ខេត្តសៀមរាប ៖ លោក យឹម សុភាព ដែលមានតួនាទីជា នាយរងសេនាធិការអាវុធហត្ថ ខេត្តសៀមរាប និងជាមេបញ្ជាការ មូលដ្ឋានអាវុធហត្ថប្រចាំស្រុកស្វាយលើ បានប្រើស្បែកជា កម្លាំងប្រដាប់អាវុធ ទៅប្រមូលលុយពីការ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងអនាធិបតេយ្យបំផុត មិនដែលខ្វល់ខ្វាយពីបទបញ្ជា របស់ថ្នាក់លើអ្វីឡើយ ហើយលោកឧត្តមសេនីយ៍ត្រី ម៉ន សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប មិនដឹងជាមានទំនាក់ទំនង អ្វីអាថ៌កំបាំងជាមួយលោក យឹម សុភាព នោះទេ ព្រោះគេមិនដែលឃើញលោក យឹម សុភាព ត្រូវបានដាក់ពិន័យពីអ្វីដែលគាត់ ប្រព្រឹត្តខុសម្តងណាឡើយ។
ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ស្គាល់ឥទ្ធិពលអំណាចរបស់លោក យឹម សុភាព យ៉ាងច្បាស់ ព្រោះគាត់មានតួនាទី សំខាន់ចំនួន២ គឺទី១ ប្រមូលលុយពីជំនួញឈើខុសច្បាប់ នៅទូទាំងខេត្តសៀមរាប សម្រាប់ទ្រទ្រង់ឆ្នាំងបាយ របស់ថ្នាក់ដឹកនាំអាវុធហត្ថខេត្ត ដោយប្រើប្រាស់មុខតំណែង ជានាយរងសេនាធិការ ហើយការងារមួយទៀត គឺប្រមូលលុយសម្រាប់តួនាទី ជាមេបញ្ជាការមូលដ្ឋានអាវុធហត្ថ ប្រចាំស្រុកស្វាយលើ ដើម្បីយកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ទាំងអំឡុងពេលរឹតបន្តឹង របស់រាជរដ្ឋាភិបាល ក្នុងការបង្ការបង្ក្រាប បទល្មើសដឹកជញ្ជូន ឈើខុសច្បាប់ ក៏ដូចជាពេលធម្មតា លោក យឹម សុភាព មានជំនាញ ក្តោបក្តាប់មុខសញ្ញាក្រុមឈ្មួញ ដែលរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ទាំងតូចទាំងធំ ឲ្យចូលទៅបង់លុយ គ្មានផលរមាស់អ្វីឡើយ។
ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើធំៗ មួយចំនួនដែលប្រើប្រាស់ ឡានយីឌុប មិនដែលហ៊ានមើលរំលង ពីឥទ្ធិពលអំណាចរបស់លោក យឹម សុភាព នោះទេ រៀងរាល់ពេលរៀបចំ ដឹកជញ្ជូនឈើឆ្លងកាត់ខេត្តសៀមរាប ត្រូវតែទំនាក់ទំនងជូនដំណឹងជាមុន អំពីប្រភេទឈើ និងចំនួនឈើឲ្យលោក យឹម សុភាព បានដឹង ហើយចរចាគ្នាទៅតាម សេវាកំណត់មួយ ពោលគឺបើលោក យឹម សុភាព អូខេទៅហើយនោះ ការដឹកជញ្ជូនឈើ នៅទូទាំងខេត្តសៀមរាប ទោះជាចេញតាមច្រកណាក៏ដោយ គ្មាននរណាហ៊ានប៉ះពាល់ទេ។ ឈ្មួញមួយចំនួនទៀត តែងតែពឹងអាស្រ័យសុំឲ្យលោក យឹម សុភាព ជួយរត់ការបើកផ្លូវ នាំឈើរបស់ពួកគេឆ្លងកាត់ខេត្តសៀមរាប ហើយគ្រប់ក្បួនរថយន្តដឹកជញ្ជូនឈើទាំងអស់ប្រសិនបើលោក យឹម សុភាព យល់ព្រមជួយរត់ការនាំផ្លូវនោះ មិនដែលមានឧបសគ្គទេ។
បន្ថែមពីលើអាជីពប្រមូលលុយ ពីការដឹកជញ្ជូនឈើខុសច្បាប់ យកទៅទ្រទ្រង់ឆ្នាំងបាយ របស់ថ្នាក់ដឹកនាំ អាវុធហត្ថខេត្តសៀមរាប ក៏ដូចជាប្រមូលយកទៅ ច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួន លោក យឹម សុភាព ក៏មានជំនាញនិងទេពកោសល្យ ក្នុងការរត់ការនាំក្បួនឡានដឹកឈើ ឆ្លងកាត់ទឹកដីខេត្តសៀមរាប យ៉ាងរលូនល្អបំផុត។ ប៉ុន្តែគេមិនច្បាស់ទេថា លុយដែលលោក យឹម សុភាព ទទួលពីក្រុមឈ្មួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ត្រូវបានឡើងឲ្យថ្នាក់លើ គ្រប់ចំនួនឬក៏យ៉ាងណានោះទេ ទន្ទឹមពេលដែលមន្ត្រីមួយចំនួន បានបង្ហើបឲ្យដឹងថា ក្នុងចំណោមលុយដែលប្រមូលបាន ពីជំនួញឈើខុសច្បាប់ គឺថ្នាក់ដឹកនាំអាវុធហត្ថខេត្តសៀមរាប ទទួលបានតែចំណែកតូចមួយ ពីលោក យឹម សុភាព។
គេចង់ឃើញមេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ជាពិសេសលោក ឃឹម ប៊ុនសុង ជាអភិបាលខេត្តសៀមរាប ធ្វើការពិនិត្យឡើងវិញ ពីភាពអនាធិបតេយ្យ និងភាពអសកម្មរបស់លោក យឹម សុភាព មិនគួរបណ្តែតបណ្តោយ ឲ្យលោក យឹម សុភាព ធ្វើអ្វីៗតាមតែទំនើងចិត្តនោះទេ ព្រោះវាជះឥទ្ធិពលមិនល្អ ដល់សមត្ថកិច្ចនិងមន្ត្រីស្អាតស្អំមួយចំនួនទៀត។ យ៉ាងណាក៏ដោយ ទាំងការដឹកជញ្ជូនឈើខុសច្បាប់ ឆ្លងកាត់ខេត្តសៀមរាប និងការបង្កើតទីតាំងស្តុកឈើ ប្រណីតនៅកណ្តាលក្រុងសៀមរាប ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យ បង្ហាញយ៉ាងច្បាស់ថា លោក យឹម សុភាព អាចប្រមូលលុយពី ការដឹកជញ្ជូនឈើខុសច្បាប់ ច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ យកទៅផ្គត់ផ្គង់ឆ្នាំងបាយ របស់ថ្នាក់លើ ៕
Source from: watphnom-news.com























Loading...




Post a Comment