សំណុំរឿងបោកប្រាស់និងបំផ្លាញសាសនារបស់បុគ្គល ធាន វុទ្ធី នៅវត្តទួលរាជាមិនទាន់បញ្ចប់ទេ ដ្បិតជនខិលខូចមិនទាន់បានទទួលទោសទណ្ឌ
ដំណើររឿងរ៉ាវរបស់បុគ្គលម្នាក់ឈ្មោះ ធាន វុទ្ធី អាយុប្រមាណជាង៣០ឆ្នាំ ដើរតួដំបូងជាតួអង្គតាបសស្លៀកស ពាក់ស ដែលប្រតិបត្តិខុសនឹងច្បាប់ព្រះពុទ្ធសាសនា និងច្បាប់រដ្ឋ តាមល្បិចកលបោកប្រាស់មនុស្ស ងប់ងល់នឹងជំនឿអរូបីរាប់ម៉ឺននាក់នៅវត្តទួលរាជា ឋិតក្នុងភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាលនោះ គឺមានរយៈពេលជិត១០ឆ្នាំមកហើយ ខណៈដែលបណ្តាញសារព័ត៌មានក្នុងស្រុកជាច្រើនក៏ធ្លាប់បានផ្សព្វផ្សាយអំពីករណីនេះដែរ ប៉ុន្តែមន្ត្រីមន្ទីរធម្មការនិងាសាសនាខេត្តកណ្តាល ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមិនខ្ចីរវីរវល់យកភ្នែកមើល ត្រចៀកស្តាប់ និងខួរក្បាលគិតពិចារណាឡើយ ដោយខ្លបខ្លាចបុណ្យបារមីខ្នងបង្អែករបស់បុគ្គល ធាន វុទ្ធី ជាមន្ត្រីថ្នាក់ធំគ្រាក់ៗជាអ្នកទទួលផលប្រយោជន៍លុយកាក់ពីបុគ្គល ធាន វុទ្ធី ។
អំពើបណ្តែតបណ្តោយងប់ងល់នឹងផលប្រយោជន៍ជាមួយបុគ្គលឈ្មោះ ធាន វុទ្ធី របស់មន្ត្រីធំៗមួយចំនួន និងអាជ្ញាធរមូលដ្ឋាន បានធ្វើឲ្យកំហុសឆ្គងរបស់បុគ្គលឈ្មោះ ធាន វុទ្ធី ដែលដើរតួជាតួអង្គតាបស តួអង្គរកឃើញព្រះផុស តួអង្គសម្តេចព្រះសង្ឃរាជ ជួន ណាត ចាប់ជាតិ អាចនិយាយទំនាក់ទំនងជាមួយព្រះព្រហ្ម និងព្រះឥន្ទ្របាន…កាន់តែរីកធំឡើងៗ រហូតដល់ថ្នាក់បុគ្គលរូបនេះតាំងខ្លួនឯងជាព្រះទី៥ ទ្រង់ព្រះនាម ព្រះសិរិអារ្យមេតេយ្យា នាំឲ្យព្រះសង្ឃមិនស្គាល់ធម្មវិន័យមួយចំនួនថ្វាយបង្គំបុគ្គល ធាន វុទ្ធី ថែមទៀត ។
នៅទីបំផុត ដោយសារមានប្រតិកម្មពីគ្រប់មជ្ឈដ្ឋាននានា ជាពិសេសមជ្ឈដ្ឋានអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា គឺកំហុសឆ្គងទាំងអម្បាលមាណរបស់បុគ្គលឈ្មោះ ធាន វុទ្ធី ត្រូវបានក្រសួងធម្មការ និងសាសនាលាតត្រដាងជាសាធារណៈនៅចុងខែកក្កដា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ ។
ប្រភពព័ត៌មានពីមជ្ឈដ្ឋានអ្នកតាមដានមួយចំនួនបានឲ្យដឹងថា បុគ្គលឈ្មោះ ធាន វុទ្ធី មានស្រុកកំណើតនៅខេត្តតាកែវ មានគេហដ្ឋាននៅរាជធានីភ្នំពេញ ដោយនៅពេលព្រឹកព្រលឹមគេបានឃើញតួអង្គតាបសនេះស្លៀកពាក់អាវធំ ក្រវាត់ក ជិះរថយន្តទំនើបម៉ាក Lexus យ៉ាងសង្ហាចូលទទួលទានអាហារនៅភោជនីយដ្ឋានមួយឈ្មោះថ្មដា ។ ចាប់ពីទទួលទានអាហារពេលព្រឹករួចហើយ តួអង្គតាបសបានត្រឡប់មកចូលគេហដ្ឋានមួយទៀតដែលបិទរបងជិតនៅស្រុកស្អាង ខេត្តកណ្តាល ដោយតួអង្គតាបសធ្វើការផ្លាស់ប្តូរសម្លៀកបំពាក់ពីអាវធំ មកជាស្លៀកស ពាក់សវិញ ព្រមទាំងប្តូររថយន្តផ្សេង ចេញដំណើរទៅកាន់វត្តទួលរាជា ខណៈដែលតួអង្គតាបសនេះជារឿយៗ មិនសូវសម្រាកពេលយប់នៅវត្តទួលរាជានោះទេ លើកលែងតែមានពិធីបុណ្យទាន ឬកម្មវិធីធំៗចាំបាច់ ប៉ុណ្ណោះ ។
មជ្ឈដ្ឋានមួយចំនួនទៀតបានទម្លាក់ភាពមិនប្រក្រតីទាក់ទងនឹងអំពើឃាតកម្មដែលកើតឡើង និងរឿងរ៉ាវប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋចំនួន៤ភូមិកន្លងមក ជាមួយនឹងវត្តទួលរាជា គឺអាចមានការពាក់ព័ន្ធទៅនឹងអំពើរបស់តួអង្គតាបស ឈ្មោះ ធាន វុទ្ធី ។
ក្រុមអ្នកលេង Facebook មួយចំនួនបានលើកឡើងថា បុគ្គលបោកប្រាស់ឈ្មោះ ធាន វុទ្ធី អាចប្រព្រឹត្តផ្តេសផ្តាសនៅវត្តទួលរាជាបានយូរឆ្នាំកន្លងមក ដោយសារបុគ្គលរូបនេះត្រូវជាសាច់ញាតិ(ក្មួយ)របស់ឯកឧត្តម ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា និងត្រូវជាស្វាមីរបស់លោកជំទាវ នាយឧត្តមសេនីយ៍ ម៉ែន សំអន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចដ៏មានឥទ្ធិពល ។ ប៉ុន្តែប្រភពព័ត៌មានខ្លះទៀតអះអាងថា បុគ្គលឈ្មោះ ធាន វុទ្ធី មិនមានជាប់សាច់ញាតិជាមួយឯកឧត្តម ប៉េង ប៉ាត់ ទេ គឺគ្រាន់តែយកឈ្មោះឯកឧត្តម ប៉េង ប៉ាត់ មកប្រើប្រាស់ធ្វើជាខែលការពារខ្លួនឲ្យអាជ្ញាធរមូលដ្ឋានខ្លបខ្លាចប៉ុណ្ណោះ ។
ទោះយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកច្បាប់និងអ្នកប្រតិបត្តិព្រះពុទ្ធសាសនាបានលើកឡើងថា សំណុំរឿងបោកប្រាស់ និងបំផ្លាញសាសនារបស់បុគ្គលឈ្មោះ ធាន វុទ្ធី នៅវត្តទួលរាជា មិនទាន់បញ្ចប់ទាំងស្រុងទេ ដ្បិតជនខិលខូចបានរត់គេចខ្លួនបាត់ មិនទាន់បានទទួលទោសទណ្ឌតាមអំពើដែលបានប្រព្រឹត្ត និងតាមច្បាប់នៅឡើយ ៕
Source from: www.dtn7.com
Post a Comment