្វើ​ជា​មូលដ្ឋាន​ ជា​ពិសេស​លិខិត​លេខ​០៣០​របក​ ចុះ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០០៨​ របស់​ក្រសួងមហាផ្ទៃ​ ដែល​មាន​ចំណារ​ឯកភាព​ចុះ​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០០៨​ របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ។​

​លិខិត​លេខ​០៣០​របក​ ចុះ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០០៨​ របស់​ក្រសួងមហាផ្ទៃ​ ដែល​បាន​ធ្វើ​របាយការណ៍​គោរព​រាយការណ៍​ជូន​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ នៅ​ត្រង់​ចំណុច​ទី​២​ បាន​បញ្ជាក់​ថា​ "​ចំពោះ​លោក​ ជៀម​ ផែន​ និង​បក្ខពួក​ដែល​បាន​កាប់​បំផ្លិចបំផ្លាញ​ផលដំណាំ​ ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នោះ​ ទុក​លទ្ធភាព​ជូន​ប្រជាពលរដ្ឋ​ប្តឹង​ទៅ​តុលាការ​ ដើម្បី​ទាមទារ​សំណង​វិញ​ ។​ ដោយឡែក​ បើ​លោក​ ជៀម​ ផែន​ នៅ​តែ​បន្ត​ប្រើប្រាស់​លិខិត​ ឬ​ឯកសារ​ក្លែងក្លាយ​តទៅ​ទៀត​ គួរ​មាន​វិធានការ​អនុវត្តន៍​តាម​ច្បាប់ព្រហ្មទណ្ឌ​"​ ។​ មាន​ន័យ​ថា​ ក្រសួងមហាផ្ទៃ​បាន​ស្រាវជ្រាវ​រក​ឃើញ​លោក​ឧកញ៉ា​ ជៀម​ ផែន​ បាន​ប្រើប្រាស់​លិខិត​ និង​ឯកសារ​ក្លែងក្លាយ​ ដើម្បី​ប្តឹង​ដណ្តើម​ទាមទារ​យក​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ​ ។​

​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញ​ថា​ លោក​ឧកញ៉ា​ ជៀម​ ផែន​ ថៅកែ​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​បាន​ប្រើប្រាស់​លិខិត​ និង​ឯកសារ​ក្លែងក្លាយ​ដែល​ក្រសួងមហាផ្ទៃ​ស្រាវជ្រាវ​រក​ឃើញ​នោះ​ រហូត​មក​ដល់​ឆ្នាំ​២០១១​ ដើម្បី​បំភ័ន្ត​ភ្នែក​ និង​ខួរក្បាល​ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​ ឧបនាយករដ្ឋមន្ត្រី​ ទទួល​បន្ទុក​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ធ្វើ​របាយការណ៍​គោរព​រាយការណ៍​ជូន​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ សម្រេច​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​លោក​ឧកញ៉ា​ ជៀម​ ផែន​ គ្រប់គ្រង​ជា​កម្មសិទ្ធិ​ តាម​ស្មារតី​លិខិត​លេខ​៦៦៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១១​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ (​យោង​ចំណារ​ចុះ​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១១​ របស់​បុរស​ខ្លាំង​នៅ​លើ​របាយការណ៍​ចុះ​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១១​ របស់​ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​)​ ដោយ​មិន​ខ្ចី​ខ្វល់​ពិនិត្យ​ពិចារណា​លើ​របាយការណ៍​របស់​ឯកឧត្តម​ ស​ ខេ​ង​ ម្តង​ជា​ពីរ​ដង​ទាល់តែ​សោះ​ ។​

​គិត​ចាប់ពី​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឲ្យ​បើក​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ទៅ​លើ​អំពើ​ជា​កំហុសឆ្គង​របស់​លោក​ឧកញ៉ា​ ជៀម​ ផែន​ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ឯកសារ​ និង​លិខិត​ក្លែងក្លាយ​ ដើម្បី​រំលោភ​បំពាន​យក​ដីធ្លី​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ​ រហូត​បង្ក​ឲ្យ​មាន​ប្រជាពលរដ្ឋ​ខ្លះ​ជាប់គុក​ច្រវាក់​ និង​ខ្លះ​ទៀត​រត់​ចោលផ្ទះ​សម្បែង​ព្រោះ​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​តុលាការ​នោះ​ គឺ​មាន​រយៈពេល​ជាង​១​ឆ្នាំ​ហើយ​ ប៉ុន្តែ​បែរជា​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​ មិនឃើញ​ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​ ចាត់ការ​អ្វី​ទេ​ ដូច​ទុក​ឱកាស​ធ្វើ​ឲ្យ​លោក​ឧកញ៉ា​ ជៀម​ ផែន​ ជា​អ្នកមាន​ទ្រព្យសម្បត្តិ​លុយកាក់​ បាន​រួចខ្លួន​ផុត​ពី​សំណាញ់​ច្បាប់​កម្ពុជា​ និង​នាំ​ឲ្យ​ការ​សម្រេច​របស់​បុរស​ខ្លាំង​ក្លាយជា​គ្មាន​តម្លៃ​ ។​

​ប្រភព​ព័ត៌មាន​មួយ​ចំនួន​ពី​អ្នកជំនួញ​នៅ​កម្ពុជា​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ឧកញ៉ា​ ជៀម​ ផែន​ មាន​បណ្តាញ​ខ្សែ​បក្ខពួក​ជា​មន្ត្រី​ធំ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ទើប​អាច​ក្តីក្តាំ​មាន​ប្រៀប​ឈ្នះ​ទៅ​លើ​ក្រុម​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៤៩​គ្រួសារ​នា​ពេល​កន្លង​មក​នោះ​ ហើយ​ដំណើរការ​ស្រាវជ្រាវ​ទៅ​លើ​កំហុសឆ្គង​របស់​លោក​ឧកញ៉ា​ ជៀម​ ផែន​ ទំនងជា​មិន​អាច​ទៅ​រួច​ទេ​ គឺ​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ និង​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ប្រហែលជា​អាច​មាន​ត្រឹមតែ​លើ​ក្រដាស​ ឬ​បបូរមាត់​ប៉ុណ្ណោះ​ ៕​

Cheam-Phen-120 Cheam-Phen011 Cheam-Phen-06 Cheam-Phen-(01)


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item