ប្រជារាស្ត្រប្រតិកម្មទៅនឹងសកម្មភាពកាប់បំផ្លាញដើមត្នោតនៅមុខប្រាង្គប្រាសាទអង្គរវត្ត
នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤នេះ អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅកាត់ថា "អាជ្ញាធរអប្សរា" ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន និងអាជ្ញាធរខេត្តសៀមរាប បានបង្គាប់បញ្ជាឲ្យមានការកាប់រំលំដើមត្នោតដែលដាំដុះនៅលើសួនផ្លួវចូលមុខប្រាង្គប្រាសាទអង្គរវត្តបំផ្លាញចោល ខណៈដែលដើមត្នោតត្រូវបានចាត់ទុកជារុក្ខជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា បង្កឲ្យមានប្រតិកម្មយ៉ាងផុសផុលពីសំណាក់ប្រជារាស្ត្រ ដោយក្រុមប្រជារាស្ត្រខ្មែរខ្លះបានចោទប្រកាន់ថា សកម្មភាពកាប់បំផ្លាញដើមត្នោតនៅមុខប្រាង្គប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់ខ្មែរនេះ គឺអាចមានបំណង"កាឡៃប្រវត្តិសាស្ត្រខ្មែរ" ។
គេមិនទាន់ដឹងអំពីមូលហេតុពិតដែលនាំឲ្យអាជ្ញាធរកាប់រំលំដើមត្នោតនៅមុខប្រាង្គប្រាសាទអង្គរវត្តចោលនោះនៅឡើយទេ ។
សូមបញ្ជាក់ជូនថា ដើមត្នោតមានឈ្មោះជាភាសាអង់គ្លេស "Sugar Palm" ត្រូវបានចាត់ទុកជារុក្ខជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ក្នុងន័យតម្រូវឲ្យមានវិធានការថែរក្សាការពារ អភិរក្សឲ្យមាននិរន្តរភាព និងត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានចេញបញ្ជាមួយលេខ០៥បប ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពីវិធានការការពារ និងអភិរក្សដើមត្នោតផងដែរ ។
ចុះឥឡូវ ហេតុអ្វីបានជាអាជ្ញាធរអប្សរាកាប់បំផ្លាញដើមត្នោតជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាដុះនៅមុខប្រាង្គប្រសាទអង្គរវត្តចោលទៅវិញ ? ៕
Source from: www.dtn7.com
Post a Comment