Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មេធាវី​ជំរុញ​ឲ្យ​សាលាឧទ្ធរណ៍​លើកយក​រឿង​ក្តី​ប្អូនស្រី​ជីដូនមួយ​បុរស​ខ្លាំង​ដែល​ជាប់ចោទ​ក្នុង​បទ​ព្រហ្មទណ្ឌ​មក​ជំនុំជម្រះ​

​ស្ត្រី​ជា​ឧកញ៉ា​ម្នាក់​ឈ្មោះ​ ឌី​ ប្រឹ​ម​ ត្រូវជា​ប្អូនស្រី​ជីដូនមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​មាន​អំណាច​ ធ្លាប់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​០៦​ខែ​ ពី​បទ​សូកប៉ាន់​ ខណៈ​ដែល​បុរស​មាន​កម្រិតវប្បធម៌​ថ្នាក់បណ្ឌិត​ម្នាក់​ទៀត​ឈ្មោះ​ សេង​ យៀន​ អតីត​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អធិការកិច្ច​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​(​ហៅ​កាត់​ថា​ក្រសួង​អធិការកិច្ច​)​ ដែល​ឋិត​ក្នុង​កញ្ចប់​នៃ​សំណុំរឿង​ក្តី​ព្រហ្មទណ្ឌ​នេះ​ដែរ​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៤​ឆ្នាំ​ ០៦​ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ពី​បទ​ស៊ីសំណូក​ តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ​១៣៥"​កប​៤"​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ ក្នុង​សំណុំរឿង​ពុក​រលួយ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​អង្កេត​ស្រាវជ្រាវ​ទំនាស់​ដីធ្លី​មួយ​កន្លែង​ ឋិត​នៅ​ភូមិ​កា​កាប​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​(​អតីត​ខណ្ឌដង្កោ​)​រាជធានី​ភ្នំពេញ​ ធ្វើ​ឲ្យ​លោកយាយ​មេម៉ាយ​អាយុ​ជិត​៧០​ឆ្នាំ​ម្នាក់​ឈ្មោះ​ ហួត​ សា​រុំ​ រង​គ្រោះ​បាត់បង់​ដីធ្លី​អស់​ទំហំ​ប្រមាណ​ជាង​៤​ហិ​កតា​ ។​

​សាលក្រម​ព្រហ្មទណ្ឌ​លេខ​១៣៥"​កប​៤"​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​សម្រេច​ផ្តន្ទាទោស​បុរស​ឈ្មោះ​ សេង​ យៀន​ និង​ស្ត្រី​ឈ្មោះ​ ឌី​ ប្រឹ​ម​ តែ​មិន​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នោះ​ (​ជនជាប់ចោទ​អវត្តមាន​ក្នុង​ពេល​សវនាការ​)​ ត្រូវ​បាន​ជនជាប់ចោទ​ទាំង​២​នាក់​ប្តឹង​ឧទ្ធរណ៍​បន្ត​ទៀត​ បង្កើត​បានជា​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៦២​ ចុះ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១២​ របស់​សាលាឧទ្ធរណ៍​ ។​

​គិត​រហូត​មក​ទល់​នឹង​ពេល​នេះ​ មាន​រយៈពេល​ជាង​២​ឆ្នាំ​ ០៦​ខែ​ហើយ​ ប៉ុន្តែ​សាលាឧទ្ធរណ៍​មិន​ទាន់​បាន​លើកយក​សំណុំរឿង​ក្តី​ដ៏​រសើប​ពាក់ព័ន្ធ​ប្អូនស្រី​ជីដូនមួយ​របស់​បុរស​ខ្លាំង​ជា​ជនជាប់ចោទ​នោះ​មក​បើក​សវនាការ​ជំនុំជម្រះ​នៅឡើយ​ ជា​ហេតុ​ធ្វើ​ឲ្យ​ជនជាប់ចោទ​ទទួល​បាន​នូវ​សេរីភាព​ ឋិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​យ៉ាង​ហ៊ឺហា​ ។​

​កាលពី​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​មេធាវី​ កៅ​ ទី​ ជា​មេធាវី​តំណាង​សិទ្ធិ​ និង​ការពារ​ក្តី​ឲ្យ​លោកយាយ​ ហួត​ សា​រុំ​ ជា​ជន​រង​គ្រោះ​បាត់បង់​ដីធ្លី​ បាន​ដាក់​លិខិតផ្លូវការ​មួយ​ច្បាប់​គោរព​ជូន​លោក​ចៅក្រម​ ញូ​ង​ ធុ​ល​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ ជំរុញ​ឲ្យ​លើកយក​សំណុំរឿង​ពុក​រលួយ​ដែល​មានឈ្មោះ​ សេង​ យៀន​ និង​ឈ្មោះ​ ឌី​ ប្រឹ​ម​ ជា​ជនជាប់ចោទ​ មក​បើក​សវនាការ​ជំនុំជម្រះ​ ដែល​លិខិត​ជំរុញ​នេះ​គឺជា​លិខិត​លើក​ទី​៣​ហើយ​របស់​លោក​មេធាវី​ កៅ​ ទី​ (​លើក​ទី​១​ចុះ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៣​ និង​លើក​ទី​២​ ចុះ​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៤)​ ។​

​លោក​មេធាវី​ កៅ​ ទី​ បាន​មាន​ប្រសាសន៍​ប្រាប់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ថា​ "​សំណុំរឿង​ក្តី​ពុក​រលួយ​នៅ​សាលាឧទ្ធរណ៍​នេះ​មាន​រយៈពេល​ជិត​៣​ឆ្នាំ​ហើយ​ ខណៈ​ដែល​ជនជាប់ចោទ​ត្រូវជា​ប្អូនស្រី​ជីដូនមួយ​នាយក​រដ្ឋមន្ត្រី​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ និង​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ស៊ើបអង្កេត​ស្រាវជ្រាវ​រក​ឃើញ​ និង​បាន​ផ្តន្ទាទោស​ក្នុង​បទល្មើស​ស៊ីសំណូក​-​សូកប៉ាន់​ថែម​ទៀត​ ។​ ដូច្នេះ​ សាលាឧទ្ធរណ៍​គប្បី​លើកយក​រឿង​ក្តី​ដ៏​សំខាន់​នេះ​មក​បើក​សវនាការ​ជំនុំជម្រះ​ក្នុង​ពេលវេលា​ដ៏​សមគួរ​ មិន​ត្រូវ​អូស​បន្លាយ​ពេលវេលា​យូរ​តទៅ​ទៀត​ទេ​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ដែល​បាត់បង់​ដីធ្លី​"​ ។​

​សូម​រំលឹក​ជូន​ថា​ ការណ៍​ដែល​លោក​បណ្ឌិត​ សេង​ យៀន​ និង​លោកស្រី​ ឌី​ ប្រឹ​ម​ មាន​សំណុំរឿង​ក្តី​ និង​ត្រូវ​បាន​ស្ថាប័ន​តុលាការ​ចោទប្រកាន់​ ព្រមទាំង​ផ្តន្ទាទោស​បែប​នេះ​ គឺ​ដោយសារ​រាជរដ្ឋាភិបាល​បាន​អង្កេត​ស្រាវជ្រាវ​រក​ឃើញ​ថា​ លោក​ សេង​ យៀន​ ធ្វើ​កិច្ចសន្យា​យក​ប្រាក់​ចំនួន​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ពី​ក្រុម​ប្រជាពលរដ្ឋ​១២០​គ្រួសារ​ តាម​រយៈ​តំណាង​របស់​ប្រជាពលរដ្ឋ​ចំនួន​១០​នាក់​ ដែល​មាន​លោកស្រី​ ឌី​ ប្រឹ​ម​ ជា​អ្នក​ធ្វើ​ជា​ជំហរ​ចេញ​ប្រាក់​ ជា​ថ្នូរ​នឹង​ការ​អង្កេត​ស្រាវជ្រាវ​ទំនាស់​ដីធ្លី​មួយ​កន្លែង​ឋិត​នៅ​ភូមិ​កា​កាប​ សង្កាត់​កា​កាប​ ខណ្ឌដង្កោ​ (​បច្ចុប្បន្ន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​)​ រាជធានី​ភ្នំពេញ​ រវាង​ក្រុម​ប្រជាពលរដ្ឋ​១២០​គ្រួសារ​ និង​លោកយាយ​មេម៉ាយ​ម្នាក់​ឈ្មោះ​ ហួត​ សា​រុំ​ នាំ​ឲ្យ​រាជរដ្ឋាភិបាល​សម្រេច​ចេញ​លិខិត​ល​ខ​៣៨៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០០៨​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ តាម​ការ​លើក​យោបល់​របស់​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ អតីត​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​ (​យោង​តាម​របាយការណ៍​របស់​លោក​ សេង​ យៀន​)​ ។​

​របាយការណ៍​របស់​លោក​បណ្ឌិត​ សេង​ យៀន​ និង​ការ​លើក​យោបល់​របៀប​"​ចង​មុង​"​ របស់​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ នាំ​ឲ្យ​រាជរដ្ឋាភិបាល​សម្រេច​ចេញ​លិខិត​លេខ​៣៨៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០០៨​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ បណ្តាល​ឲ្យ​លោកយាយ​ ហួត​ សា​រុំ​ បាត់បង់​ដីធ្លី​ដែល​គាត់​បាន​កាន់កាប់​ គ្រប់គ្រង​ និង​អាស្រ័យ​ផល​ចាប់តាំងពី​ឆ្នាំ​១៩៧៩​តរៀង​មក​ទល់​បច្ចុប្បន្ន​អស់​ចំនួន​ជាង​៤​ហិ​កតា​ទាំង​អយុត្តិធម៌​ ។​

​ក្រោយមក​ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​អធិការកិច្ច​ដែល​មាន​លោក​ជំទាវ​ សោម​ គឹ​ម​សួគ៌​ អតីត​ជា​រដ្ឋមន្ត្រី​ បាន​អង្កេត​ស្រាវជ្រាវ​រក​ឃើញ​កំហុសឆ្គង​របស់​លោក​បណ្ឌិត​ សេង​ យៀន​ គឺ​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​បញ្ឈប់​ការងារ​លោក​ សេង​ យៀន​ ទាំងស្រុង​ពី​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ធិ​ការ​កិច្ច​ និង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ ព្រមទាំង​បញ្ជូន​សំណុំរឿង​ប្តឹង​ទៅ​ស្ថាប័ន​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់​ តាម​ស្មារតី​លិខិត​លេខ​៨៩៤​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០០៩​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​ធ្វើការ​រិះគន់​ទៅ​លើ​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ក្រុមប្រឹក្សា​ជំនុំជម្រះ​នេះ​មិន​សម្រេច​ចេញ​ដីកាចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ​ សេង​ យៀន​ និង​ឈ្មោះ​ ឌី​ ប្រឹ​ម​ ខណៈ​ជនជាប់ចោទ​ទាំង​២​នាក់​អវត្តមាន​នា​ពេល​សវនាការ​ និង​ជាប់ចោទ​ពី​បទ​ស៊ីសំណូក​-​សូកប៉ាន់​ ទាក់ទង​គ្នា​ ព្រមទាំង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​លើស​ពី​មួយ​ឆ្នាំ​ដោយ​គ្មាន​ការ​ព្យួរទោស​ក៏​ដោយ​ ។​

​លោក​បណ្ឌិត​ សេង​ យៀន​ ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ពី​អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋ​នា​អធិការកិច្ច​ និង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួង​អធិការកិច្ច​ជា​ស្ថាពរ​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១២៧៩​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០០៩​ បន្ទាប់​ពី​បាន​តែងតាំង​ក្នុង​មុខ​តំណែង​ជា​អគ្គនាយករង​អធិការកិច្ច​នេះ​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១០៥៦​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០០៨​ ។​

​លោកស្រី​ ឌី​ ប្រឹ​ម​ ត្រូវជា​ប្អូនស្រី​ជីដូនមួយ​របស់​បុរស​ខ្លាំង​ ក្នុង​ខណៈ​ដែល​លោកស្រី​មានឈ្មោះ​ជា​ជនជាប់ចោទ​នៅ​ស្ថាប័ន​តុលាការ​នៅឡើយ​ លោកស្រី​បែរជា​ត្រូវ​បាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​ឡាយព្រះហស្តលេខា​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៣/៧៥៧​ ចុះ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ទៅ​វិញ​ ៕​

Dy-Prim-82Dy-Prim-53 Hout-Sarom-(555)


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item