ខេត្តបាត់ដំបង៖បុរសវ័យចំណាស់ម្នាក់រងការចោទប្រកាន់ពីការប្រើកាំបិតកាប់បុរសម្នាក់ទៀតបណ្តាលអោយរងរបួសខណៈដែលជនរងគ្រោះដើរចូលយកសម្ភារៈឆក់ត្រី ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ រងការចោទប្រកាន់ពីការប្រើកាំបិត កាប់បុរសម្នាក់ទៀត បណ្តាលអោយរងរបួស ខណៈដែលជនរងគ្រោះ ដើរចូលយកសម្ភារៈឆក់ត្រី លាក់ទុកនៅក្នុងខ្ទមចាំស្រែ ហើយរករឿងបង្កជម្លោះជាមួយគាត់ ដែលជាម្ចាស់ខ្ទម ហើយក្រោយមកប្រពន្ធជនរងគ្រោះ បានប្តឹងនគរបាលឲ្យឃាត់ខ្លួន កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចខ្ទមចាំស្រែ អាងអូរលូ ក្នុងភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
បុរសចំណាស់ដែល សមត្ថកិច្ចស្រុកសង្កែឃាត់ខ្លួន មានឈ្មោះ អ៊ុំ ណុច អាយុ ៦៣ឆ្នាំមានទីលំក្រុមទី០៩ ក្នុងភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មកស្នាក់នៅខ្ទមចាំស្រែ ក្នុងភូមិកើតហេតុ ហើយសមត្ថិច្ចបានដកហូតវត្ថុតាង មានកាំបិតវែង ១ដើម។ ចំណែកជនរងគ្រោះ មានឈ្មោះ យ៉ង់ ម៉ៅ ភេទប្រុស អាយុ ៤៥ឆ្នាំរបួសលើចិញ្ចើមឆ្វេង និងមានប្រពន្ធឈ្មោះ ឈិត ហ៊ុយមាស អាយុ ៤៤ឆ្នាំ ទាំង២នាក់ ប្តីប្រពន្ធរស់នៅក្នុងភូមិកើតហេតុ។
បុរសរងគ្រោះបានឲ្យដឹងថា ពេលខ្លួនដើរចូលយកអង្រឹង ដែលទុកនៅក្នុងខ្ទមឈ្មោះ អ៊ុំ ណុច ស្រាប់តែគាត់បានយកកាំបិត កាប់មកលើខ្លួនតែម្តង រួចក៏ត្រូវសាច់ញាត់ដឹក ទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បុរសសង្ស័យបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ខ្លួនឃើញមានមនុស្ស ៤នាក់ចូលមក ក្នុងខ្ទមចាំស្រែរបស់គាត់។ ពេលនោះបុរសចំនួន ៣នាក់បានយកសម្ភារៈ ឧបករណ៍ឆក់ត្រីពីទីនោះ នាំឲ្យគាត់មានការភ្ញាក់ផ្អើលនិងឆ្ងល់ថា មិនដឹងពួកនេះយករបស់ទាំងនេះ មកលាក់ពីពេលណា ?
ឈ្មោះ ម៉ៅ ជាបុរសទី៤ ចូលមកយកសម្ភារៈឆក់ត្រីនេះ នៅក្រោមគ្រែក្នុងខ្ទម បុរសវ័យចំណាស់ក្នុងនាមជាម្ចាស់ខ្ទម ក៏បានលូកយកកាំបិតពីក្រោមគ្រែ ដេញអោយពួកវាប្រញាប់យកសម្ភារៈទាំងនេះ ចេញអោយបានលឿន ព្រោះខ្លាចមានរឿងរ៉ាវដល់គាត់ ជាម្ចាស់ខ្ទម។ ខណៈនោះជននេសាទខុសច្បាប់ទាំង ៤នាក់នៅឌឺដងហើយបុរស ៣នាក់ទៀតរុញច្រានបុរសឈ្មោះ ម៉ៅ បណ្តាលអោយមុតនឹងកាំបិតដែលគាត់ កំពុងកាន់នៅក្នុងដៃតែម្តង។ ជនសង្ស័យឈ្មោះ អ៊ុំ ណុច ត្រូវកសាងសំណុំរឿង ពីបទហិង្សាដោយចេតនា បញ្ជូនទៅតុលាកានាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ចាត់ការតាមនីតិវិធី៕ សុខជា
Source from: watphnom-news.com























Loading...




Post a Comment