
កាលពីជំនាន់រាជរដ្ឋាភិបាលនីតិកាលទី៤នៃរដ្ឋសភា ឯកឧត្តម ស៊ាន បូរ៉ាត ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩០៨/១០៥៧ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ។ លើសពីនេះ ឯកឧត្តម ស៊ាន បូរ៉ាត ក៏ត្រូវបានតែងតាំងផងដែរជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៤ មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមពីលើមុខងារជាអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៨/១០៨៣ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០០៨ ។
ក្រោយមក បន្ទាប់ពីមានការបង្កើតស្ថាប័នប្រឆាំងអំពើពុករលួយ "ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយ" ស្របតាមបញ្ញត្តិមាត្រា៥នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនោះ ឯកឧត្តម ស៊ាន បូរ៉ាត ត្រូវបានតែងតាំងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១០/៣៦៨ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១០ ។ និងបន្ទាប់មកទៀត ឯកឧត្តម ស៊ាន បូរ៉ាត ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១០/៤៦៦ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១០ ។
លុះឈានចូលមកដល់សម័យរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភានេះ ឯកឧត្តម ស៊ាន បូរ៉ាត ត្រូវបានតែងតាំងបន្តជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ និងរក្សាមុខតំណែងមួយទៀតជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានឋានៈស្មើរដ្ឋមន្ត្រីដដែល ។ មានន័យថា ឯកឧត្តម ស៊ាន បូរ៉ាត កាន់តំណែងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាស្ថាប័ននីតិប្រតិបត្តិផង និងកាន់តំណែងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយផង ។
ដូច្នេះ មានសំណួរមួយដែលត្រូវចោទសួរគឺ ឧទាហរណ៍ថា ឯកឧត្តម ស៊ាន បូរ៉ាត ក្នុងនាមជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រព្រឹត្តអំពើពុករលួយ តើឯកឧត្តមរូបនេះហ៊ានប្រឆាំងចំពោះខ្លួនឯងដែរឬទេ ក្នុងនាមជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ? ម្យ៉ាងទៀត តើមានរង្វាស់រង្វាល់អ្វីដើម្បីបញ្ជាក់ឲ្យឃើញថា ឯកឧត្តម ស៊ាន បូរ៉ាត ជាមន្ត្រីស្អាតស្អំ មិនប្រព្រឹត្តអំពើពុករលួយនៅពេលដែលប្រាក់បៀវត្សរ៍មន្ត្រីរាជការមានកម្រិតដូចសព្វថ្ងៃ ហើយឯកឧត្តម ស៊ាន បូរ៉ាត កំពុងរស់នៅក្នុងជីវភាពយ៉ាងហ៊ឺហា មានទាំងទ្រព្យសម្បត្តិ មានទាំងអំណាចនោះ ?
ទោះយ៉ាងណាក៏ដោយ មជ្ឈដ្ឋានទូទៅមិនមានជំនឿទុកចិត្តឡើយ នៅពេលដែលមន្ត្រីតែម្នាក់ដៃម្ខាងបំពេញការងារជាសមាជិករាជរដ្ឋាភិបាល មានតំណែងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងដៃម្ខាងទៀតកាន់ដាវប្រឆាំងអំពើពុករលួយ ក្នុងនាមជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាហេតុធ្វើឲ្យដំណើរការប្រឆាំងអំពើពុករលួយនៅកម្ពុជាគ្មានប្រសិទ្ធភាព ៕

Source from: www.dtn7.com























Loading...




Post a Comment