ខេត្តមណ្ឌលគិរី៖លោកសាំងកុសលជាមេបញ្ជាការកងអនុសេនាធំទី៣ប្រចាំស្រុកកោះញែកចំណុះឲ្យតំបន់សឹករងខេត្តមណ្ឌលគិរីខេត្តមណ្ឌលគិរី ៖ លោក សាំង កុសល ជាមេបញ្ជាការកងអនុសេនាធំទី៣ ប្រចាំស្រុកកោះញែក ចំណុះឲ្យតំបន់សឹករងខេត្តមណ្ឌលគិរី ដែលកំពុងក្លាយជាស្តេចត្រាញ់ រកស៊ីដឹកជញ្ជូនឈើប្រណីត ទៅលក់នៅស្រុកយួនយ៉ាងអនាធិបតេយ្យនោះ ទំនងជាមានការគាំទ្រពីលោក ឃិន ម៉េងស្រេង ជាមេបញ្ជាការយោធា ខេត្តមណ្ឌលគិរីផងដែរហើយមើលទៅ បានជាអ្វីៗអាចដំណើរការដោយរលូនល្អ គេមិនដែលឃើញលោក ឃិន ម៉េងស្រេង កោះហៅលោក សាំង កុសល មកណែនាំឬដាក់ពិន័យនោះទេ បើទោះបីលោក សាំង កុសល កំពុងប្រព្រឹត្តគឺផ្ទុយពីបទបញ្ជា របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ថ្នាក់លើ បែបណាក៏ដោយ។
លោក សាំង កុសល បានប្រឡូកក្នុងជំនួញឈើខុសច្បាប់ រហូតមានលុយរត់ការឡើងតំណែងជា មេបញ្ជាការកងអនុសេនាធំទី៣ ប្រចាំស្រុកកោះញែក រយៈពេល ១ឆ្នាំមកហើយ ដោយមានការជួយជ្រោមជ្រែងពីលោក ឃិន ម៉េងស្រេង ផងដែរ ហើយគេមិនច្បាស់ទេថា រវាងលោក ឃិន ម៉េងស្រេង និងស្តេចត្រាញ់ រកស៊ីឈើខុសច្បាប់ឈ្មោះ សាំង កុសល នេះមានទំនាក់ទំនងអ្វីពិសេស ឬមានភាគហ៊ុនរកស៊ីឈើខុសច្បាប់ ជាមួយគ្នាឬយ៉ាងណានោះទេ។ គ្រប់ជំនួញរកស៊ីឈើខុសច្បាប់ នៅទូទាំងខេត្តមណ្ឌលគិរី សុទ្ធតែពាក់ព័ន្ធជាមួយមន្ត្រីយោធា នាំឲ្យមតិមួយចំនួនលើកឡើងថា ប្រសិនបើមន្ត្រីយោធានៅក្នុងខេត្តមណ្ឌលគិរី សុទ្ធតែជាមេឈ្មួញរកស៊ីឈើខុសច្បាប់ ច្បាស់ណាស់ដែលថា មេយោធាខេត្តមណ្ឌលគិរី ក៏មានពាក់ព័ន្ធជាមួយ ជំនួញឈើខុសច្បាប់ ចៀសមិនផុតឡើយ។
មានការបញ្ជាក់ផងដែរថា លោក សាំង កុសល បានដឹកជញ្ជូនឈើប្រណីត ចេញទៅលក់នៅស្រុកយួន តាមច្រករបៀងព្រំដែន មួយចំនួនក្នុងស្រុកកោះញែក ដូចជាប៉ុស្តិ៍អូរលាវ ប៉ុស្តិ៍១៤ និងប៉ុស្តិ៍ម្រេច ព្រោះតែច្រករបៀងទាំង ៣កន្លែងនេះ ក៏ស្ថិតក្រោមការក្តោបក្តាប់របស់កងអនុសេនាធំទី៣ ដែលគាត់គ្រប់គ្រងចំណុះឲ្យវរសេនាតូចព្រំដែនលេខ១០៣ នៃតំបន់ប្រតិបត្តិការសឹករង ខេត្តមណ្ឌលគិរីផងដែរថា។ ចាប់តាំងពីលោក សាំង កុសល មានសិទ្ធិផ្តាច់មុខគ្រប់គ្រង ច្រករបៀងទាំង ៣កន្លែងនេះ គេសង្កេតឃើញលោក សាំង កុសល កាន់តែមានអំណាចពេញដៃ ក្នុងការដឹកជញ្ជូនឈើខុសច្បាប់ ទាំងយប់ទាំងថ្ងៃ ទោះបីជាភ្លៀងធ្លាក់ខូចផ្លូវ ពិបាកធ្វើដំណើរក៏ដោយ ក៏មិនដែលរំខានដល់ជំនួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងពេញបន្ទុករបស់លោក សាំង កុសល នោះទេ។
គេមិនច្បាស់ទេថា តើលោក អ៊ុំ សុវណ្ណ ជាមេបញ្ជាការវរសេនាតូច ការពារព្រំដែនលេខ១០៣ ក៏ដូចជាលោក ឃិន ម៉េងស្រេង ជាមេយោធាខេត្តមណ្ឌលគិរី រក្សាភាពស្ងៀមស្ងាត់ឲ្យោលោក សាំង កុសល ធ្វើអ្វីៗតាមតែទំនើងចិត្ត ដោយសារតែមូលហេតុអ្វីនោះទេ គ្រាន់តែគេដឹងថា វាមានរឿងរ៉ាវអាថ៌កំបាំងដូចដែលមន្ត្រីមួយចំនួនបានឲ្យដឹងថា សិទ្ធិអំណាចត្រឹមលោក សាំង កុសល មិនហ៊ានក្អកជាមួយលោក ឃិន ម៉េងស្រេង ឬលោក អ៊ុំ សុវណ្ណ ដែលជាមេកើយនោះទេ។ ដូច្នេះគេអាចវាយតម្លៃបានថា ជំនួញឈើខុសច្បាប់របស់លោក សាំង កុសល ទំនងជាមានភាគហ៊ុន ឬមានផលចំណេញសម្រាប់លោក ឃិន ម៉េងស្រេង និងលោក អ៊ុំ សុវណ្ណ ខ្លះដែរហើយមើលទៅ ទើបគេរក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។
គេចង់ឃើញសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសជំនាញរដ្ឋបាលព្រៃឈើ ពិនិត្យមើលភាពអនាធិបតេយ្យនៃការរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់នៅខេត្តមណ្ឌលគិរី ជាពិសេសនៅចំណុចស្រុកកោះញែក ឡើងវិញផង ដែលយ៉ាងហោចណាស់ បង្ហាញពីការយកចិត្តទុកដាក់ អនុវត្តន៍តាមបទបញ្ជា ក្នុងការបង្ការបង្ក្រាបទប់ស្កាត់ការដឹកជញ្ជូនឈើខុសច្បាប់ ទាំងនៅក្នុងស្រុក ក៏ដូចជាការនាំចេញ ទៅលក់នៅស្រុកយួន។ យ៉ាងណាក៏ដោយ ការបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ របស់លោក សាំង កុសល តាមប៉ុស្តិ៍អូរលាវ ប៉ុស្តិ៍១៤ និងប៉ុស្តិ៍ម្រេច អាចធ្វើបានដោយប្រសិទ្ធភាព ប្រសិនបើលោក ឃិន ម៉េងស្រេង និងលោកអ៊ុំ សុវណ្ណ មិនមានជាប់ជំពាក់ជំពិន ជាមួយបញ្ហាផលប្រយោជន៍ណាមួយ ជាមួយជំនួញឈើខុសច្បាប់របស់លោក សាំង កុសល៕
Source from: watphnom-news.com























Loading...




Post a Comment