Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ព្រះសីហនុ៖ប្រ​ជា​ពល​រដ្ឋនិង​​ម​ន្ត្រី​​មូល​ដ្ឋាន​​មួយ​ចំ​នួនបាន​​រអ៊ូរ​ទាំ​​ថាដំ​ណើរ​ការ​​បោះ​ឆ្នោត​ជាតិអា​ណត្តិ​​ទី​​៥ដែល​​ទើប​តែ​​ប​ញ្ចប់

ខេត្ត​ព្រះសីហនុ ៖ ប្រ​ជា​ពល​រដ្ឋ និង​​ម​ន្ត្រី​​មូល​ដ្ឋាន​​មួយ​ចំ​នួន បាន​​រអ៊ូរ​ទាំ​​ថា ដំ​ណើរ​ការ​​បោះ​ឆ្នោត​ជាតិ អា​ណត្តិ​​ទី​​៥ ដែល​​ទើប​តែ​​ប​ញ្ចប់ បាន​ធ្វើ​​ឲ្យ​​គ​ណ​បក្ស ប្រ​ជា​ជន​​ក​ម្ពុជា នៅ​​ខេត្ត​​ព្រះ​សី​ហ​នុ ខាត​បង់​​ស​ន្លឹក​ឆ្នោត  ច្រើន​ស​ន្ធឹក​​ស​ន្ធាប់ ​ហើយ​គេ​សង្ស័យថា រឿង​ធំ​បំផុត​នោះ គឺ​ផ្តើមចេញពី អំពើពុករលួយ​ដុះ​ស្លែ និង​ការតាំង​ខ្លួន​ជា​ស្តេចត្រាញ់ លើ​បញ្ហា​គ្រប់គ្រង​ដីធ្លី​របស់លោក សូ សុខ ឬ លូ សុខ ដែលជា​ប្រធាន​មន្ទីរ សុរិយោដី​និង​សំណង់ ខេត្ត​ព្រះសីហនុ ដែល​តែងតែ​ធ្វើ​ឲ្យ ប្រជាពលរដ្ឋ​ក្តៅក្រហាយ មិនចេះចប់​។​

​ប្រជាពលរដ្ឋ បាន​លើកឡើងថា លោក សូ សុខ ដែលជា​ប្រធាន​មន្ទីរ សុរិយោដី​និង​សំណង់ ខេត្ត​ព្រះសីហនុ គឺជា​មនុស្ស​ក្រាញ​អំណាច​ដុះ​ស្លែ និង​កំពុង​តាំងខ្លួន​ជា​ស្តេចត្រាញ់ លើ​បញ្ហា​គ្រប់គ្រង​ដីធ្លី ជាពិសេស​លោក សូ សុខ ធ្លាប់បាន​បង្ក​ឲ្យ​មាន ជម្លោះដីធ្លី​យ៉ាង​រាលដាល តាមរយៈ​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ជាន់​លើ​គ្នា ឬ​ការចេញ​ប័ណ្ណកម្មសិទ្ធិ ឲ្យ​អ្នកមាន​លុយ មានអំណាច​ដោយ​ខុសច្បាប់​។ ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ បានទទួល​ប័ណ្ណកម្មសិទ្ធិ គ្រប់គ្រង​ដីធ្លី​ប្រមាណ ៣០​ភាគរយ​ប៉ុណ្ណោះ ហើយ​ប្រហែល ៧០​ភាគ​ផ្សេងទៀត គ្មាន​លទ្ធភាព​រកលុយ​ទៅធ្វើ ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នោះទេ ព្រោះ​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​ត្រូវ​ចំណាយលុយ ច្រើនសន្ធឹក​សន្ធាប់ ។​

 ប្រជាពលរដ្ឋ​បាន​លួច​បង្ហើប​ទៀតថា បើ​ចង់បាន​ប័ណ្ណកម្មសិទ្ធិ យកមកប្រើ​ប្រាស់​ប្រជាពលរដ្ឋ ទៅ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ជំនាញ សុរិយាដី​របស់លោក សូ សុខ ហើយ​មានការ​តម្រូវ ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ ចាប់ពី ១២០០​ដុល្លារ រហូតដល់​រាប់ម៉ឺន​ដុល្លារ អាស្រ័យ​ទៅតាម​ទំហំ​ដី​តូច​ឬ​ធំ ហើយ​តម្លៃ​សេវា​ដ៏​ខ្ពស់កប់ពពក​បែបនេះ សម្រាប់តែ​ដី​នៅក្នុង​ក្រុង និង​ដី​តាម​ទីប្រជុំជន​ស្រុក​។ ក្នុង​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ននេះ មាន​ប្រព័ន្ធគ្រប់គ្រង​តាមបែប ក្រុមហ៊ុន​អាជីវកម្ម​ផ្តាច់មុខ​មួយ ដោយ​ជ្រក​ក្រោម​ស្លាក​រដ្ឋ ព្រោះថា​ក្នុង​មន្ទីរ​មួយ​នេះ មានការ​ចាត់តាំង​ឲ្យ​មន្ត្រី​ចាំ​គាប​ជំរិត យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​ទៅសុំ​ច្បាប់​សាងសង់ ឬ​ទៅសុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​។​

​នៅពេល​ចូលទៅ​ដល់​បរិវេណ មន្ទីរ​សុរិយោដី​របស់លោក សូ សុខ គេ​សង្កេតឃើញ​រចនាសម្ព័ន្ធ នៃ​ការិយាធិបតេយ្យ ជា​ចំហ ហើយ​មាន​មន្ត្រី​អង្គុយ​ត្រៀបត្រា នៅតាម​តុ​ដែល​គេ​រៀប​ជា​ជួរ គឺ​នៅ​តុ​ណា​ក៏ត្រូវ​បង់លុយ​ដែរ ដោយមាន​មន្ត្រី​អង្គុយចាំ​រាប់​លុយ មិន​ឲ្យ​បាត់​មួយ​កាក់ មួយ​សេន​ណា​ឡើយ មុនពេល​បញ្ជូន​ឯកសារ​ដែលមាន​ភ្ជាប់​លុយ ឲ្យ​ថ្នាក់លើ​របស់​ពួកគេ​ពិនិត្យ និង​សម្រេច​។ ការ​អង្គុយ​បណ្តាក់​គ្នា​ដូច​ខ្យង របស់​មន្ត្រីក្រោមឱវាទ​លោក សូ សុខ គឺ​គេ​មាន​បា​រ៉ែ​ម សម្រាប់​កំណត់​ឲ្យ ប្រជាពលរដ្ឋ​បង់លុយ មិន​ខុសពី​ក្រុមហ៊ុន​ឯកជន​នោះទេ បើ​មិនទាន់​បង់លុយ​គ្រប់​ចំនួន ឯកសារ​នៅជាប់​ទ្រឹង​មួយកន្លែង ទៅមុខ​អត់​រួច​ទេ ហើយ​កុំ​រំពឹងថា អាច​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ ឬ​លិខិត​សាងសង់​ឲ្យ​សោះ ប្រសិនបើ​បង់លុយ​មិន​គ្រប់ ឬ​មិនចេះ​ឲ្យ​លុយ​ទៅ​មន្ត្រី​សុរិយោដី ចាយវាយ​ក្រៅផ្លូវការ​ទេនោះ​។​

​ប្រជាពលរដ្ឋ​ដែល​ធ្លាប់ធ្វើ ប័ណ្ណកម្មសិទ្ធិ​បាន​បង្ហើប​ឲ្យ​ដឹងថា តាម​តម្លៃ​ហាងឆេង​ផ្ទេរសិទ្ធិ ទិញ​លក់​ដី​តម្លៃ​ទាប​បំផុត​គឺ​ត្រឹម ១២០០​ដុល្លារ រហូតដល់​រាប់ម៉ឺន​ដុល្លារ ហើយ​តម្លៃ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ស្របច្បាប់​មាន​ចាប់ពី ៣​ពាន់​ដុល្លារ ដល់​រាប់ម៉ឺន​ដុល្លារ ហើយ​តម្លៃ​បែបនេះ គេ​គិតតែ​សេវា​ដីធ្លី​ទាំងឡាយណា ដែលមាន​លក្ខណៈ​ស្របច្បាប់ គ្មាន​ការ​ប្តឹងផ្តល់​តាមផ្លូវ​តុលាការ​។ ចំពោះ​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ លើដី​មិន​ស្របច្បាប់ ដូចជា​ប័ណ្ណកម្មសិទ្ធិ សម្រាប់​ដី​លើ​ចំណី​អូរ ចំណី​សមុទ្រ ដីព្រៃ​លិច​ទឹកជា​ដើម គឺ​បង់​ក្នុង​កម្រិត​ខ្ពស់ ១​គុណ​នឹង​៥​ឯណោះ បើទោះបីជា​តំបន់​ខ្លះ រដ្ឋ​បាន​ហាមឃាត់​មិន​ឲ្យ មាន​ការធ្វើ​កម្មសិទ្ធិ​ឲ្យ​ឯកជន ក៏​លោក សូ សុខ អាច​សម្របសម្រួល​ធ្វើបាន​ទាំងអស់ ឲ្យ​តែមាន​លុយ​បង់​ជូន​គាត់ ហើយ​កន្លងមក​រាជរ​ដ្ឋា​ភិ​បាល ក៏​ធ្លាប់បាន​មោ​ឃៈ​ចោល​នូវ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដែល​ចេញ​ដោយ​លោក សូ សុខ ផងដែរ​។​

​ដូចជា​តំបន់​ដីព្រៃ​លិច​ទឹក ក្នុង​សហគមន៍​នេសាទ នៃ​ស្រុក​ស្ទឹងហាវ គេ​សង្កេតឃើញ​លោក សូ សុខ ចេញ​ប័ណ្ណកម្មសិទ្ធិ ឲ្យ​ឈ្មួញ​រាប់សិប​ហិកតា ដោយ​បំពាន​ព្រះរាជក្រឹត្យ ហើយ​ប្រមូលបាន​លុយរាប់​ម៉ឺន​ដុល្លារ យកទៅដាក់​ចូលក្នុង​ហិប​ខ្មៅ របស់លោក សូ សុខ ពោលគឺ​ឲ្យ​តែមាន​លុយ អាចធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ។ ដោយឡែក ប្រជាពលរដ្ឋ​ក្រីក្រ ដែល​គ្មាន​លុយ​បង់ ឲ្យ​មន្ត្រី​សុរិយោដី​របស់លោក សូ សុខ គ្មាន​ឱកាស​ទទួលបាន ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​នោះទេ ហើយ​ការ​ក្រាញ​អំណាច​ដុះ​ស្លែ និង​អំពើពុករលួយ​មាន​លក្ខណៈ ជា​ប្រព័ន្ធ​ដែល​លោក សូ សុខ កំពុង​ប្រព្រឹត្ត​នាពេល​បច្ចុប្បន្ននេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ក្តៅក្រហាយ នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ខាតបង់​សំឡេងឆ្នោត យ៉ាងច្រើន​សន្ធឹកសន្ធាប់ ៕


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item