
ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់បានមានប្រសាសន៍ឲ្យដឹង បន្ទាប់ពីប្រារព្ធទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣កន្លងមកថា អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញករណីសម្អាតប្រាក់ដ៏ធំមួយមិនធ្លាប់មាននៅកម្ពុជា មានចំនួនជាង៤០លានដុល្លារអាមេរិក ដែលប្រព្រឹត្តឡើងដោយជនបរទេស និងគូកនជាជនជាតិខ្មែរ សញ្ជាតិអាមេរិកាំងចំនួន២នាក់ ។
បុរសជនជាតិអង់គ្លេសម្នាក់ឈ្មោះ ហ្វ្រីយ៉េត ហ្គ្រេចថូម៉ាស់ "Freyett Grece Tomas" និងគូកនចំនួន២នាក់ទៀតជាជនជាតិខ្មែរ មានសញ្ជាតិអាមេរិក គឺឈ្មោះ អ៊ុំ សំអាង និងឈ្មោះ សឿម ដែននី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកសាងសំណុំរឿង បន្ទាប់ពីឃាត់ខ្លួនបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានតុលាការឃុំខ្លួនអស់រយៈពេលជាច្រើនខែមកហើយកាលពីដើមឆ្នាំ២០១៣ ក្រោមការចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ និងលាងលុយកខ្វក់ ។
ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ធ្លាប់បានមានប្រសាសន៍ថា ករណីសម្អាតប្រាក់ដ៏ធំមិនធ្លាប់មាននៅកម្ពុជានេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធស៊ើបអង្កេតអស់រយៈពេលជាង១ឆ្នាំ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យបាន ហើយអង្គភាពប្រឆាំងអំពើពុករលួយនឹងធ្វើការសាកសួរទៅលើមនុស្សជិត១០នាក់ផ្សេងទៀតដើម្បីចាត់ការបន្ត និងបញ្ជូនសំណុំរឿងទៅស្ថាប័នតុលាការ ។
ប្រភពពីអង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា បុរសជនជាតិអង់គ្លេសឈ្មោះ Freyett Grece Tomas បានស្នើសុំដីសម្បទានសេដ្ឋកិច្ចនៅខេត្តសៀមរាប ចំនួនជាង១.០០០ហិកតា កាលពីឆ្នាំ២០០៩ ដើម្បីដាំល្ហុងខ្វង ប៉ុន្តែមិនត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអនុញ្ញាតជាគោលការណ៍ទេ ។ ក្រោយមក បុរសរូបនេះបានយកផែនទីទីតាំងដីដេលខ្លួនស្នើសុំនោះក្លែងបន្លំឯកសារថា អាជ្ញាធរបានអនុញ្ញាតជាគោលការណ៍ទៅវិញ ហើយក៏យកប្លង់ដីនេះទៅលក់បន្តនៅប្រទេសអង់គ្លេសបានប្រាក់ចំនួនជាង៣០លានផោន "លុយអង់គ្លេស" ឬចំនួនជាង៤០លានដុល្លារអាមេរិក ។ អង្គភាពប្រឆាំងអំពើពុករលួយបនារកឃើញទៀតថា បុរសរូបនេះបានបង្កើតអង្គការចំនួន១៣ និងបង្កើតក្រុមហ៊ុនឯកជនចំនួន១០ក្រុមហ៊ុន ដើម្បីបោកប្រាក់ពីប្រទេសអង់គ្លេស យកមកចាយវាយនិងផ្ញើនៅធនាគារប្រទេសកម្ពុជាទៀតផង ៕

Source from: www.dtn7.com























Loading...




Post a Comment