ចិនអភិវឌ្ឍន៍មីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូដែលអាចបាញ់ដល់ទឹកដីអាមេរិក
ប្រភពព័ត៌មានពីក្រសួងការពារជាតិចិនបានឲ្យដឹងថា ចិនកំពុងធ្វើការអភិវឌ្ឍន៍កាំជ្រួចមីស៊ីលបាញ់ឆ្លងទ្វីបប្រភេទថ្មីឈ្មោះ Dongfeng-41(DF-41) ដែលមានបំពាក់ក្បាលគ្រាប់បរមាណូក្នុងចំនួនច្រើនគ្រាប់ មានលទ្ធភាពវាយប្រហារទៅលើគោលដៅទាំងឡាយដល់ទឹកដីសហរដ្ឋអាមេរិក ខណៈដែលចិនធ្លាប់បានបាញ់សាកល្បងនូវប្រភេទមីស៊ីល DF-41បំពាក់ក្បាលគ្រាប់បរមា ណូចំនួន២គ្រាប់រួចមកហើយ ដោយចិនអះអាងថា មិនសំដៅទៅលើប្រទេសណាមួយឡើយ គឺដើម្បីទុកការពារខ្លួនតែប៉ុណ្ណោះ ។
ទស្សនាវដ្តីការពារជាតិមួយឈ្មោះ Jane´s បានផ្សព្វផ្សាយឲ្យដឹងថា កាំជ្រួចមីស៊ីលដែលចិនកំពុងអភិវឌ្ឍន៍ និងគ្រោងផលិតនោះ អាចបាញ់បានរយៈចម្ងាយពី១២.០០០គីឡូម៉ែត្រ រហូតដល់១៥.០០០គីឡូម៉ែត្រ ដែលជារយៈចម្ងាយឆ្ងាយបំផុតនៅលើពិភពលោក និងអាចបំពាក់ក្បាលបរមាណូបានច្រើនគ្រាប់ទៀតផង ។
អ្នកឯកទេសវិស័យយោធារបស់ចិនបានឲ្យដឹងថា នៅពេលដែលសហរដ្ឋអាមេរិកបន្តបង្កើនប្រព័ន្ធមីស៊ីលការពារ គឺការអភិវឌ្ឍន៍មីស៊ីលរបស់ចិនដែលអាចបាញ់បានរយៈចម្ងាយឆ្ងាយ និងបំពាក់ក្បាលបរមាណូបានច្រើនគ្រាប់ជាការចាំបាច់ ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានឲ្យដឹងថា កាំជ្រួចមីស៊ីលរបស់ចិនដែលអាចបាញ់បានរយៈចម្ងាយឆ្ងាយបំផុតនាពេលកន្លងមក គឺមីស៊ីលប្រភេទ DF-5A ផលិតដោយក្រុមហ៊ុន Capital Astronautics Co., Ltd. បាញ់បានចម្ងាយ១២.០០០គីឡូម៉ែត្រ តែអាចបំពាក់ក្បាលបរិមាណូត្រឹមចំនួន១គ្រាប់ប៉ុណ្ណោះ ។ ដូច្នេះ ទាមទារឲ្យចិនធ្វើការអភិវឌ្ឍន៍មីស៊ីលបំពាក់ក្បាលបរមាណូបានច្រើនគ្រាប់ និងអាចបាញ់បានក្នុងរយៈចម្ងាយឆ្ងាយបន្ថែមលើប្រភេទមីស៊ីល DF-41 ដែលផលិតដោយក្រុមហ៊ុន China Academy Launch Vehicle Technology (CALT) ៕
Source from: www.dtn7.com
Post a Comment