រាជរដ្ឋាភិបាលអាណត្តិថ្មីនាយករដ្ឋមន្ត្រីចាស់បានសម្រេចផ្អាកសកម្មភាពកាប់ឈើក្នុងតំបន់អាងស្តុកទឹកនៃគម្រោងវារីអគ្គិសនីសេសានក្រោម២របស់ក្រុមហ៊ុនAng&Associatesរាជរដ្ឋាភិបាលអាណត្តិថ្មីនាយករដ្ឋមន្ត្រីចាស់ បានសម្រេចផ្អាកសកម្មភាពកាប់ឈើក្នុងតំបន់អាងស្តុកទឹកនៃគម្រោងវារីអគ្គិសនីសេសានក្រោម២ របស់ក្រុមហ៊ុន Ang & Associates Lawyer Co., Ltd. តាមស្មារតីលិខិតលេខ១៦៧០សជណ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
ការណ៍ដែលនាំឲ្យរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាសម្រេចដូច្នេះ គឺបន្ទាប់ពីលេចចេញសកម្មភាពកាប់ឈើយ៉ាងអនាធិបតេយ្យក្នុងតំបន់អនុវត្តន៍គម្រោងវារីអគ្គិសនីសេសានក្រោម២ និងបន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើលិខិតមួយច្បាប់លេខ៦៦៩៨ កសក ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ រាយការណ៍ និងផ្តល់យោបល់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយក៏ត្រូវបាន"សម្តេចតេជោសែន" ធ្វើចំណារឯកភាពចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ ក្នុងគោលបំណងដើម្បីងាយស្រួលចាត់វិធានការលុបបំបាត់អំពើអនាធិបតេយ្យព្រៃឈើ ដែលកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងឲ្យមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាការអនុវត្តនីតិវិធីប្រមូលផល អនុផលព្រៃឈើឲ្យបានត្រឹមត្រូវ ។
ក្រុមហ៊ុន Ang & Associates Lawyer Co., Ltd. ត្រូវបានគេស្គាល់ថា ជាសាខាក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាឈ្មួញដ៏មានឥទ្ធិពលបំផុតនៅកម្ពុជា ។ លើសពីនេះ ក្រុមហ៊ុន Ang & Associates Lawyer Co., Ltd. ធ្លាប់បានចុះកិច្ចព្រមព្រៀងវិនិយាគរួមគ្នាជាមួយក្រុមហ៊ុនលោកឧកញ៉ា សុខ វណ្ណា ត្រូវជាប្អូនប្រុសរបស់អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន SOKIMEX GROUP និងដែលគេស្គាល់ថា ជាឈ្មួញដ៏មានសំណាងលើការកើបលុយប្រាក់ចំណូលពីសេវាទេសចរណ៍ភ្ញៀវចូលទស្សនាប្រាង្គប្រាសាទអង្គរវត្ត ដើម្បីឈូសឆាយដីក្នុងតំបន់អនុវត្តន៍គម្រោងវារីអគ្គិសនីទំហំ៣៦.០០០ហិកតា មានតម្លៃវិនិយោគស្មើនឹងទឹកប្រាក់ចំនួន ៨១៦លានដុល្លារអាមេរិក ។
ដោយឡែក កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រុមហ៊ុន Royal Group ធ្លាប់បានចុះអនុស្សារណៈយោគយល់គ្នាមួយ"MoU"ជាមួយក្រុមហ៊ុនចិនឈ្មោះ Hydrolancang International Energy សាខាក្រុមហ៊ុនចិនឈ្មោះ Huaneng លើការផ្តល់ហិរញ្ញវត្ថុរយៈពេល២ឆ្នាំ ក្នុងគម្រោងស្ថាបនាទំនប់វារីអគ្គិសនីសេសានក្រោម២ ។
ដូច្នេះ ក្រុមហ៊ុនដែលមានសិទ្ធិអំណាចក្នុងការកាប់ព្រៃឈើយ៉ាងអនាធិបតេយ្យក្នុងតំបន់អាងស្តុកទឹកនៃគម្រោងវារីអគ្គិសនីសេសានក្រោម២ នៃខេត្តស្ទឹងត្រែងយ៉ាងកក្រើកនាពេលកន្លងមក គឺមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង, ក្រុមហ៊ុនសាច់ញាតិអ្នកឧកញ៉ា សុខ គង់ និងក្រុមហ៊ុនចិន ដ្បិតកាលណោះព្រំប្រទល់តំបន់អាងស្តុកទឹកនៃទីតាំងអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីសេសានក្រោម២ មិនទាន់បានកំណត់ច្បាស់លាស់នៅឡើយ ។
មជ្ឈដ្ឋានទូទៅ និងជាពិសេសប្រជាពលរដ្ឋរស់នៅក្បែរតំបន់អនុវត្តន៍គម្រោងសាងសង់វារីអគ្គិសនីសេសានក្រោម២នោះ បានសម្តែងនូវការគាំទ្រនិងអបអរសាទរយ៉ាងខ្លាំងចំពោះវិធានការរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចផ្អាកសកម្មភាពកាប់ព្រៃឈើរបស់ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ដែលមានសម្ព័ន្ធភាពជាមួយក្រុមហ៊ុនសាច់ញាតិអ្នកឧកញ៉ា សុខ គង់ និងក្រុមហ៊ុនចិនដ៏មហិមានេះ ហើយមជ្ឈដ្ឋានទាំងនោះក៏បានសំណូមពរឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តន៍សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព បើពុំនោះទេ អ្វីៗដែលជាទំហំនៃការបំផ្លិចបំផ្លាញព្រៃឈើនឹងកើនឡើងលើសដើមមិនខាន ៕
Source from: www.dtn7.com
























Loading...




Post a Comment